ឯក​ឧត្តម​ សៅ សុខា​ និយាយ​ពី​បញ្ហា​កីឡាករ​​បាល់ទាត់​​កម្ពុជា​ធ្ងន់​ៗ​​

  • 2018-08-13 04:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​​​ប្រកាស​តែង​តាំង​​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​ Keisuke Honda ជា​​អ្នក​គ្រប់​គ្រង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ថ្មី​កាល​ពី​ម្សិល​មិញ​ ​ឯក​ឧត្តម​ សៅ​ សុខា​ ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​​កម្ពុជា​មាន​ប្រសាសន៍​ធ្ងន់​ៗ​ជុំ​វិញ​​ប្រជា​ប្រិយភាព​ក្រុម​ជម្រើស​ជាតិ​ និង​​បញ្ហា​កីឡាករ​​​កម្ពុជា។

ពិធី​ប្រកាស​តែង​តាំង Honda ជា​គ្រូ​បង្គោលក្រុម​បាល់ទាត់កម្ពុជា

ពេល​អ្នក​កាសែត​ចោទ​សួរ​ថា​ ការ​តែង​តាំង​ Keisuke Honda ​​ជា​គ្រូ​បង្គោលថ្មី​ តើ​អាច​ជា​ផ្នែក​មួយ​ជួយ​លើក​​កម្ពស់​ប្រជា​ប្រិយភាព​​បាល់ទាត់​កម្ពុជា​វិញ​ទេ​ ដោយ​សារ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ហាក់​មាន​ការ​ធ្លាក់​ចុះ? ឯកឧត្តម​ សៅ សុខា បាន​រៀប​រាប់​​ដើម្បី​ឆ្លើយ​តប​នឹង​សំនួរ​នេះ​ថា​ ចំពោះ​ប្រជា​ប្រិយភាព​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ ជា​ការ​ពិត​មាន​ការ​​ធ្លាក់​ចុះ​មែន។ ក្រុម​បាល់ទាត់​កម្ពុជា​​​ម្តង​ឡើង​ខ្លាំង​ ម្តង​ក៏​ធ្លាក់​ចុះ​។ ​បើ​និយាយ​មែន​ទែន​ទៅ​ ​ពេល​លេង​ជា​មួយ​ក្រុម​ខ្សោយ​ឈ្នះ​ ប៉ុន្តែ​លេង​ជា​មួយ​ក្រុម​ខ្លាំង​ចាញ់។ នេះ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ថយ​ចុះ​​ផង​ដែរ។

ឯកឧត្តម សៅ សុខា ចាប់ដៃ Honda

ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​រូប​នេះ​បន្ត​ថា​ ៖«មួយ​ផ្នែក​ទៀត​ពាក់​ព័ន្ធ​​​នឹង​បញ្ហា​កីឡាករ​របស់​​យើង។ កីឡាករ​ខ្មែរ​យើង​តែ​ម្តង។ កីឡាករ​ត្រូវ​ដឹង​ខ្លួន​ឯង​​ ព្រោះ​លេង​បាល់​ កើត​មក​ហើយ​ ប្រើ​ពេល​វេលា​បី​បួន​ដប់​ឆ្នាំ​ ប៉ុន្តែ​បើ​មិន​សូវ​ឲ្យ​តម្លៃ​ពលកម្ម​ដែល​ខ្លួន​ធ្វើ​រាល់​ថ្ងៃ​​ អីចឹង​ពិបាក​ណាស់។ ឥឡូវ​ទោះ​បី​ជា​គ្រូ​ យើង​បាន​ដឹង​ហើយ​ គ្រូ​បាល់ទាត់​កម្ពុជា​របស់​យើង​។ យើង​មាន​គ្រូ​ប្រចាំ​អចិន្ត្រៃយ៍​ យើង​មាន​គ្រូ​មក​ពី​កន្លែង​ផ្សេង​ៗ​ គ្រូ​ខ្លះ​គេ​ល្បី​ មាន​កេរ្តិ៍​ឈ្មោះ​ ប៉ុន្តែ​ពេល​មក​បង្ហាត់​ក្រុម​បាល់ទាត់​កម្ពុជា​ មិន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។ ដូច្នេះ​ហើយ​លទ្ធផល​ឈ្នះ​ ចាញ់ មិន​មែន​ស្ថិត​នៅ​លើ​គ្រូ​ទាំង​ស្រុង​នោះ​ទេ​គឺ​​លើ​កីឡាករ»។

«ខ្ញុំ​គិត​ថា​ បច្ចេកទេស​អន់ ឬ​ខ្សោយ​មិន​សំខាន់​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​ឆន្ទៈ​នៃ​ការ​លេង។ លេង​បាល់ទាត់​ខ្លួន​ឯង​ ទាល់​តែ​មាន​ឆន្ទៈ​ខ្លួន​ឯង​ បើ​ថា​ ចង់​លេង​ក៏​បាន មិន​ចង់​លេង​​ក៏​បាន អាហ្នឹង​ពិបាក​ហើយ។ សូម​ទោស​ ​ដើម្បី​ឲ្យ​គេ​ជួយ​យើង​បាន​ លុះ​ត្រា​តែ​យើង​ជួយ​ខ្លួន​ឯង​​ជា​មុន​សិន។ បើ​សិន​ខ្លួន​ឯង​មិន​​ដេក​លក់​សោះ​ ហើយ​ធ្វើ​ដេក​លក់​ អីចឹង​ពិបាក​ហើយ»។

ឯកឧត្តម សៅ សុខា ជួប​ក្រុ្ម​កម្ពុជា​ពេល​ប្រកួត​ឈ្នះ​អាហ្វហ្គានីស្ថាន

កីឡា​បាល់ទាត់​កម្ពុជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ពី​មហា​ជន​​​តាំង​ពី​ឆ្នាំ​២០១៥​​តាម​រយៈ​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​ និង​ AFC Asian Cup ក៏​ដូច​ជា​មិត្តភាព​អន្តរជាតិ។ ពេល​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ រាល់​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​ និង​មិត្តភាព​អន្តរជាតិ​ អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​​ស្ទើរ​ពេញ​​ៗ​ពហុ​កីឡដ្ឋាន​ជាតិ។ ប៉ុន្តែ​ចាប់​តាំង​ពី​​ចុង​ឆ្នាំ​២០១៧​មក​ សកម្មភាព​​បាល់ទាត់​កម្ពុជា​ហាក់​ស្ងប់​ស្ងាត់​ទៅ​វិញ​ ខណៈ​លទ្ធផល​មិន​សូវ​ល្អ​ប្រសើរ​ ហើយ​គ្រូ​បង្វឹក​ក៏​ផ្លាស់​ប្តូរ​ញឹកញាប់៕

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទថ្មី