មកស្ដាប់សម្ដីពិតដ៏រំជួលចិត្ត ពីក្មេងប្រុស២រូបហ៊ានបើកម៉ូតូ វែកផ្លូវសង្គ្រោះជីវិតមនុស្ស

  • 2018-09-04 10:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​មួយ​កំពុង​ល្បីល្បាញ​ពេញ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​នៅ​កម្ពុជា ពី​ក្មេង​ប្រុស​២​រូប​ហ៊ាន​បើក​ម៉ូតូ​នាំ​មុខ​ឡាន​សង្គ្រោះ​បន្ទាន់​មួយ ​ដែល​មាន​មនុស្ស​កំពុង​ស្រែក​យំ​ក្នុង​ឡាន​សង្គ្រោះ​នោះ ព្រោះ​ម៉ោង​៥​ល្ងាច​​ជា​ពេល​វេលា​ដែល​ផ្លូវ​កំពុង​ពេញ​ស្ទះ​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ។

សកម្មភាពយុវជនទាំង២កំពុងបើកម៉ូតូវែកផ្លូវ

ឆ្លើយឆ្លង​ជាមួយ​ Sabay នៅ​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ យុវជន​វ័យ​១៨​ឆ្នាំ សុខលី ម៉ារាឌី គឺ​ជា​អ្នក​កាន់​ដៃ​ចង្កូត​ម៉ូតូ ខណៈ​មិត្ត​ភក្ដិ​ម្នាក់​ទៀត​ឈ្មោះ ម៉ែន វាសនា អាយុ​១៨​ឆ្នាំ​ដូចគ្នា​ជា​អ្នក​សម្រួល​ចរាចរណ៍​នា​ពេល​នោះ។ ម៉ារាឌី បាន​រៀបរាប់​ទាំង​អារម្មណ៍​ក្ដុកក្ដួល​ថា ពេល​នោះ​ខ្លួន​ និង​មិត្ត​ភក្ដិ​កំពុង​ជិះ​ទៅ​រក​ទិញ​អី​ញ៉ាំ​នៅ​ទួល​ទំពូង ស្រាប់​តែ​ប្រទះ​ឃើញ​ឡាន​សង្គ្រោះ​បន្ទាន់​មួយ កំពុង​ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​នៅ​ម្ដុំ​ស្តុប​ពេទ្យ​ចិន លើ​មហាវិថី​ព្រះ​មុនីវង្ស។ ដោយ​ទ្រាំ​មើល​ស្ថានការណ៍​ដ៏​លំបាក​នេះ​មិន​បាន​ខ្លួន និង​មិត្ត​ភក្ដិ​ឯកភាព​គ្នា​ថា ត្រូវ​តែ​ជួយ​សម្រួល​រហូត​ដល់​គោល​ដៅ​ទោះបី​ជា​មិន​ត្រូវ​ជា​អ្វី​ជាមួយ​នឹង​គ្នា​ក៏ដោយ។

យុវជន សុខលី ម៉ារាឌី

យុវជន​ដែល​ទើប​ប្រឡង​បញ្ចប់​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ​បន្ត​ថា មូល​ហេតុ​ដែល​ខ្លួន និង​មិត្ត​ភក្ដិ​សម្រេច​ចិត្ត​ជួយ​សម្រួល​ចរាចរណ៍​នៅ​ពេល​នោះ ព្រោះ​តែ​ចង់​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ ដោយ​មិន​ចង់​បាន​អ្វី​តប​ស្នង​មក​វិញ​ឡើយ​ គឺ​ជួយ​ដោយ​ចេញ​ពី​ទឹក​ចិត្ត​ពិត​ប្រាកដ។ រាឌី​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «បាទ​បង​ខ្ញុំ​មាន​អារម្មណ៍​ថា ឪពុកគេ​ឪពុក​យើង​ ម្ដាយ​គេ​ម្ដាយ​យើង គឺ​ជា​ជីវិត​មួយ​ដូច​តែ​គ្នា​គ្មាន​នរណា​ម្នាក់​ចង់​បាត់បង់​សមាជិក​គ្រួសារ​ឡើយ ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​អាច​ជួយ​អ្វី​បាន​ឡើយ ក្រៅ​ពី​ធ្វើ​ម៉េច​ឲ្យ​ឡាន​សង្គ្រោះ​បន្ទាន់​បាន​ឆាប់​ទៅ​ដល់​មន្ទីរពេទ្យ​តែ​ប៉ុណ្ណោះ។»

យុវជន ម៉ែន វាសនា

សិស្ស​វិទ្យាល័យ​ជាស៊ីមសន្ធរម៉ុក​រូប​នេះ​រៀបរាប់​ទៀត​ថា កន្លង​មក​ខ្លួន​ធ្លាប់​បាន​ជួយ​បែប​នេះ​ម្ដង​រួច​មក​ហើយ ពេល​កំពុង​ជិះ​ម៉ូតូ​ទៅ​សាលា ហើយ​ឃើញ​ឡាន​សង្គ្រោះ​បន្ទាន់​មួយ​កំពុង​កកស្ទះ​ចរាចរណ៍​ខ្លាំង រហូត​ដល់​មន្ទីរពេទ្យ​រុស្ស៊ី។ ចំពោះ​លើក​នេះ ខ្លួន និង​មិត្ត​សម្លាញ់​រៀន​នៅ​វិទ្យាល័យ​ជាមួយ​គ្នា​ឈ្មោះ វាសនា បាន​ធ្វើ​អំពើ​ល្អ​រួម​គ្នា ដោយ​បាន​ជួយ​សម្រួល​តាំង​ពី​ស្តុប​ពេទ្យ​ចិន រហូត​ដល់​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ក្បែរ​ពេទ្យ​រុស្ស៊ី ដោយ​ចំណាយ​ពេល​ទាំង​ពី​ម៉ោង​៥ រហូត​ដល់​ម៉ោង​៦​ល្ងាច។

ទន្ទឹម​នឹង​នេះ​រាឌី និង​វាសនា សូម​បកស្រាយ​មូលហេតុ​ដែល​ពួកគេ​មិន​បាន​ពាក់​មួក​សុវត្ថិភាព ព្រោះ​ពេល​នោះ​គិត​ថា​គ្រាន់​តែ​ទៅ​ទិញ​អីញ៉ាំ​នៅ​ក្បែរ​ៗ​នោះ ដោយ​ផ្ញើ​មួក​សុវត្ថិភាព​ជាមួយ​មិត្ត​ភក្ដិ​ផ្សេង​ទៀត ហើយ​ស្រប​ពេល​នោះ​ក៏​ជួប​ករណី​បន្ទាន់​បែប​នេះ ទើប​សម្រេច​ចិត្ត​បើក​ម៉ូតូ​សង្គ្រោះ​ជីវិត​មនុស្ស​ទាំង​មិន​បាន​ពាក់មួក​សុវត្ថិភាព។

សុខលី ម៉ារាឌី និងមិត្តភក្ដិ ម៉ែន វាសនា

ដោយ​ឡែក​លោក សោម ភីរឿន គឺ​ជា​កូន​ប្រុស​បង្កើត​ដែល​មាន​​ឪពុក​គឺ​ជា​អ្នក​ជំងឺ​នៅ​ក្នុង​ឡាន​សង្គ្រោះ​បន្ទាន់​នោះ។ លោក ភីរឿន បាន​ប្រាប់​សប្បាយ​ថា ពេល​នោះ​ឡាន​សង្គ្រោះ​បន្ទាន់​បាន​បើក​ចេញ​​ពី​មន្ទីរពេទ្យ​ឯកជន​មួយ ឆ្ពោះ​ទៅ​កាន់​ពេទ្យ​ឯកជន​មួយ​ទៀត នៅ​ក្បែរ​ពេទ្យ​រុស្ស៊ី​ ដែល​ឪពុក​លោក​មាន​ជំងឺ​គ្រួស​ក្នុង​ប្រមាត់​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ លោក​ពិត​ជា​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​នៅ​ពេល​ឃើញ​សកម្មភាព​ក្មេង​ប្រុស​២​រូប កំពុង​តែ​ជួយ​សម្រួល​ចរាចរណ៍​ទាំង​ពួក​គេ​មិន​មែន​ជា​សាច់​ញាតិ​អ្វី​ជាមួយ​គ្រួសារ​លោក​សោះ។

អ្នក​មក​ពី​ខេត្ត​ព្រះសីហនុ​រូប​នេះ​បន្ត​ថា ពេល​នេះ​លោក​បាន​ទាក់ទង​ទៅ​យុវជន​ទាំង​២​រូប​ខាង​លើ​នេះ​ហើយ ដើម្បី​ជួប​សម្ដែង​ការ​អរគុណ និង​មាន​ជា​សគុណ​ជូន​ដល់​ប្អូន​ទាំង​២​ទៀត​ផង។ ខណៈ​នេះ​ដែរ​ឪពុក​របស់​លោក​បាន​ចេញ​ពី​បន្ទប់​សង្គ្រោះ​បន្ទាន់​ហើយ និង​កំពុង​តាមដាន​ស្ថានភាព ដើម្បី​ត្រៀម​ធ្វើ​ការ​វះកាត់​បន្ត​ទៀត៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ