កាសែតល្បី របស់អង់គ្លេស Independent UK ៖ ចុះផ្សាយពី តំបន់ឆ្នេរសមុទ្រ ស្រស់ស្អាតបំផុតនៅ កម្ពុជា

  • 2024-12-27 04:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលសម្បូរទៅដោយតំបន់ទេសចរណ៍ គ្រប់សណ្ឋាន។ មានប្រាសាទបុរាណ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO មានតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និង មានតំបន់់ទេសចរណ៍ ផ្សងព្រេងតាមបែបលក្ខណៈព្រៃភ្នំ ធម្មជាតិ ជាកត្តាជម្រុញជួយដល់វិស័យទេសចរណ៍ជាតិ។

ខាងក្រោមនេះ ជាឆ្នេរសមុទ្រស្រស់ស្អាតបំផុត នៅក្នុងប្រទេសកម្ពុជា ៖

១. ឆ្នេរ ឡុងបុិច Long Beach (សុខសាន្ត), កោះរ៉ុង

ឆ្នេរ Long Beach ស្ថិតនៅលើកោះរ៉ុង ដែលមានឆ្នេរខ្សាច់ស ក្បុស ប្រវែងជាង ៧ គីឡូម៉ែត្រ ជាមួយនឹងទឹកសមុទ្រដ៏ខៀវថ្លា។ ខណៈពេលដែល កោះតូច (Koh Toch) ជាកន្លែងពេញនិយមសម្រាប់ភ្ញៀវទេសចរ backpackers និង អ្នកចូលចិត្តច្រៀងរាំ កម្សាន្ត ប៉ុន្តែ ឆ្នេរ Long Beach ជាកន្លែងសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់។

អ្វីដែលពិសេស នៅឆ្នេរនេះ សម្បូរទៅដោយអាហារ និង ភេសជ្ជៈ ក៏ដូចជា bungalows រួមជាមួយនឹងការមកដល់នៃសណ្ឋាគារថ្មីលំដាប់ផ្កាយ ៥ Royal Sands។

២. Lonely Beach, កោះរ៉ុង

ឆ្នេះ Lonely Beach ហាក់នៅឆ្ងាយពីគេបន្តិច ដោយវាស្ថិតនៅភាគខាងជើង នៃកោះរ៉ុង។ ឆ្ងាយពី កន្លែងកម្សាន្តផ្សេងៗ ដូចជា បារ ឆ្នេរនេះពិតជាអំណោយផល សម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់ គយគន់សម្រស់ថ្ងៃលិច និង បរិភោគគ្រឿងសមុទ្រស្រស់ៗ នាពេលល្ងាច។

៣. កោះទន្សាយ (Rabbit Island)

ជាកោះដែលមានទំហំតូច ប៉ុន្តែមានទេសភាពធម្មជាតិ ស្រស់ស្អាត ផ្តល់នូវបរិយាកាសមួួយយ៉ាងមនោរម្យ សម្រាប់គយគន់ និងប្រើប្រាស់ជីវិតជាមួយធម្មជាតិ។ នៅលើកោះនេះ មិនមានសណ្ឋាគារប្រណិតនោះទេ ចំណែកការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែត ក៏មានកម្រិតផងដែរ។ លោកអ្នកអាចធ្វើដំណើរមកកាន់កោះទន្សាយ បានតាមរយៈការជិះទូកឆ្លងមកពីខេត្តកែប ដោយចំណាយពេលប្រមាណ ២០នាទីប៉ុណ្ណោះ។

៤. Long Set Beach, កោះរ៉ុង

ឆ្នេរ Long Set Beach ស្ថិតនៅក្នុងកោះរ៉ុង មាននូវឆ្នេរខ្សាច់ស ស្អាត ជាមួយនឹងទឹកសមុទ្រគួរឱ្យចង់មុជកម្សាន្តលេង។ ឆ្នេរនេះ ហ៊ុំព័ទ្ធទៅដោយ ព្រៃខៀវស្រងាត់ ជាមួយនឹងដើមចន្ទី ដើមស្វាយ និង ដើមដូង ប្រាកដជាធ្វើឱ្យអារម្មណ៍លោកអ្នក បានធូរស្រាយពីទុក្ខកង្វល់ ជាក់ជាមិនខាន នៅពេលដែលបានមកសម្រាកកម្សាន្តនៅទីនេះ។

៥. Lazy Beach, កោះរ៉ុងសន្លឹម

កោះរ៉ុង សន្លឹម ប្រៀបបានជាបងប្អូន របស់កោះរ៉ុង ដែរ។ នៅទីនេះ មានឆ្នេរខ្សាច់ និង ទឹកសមុទ្រស្អាតគួរឱ្យគយគន់។ លោកអ្នកអាចធ្វើដំំណើរពីខេត្តព្រះសីហនុ តាមរយៈទូក មកកាន់ ឆ្នេរ Lazy Beach ដោយចំណាយពេលប្រហែល ៤០ នាទី។

៦. Saracen Bay, កោះរ៉ុងសន្លឹម

ជាឆ្នេរមួយ ដ៏ទាក់ទាញ នៅលើកោះរ៉ុងសន្លឹម មានភ្ញៀវទេសចរជាច្រើនបានមកកម្សាន្ត នៅទីនេះ។ នៅទីនេះ មានឆ្នេរខ្សាច់ដ៏ស្រស់ស្អាត ប្រវែង ២,៥ គីឡូម៉ែត្រ។ ទឹកសមុទ្រថ្លាដូចកញ្ចក់ លោកអ្នកអាចទទួលទាន ត្រីស្រស់ៗ ដែលរកបានពីបងប្អូនប្រជានេសាទ និង ហូបទឹកដូងស្រស់ៗ ផ្អែមត្រជាក់ដល់បេះដូង។

ប្រភព៖ Independent   ប្រែសម្រួល ៖ គីម ណារ៉ាក់