Honda និង Nissan ត្រៀមចាប់ដៃគ្នា រួមបញ្ចូលជាក្រុមហ៊ុនតែមួយ ដើម្បីប្រជែងទីផ្សារជាមួយ រថយន្តចិន

  • 2024-12-26 07:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda និង Nissan បានប្រកាសអំពីគម្រោងក្នុងការសហការរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ នៅក្នុងឆ្នាំ ២០២៦ ខាងមុខនេះ។ បើសិនជាការចរចារ រវាង Honda និង Nissan ទទួលបានជោគជ័យ ក្នុងការរួមបញ្ចូលគ្នាជាក្រុមហ៊ុនតែមួយ នោះពួកគេ នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេ លំដាប់ទី ៣ នៅលើពិភពលោក។

Mitsubishi Motors ដែល Nissan កាន់កាប់ភាគហ៊ុន ២៤ភាគរយ នៅក្នុងនោះដែរ ក៏នឹងអាចរួមបញ្ចូលជាក្រុមហ៊ុនតែមួយ ជាមួយ Honda និង Nissan ផងដែរ។ លោក Toshihiro Mibe នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Honda បាននិយាយថា “ការកើនឡើងនៃ ក្រុមហ៊ុនផលិតរថយន្តរបស់ចិន និង ក្រុមហ៊ុនឡានថ្មីៗ បានផ្លាស់ប្តូរវិស័យយានយន្ត ស្ទើរតែទាំងស្រុង”។ លោក បន្តថា “ពួកយើងត្រូវតែរួមគ្នា ដើម្បី ប្រជែងជាមួយក្រុមហ៊ុនផលិតរថយន្តរបស់ចិន បើមិនដូច្នោះទេ ពួកយើង នឹងត្រូវរងបរាជ័យ ក្រោមដៃពួកគេជាក់ជាមិនខាន”។

លោក Toshihiro Mibe នាយកប្រតិបត្តិ Honda

ចំណូលពីការលក់សរុបរបស់ Honda និង Nissan គឺក្នុងរង្វង់ទឹកប្រាក់រហូតដល់ទៅ ១៩១ ពាន់លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ពីលោក Makoto Uchida នាយកប្រតិបត្តិរបស់ Nissan។ លោក បន្តថា “ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនផលិតឡានធំទាំង ២ របស់ជប៉ុន នឹងផ្តល់ជាជម្រើសឡានយ៉ាងពិសេសមួយ ទៅកាន់អតិថិជន ដែលកត្តានេះយើង មិនអាចធ្វើតែម្នាក់ឯងបានទេ”។

លោក Makoto Uchida នាយកប្រតិបត្តិ Nissan

គួរបញ្ជាក់ថា កាលពីខែ មិនា ឆ្នាំ ២០២៤ កន្លងទៅ ក្រុមហ៊ុនផលិតឡានរបស់ជប៉ុនទាំង ២ បានឯកភាពគ្នា ក្នុងការធ្វើជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សម្រាប់រថយន្តអគ្គសនី (EV Car)៕

ប្រភព៖ CNBC   ប្រែសម្រួល ៖ គីម ណារ៉ាក់

អត្ថបទថ្មី