អ៊ុំ សេរីរ័ត្ន នឹង​ត្រូវ​ទៅ​វៀតណាម ដើម្បី​មើល​របួស​ជង្គង់​

  • 2018-10-02 02:54:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាំ​ទី​​ឆ្នើម​របស់​កម្ពុជា អ៊ុំ សេរីរ័ត្ន នឹង​ត្រូវ​ទៅ​វៀតណាម​ក្រោយ​​បុណ្យ​ភ្ជុំបិណ្ឌ​ ដើម្បី​មើល​របួស​សរសៃ​ជង្គង់​របស់​ខ្លួន​ បន្ទាប់​ពី​ព្យាបាល​នៅ​កម្ពុជា​មួយ​​រយៈ​មិន​​បាន​ធូរស្រាល​។

អ៊ុំ សេរីរ័ត្ន

​​តារា​ឆ្នើម​របស់​ក្រសួង​ការពារ​ជាតិ​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ព្យាបាល​មួយ​រយៈ​នេះ​មិន​ជា​សះស្បើយ​ឡើយ ពោល​ត្រូវ​ទៅ​វៀតណាម​វិញ​ម្ដង ដើម្បី​​ថត​មើល​ឲ្យ​ច្បាស់​ថា ត្រូវ​វះកាត់​ឬ​មួយ​យ៉ាង​ណា។ រូប​គេ​បាន​សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង សម្រាប់​ការ​ប្រកួត​សំខាន់​របស់​ការពារ​ជាតិ​ទល់​ប៉ូលិស​ក្នុង​ជំនួប​ផ្ដាច់​ព្រ័ត្រ Hun Sen Cup និង​​មិន​អាច​ទទួល​បាន​ឱកាស​ជាប់​ជម្រើស​ជាតិ ដោយ​សារ​បញ្ហា​របួស​មួយ​នេះ។

សេរីរ័ត្ន បាន​សម្រាក​​ព្យាបាល​របួស​ជង្គង់​នេះ​កាល​អំឡុង​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ​២០១៨ ហើយ​​ពេល​នេះ​ក៏​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ការ​ព្យាបាល​នៅ​វៀតណាម​វិញ​ម្ដង។ អ្នក​ចាំ​ទី​រូប​នេះ​តែង​មាន​មុខ​សឹង​រាល់​ដង​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​២៣​នាក់​ចុង​ក្រោយ​របស់​ជម្រើស​ជាតិ​កម្ពុជា តែ​កាល​ប៉ះ​ម៉ាឡេស៊ី​ ដែល​កម្ពុជា​ចាញ់​៣-១​នោះ​ សេរីរ័ត្ន ​មិន​​បាន​ជាប់​ឈ្មោះឡើយ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី