នារីខ្មែរ២នាក់បោះជំហានចូលយកសញ្ញាបត្រគ្រូ A-Lilences ដំបូងនៅកម្ពុជា
- 2018-11-13 04:02:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីខ្មែរ២នាក់បោះជំហានចូលយកសញ្ញាបត្រគ្រូ A-Lilences ដំបូងនៅកម្ពុជា
ចន្លោះមិនឃើញ
គ្រូបង្វឹកបាល់ទាត់នារីខ្មែរ២នាក់បានចុះឈ្មោះចូលរៀនសញ្ញាបត្រកម្រិត A-License ដែលនឹងចាប់ផ្តើមរៀនពីរដំណាក់កាលគឺដំណាក់កាលទី១ពីថ្ងៃទី១៨ ដល់៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ និងដំណាក់កាលទី២ពីថ្ងៃទី១៥ ដល់ ២៧ ខែមីនា ឆ្នាំ២០១៩។
គ្រូបង្វឹកបាល់ទាត់នារី ម៉ៅ សាវិន មកពីអង្គការសលត៍ខេត្តបាត់ដំបង និង ឈឿន នីផា មកពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាស្ថិតក្នុងចំណោមសិក្ខាកាមទាំង២៤នាក់ដែលត្រូវរៀនវគ្គកម្រិត A-License កម្រិតអាស៊ី។ មុនពេលឈានចូលកម្រិត A នេះ គ្រូបង្វឹកនារីទាំងពីរនាក់ ក៏ដូចជាគ្រូបុរសក្នុងបញ្ជីឈ្មោះរៀនវគ្គនេះសុទ្ធតែមានសញ្ញាបត្រកម្រិត B-License រួចហើយ។
លោក កែវ សារ៉េត អគ្គលេខាធិការនៃសហព័ន្ធបាល់ទាត់កម្ពុជាបានប្រាប់ Sabay ថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មានគ្រូបង្វឹកបាល់ទាត់ផ្នែកនារីកម្រិត A-License ឡើយ។ នេះជាលើកដំបូងហើយដែលមាននារីឈានចូលរៀនដល់កម្រិត A។ ប្រសិនបើស្ត្រីទាំងពីរបានបញ្ចប់វគ្គសិក្ខាខាងមុខបានដោយជោគជ័យគឺមានន័យថា ពួកគេនឹងក្លាយជាគ្រូបង្វឹកនារីខ្មែរដំបូងដែលមានសញ្ញាបត្រកម្រិត AFC A-License។
អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជារូបនេះបញ្ជាក់ថា សម្រាប់វគ្គសិក្សា AFC A-License Certificate Coaching Couse នេះគឺបង្រៀនដោយគ្រូបង្វឹកជំនាញដែលចាត់បញ្ជូនឲ្យមកដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)។ ចំពោះនៅកម្ពុជាមិនទាន់មានគ្រូបង្ហាត់ដែលអាចបង្រៀនកម្រិត A-License ឡើយ៕