Cambodia All Stars ​ឆ្នាំនេះ​ ​នឹង​អវត្តមាន​កីឡាករ​សំខាន់​២​រូប​របស់​កម្ពុជា

  • 2019-01-17 04:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់ Cambodia All Stars ​ដែល​ដឹក​នាំ​ដោយ​លោក ភា សុភក្ត្រា ​នឹង​ត្រូវ​បើក​ទ្វា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ស្វាគមន៍​ក្រុម​ភ្ញៀវ Muangthong United ​នៅ​ថ្ងៃ​ទី​៩​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​ខាង​មុខ​នេះ។

បើ​តាម​ការ​បញ្ជាក់​របស់​គ្រូ​បង្វឹក​ក្រុម ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៥​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ខាង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​រួច​ជា​ស្រេច​ទៅ​ហើយ។ ក្នុង​នោះ​ដែរ ​ការ​ជ្រើសរើស​ត្រូវ​បាន​លោក ភា សុភក្ត្រា ​មើល​ទៅ​លើ​ទម្រង់​របស់​ពួកគេ​កាល​ពី​រដូវ​កាល​មុន។ មួយ​វិញ​ទៀត ​កីឡាករ​បរទេស​យក​តែ​៤​នាក់​ប៉ុណ្ណោះ ​ដោយ​លោក​ចង់​ឱ្យ​កីឡាករ​កម្ពុជា​មាន​ឱកាស​បាន​ចូល​លេង​ច្រើន​ក្នុង​ការ​ប្រកួត​ទល់​ក្រុម​ខ្លាំង​មក​ពី​ថៃ​នេះ។

យ៉ាងណាមិញ ​លោក​បាន​បញ្ជាក់​ទៀត​ថា ​កីឡាករ​សំខាន់​របស់​កម្ពុជា​២​រូប ​អាច​នឹង​មិន​បាន​ចូល​លេង​ឡើយ។ ចាន់ វឌ្ឍនាកា ​ទើប​តែ​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​នៅ​ម៉ាឡេស៊ី ​ដូច្នេះ​រូបគេ​ត្រូវ​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ថ្មី។ ខណៈ​ដែល ធារី ចន្ធាបីន ​វិញ ​ក៏​ដូច​គ្នា ​សុទ្ធ​តែ​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​ចូល​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​រដូវ​កាល​ថ្មី។ មួយ​វិញ​ទៀត ​ការ​ប្រកួត​មិត្តភាព​ខាង​លើ​មិន​ចំ​ថ្ងៃ FIFA Day ​ផង ទើប​ពិបាក​ក្នុង​ការ​នាំ​យក​រូបគេ​មក​ណាស់។

ដោយ​កីឡាករ​ទាំង​២៥​នាក់​ខាង​លើ​នេះ ​ត្រូវ​បាន​លោក ភា សុភក្ត្រា ​ជ្រើស​រើស​ទៅ​តាម​ទម្រង់​លេង​របស់​លោក​ដែល​ធ្លាប់​ប្រើ​គឺ ៤-២-៣-១។ ការ​ប្រមូល​ផ្ដុំ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤​ខែ​កុម្ភៈ ​ហើយ​ថ្ងៃ​ទី​៦​នឹង​ត្រូវ​ប្រកួត​មិត្តភាព​១​ប្រកួត​សិន ​មើល​ជើង​កីឡាករ ​មុន​សម្រេច​ទៅ​ប្រកួត​មិត្តភាព​ផ្លូវការ​នៅ​ថ្ងៃ​ទី​៩​ខែ​កុម្ភៈ​ឆ្នាំ​២០១៩៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី