រឿងមិនគួរឲ្យជឿ! បុរសម្នាក់​វិះត្រូវ​ប៉ូលិសផាក និង​ដកបណ្ណ​បើក​បរ​ក្រោយ​ហូបទុរេនហើយ​បើក​បរ​

  • 2019-05-03 08:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសជនជាតិ​ចិន​ម្នាក់​ស្ទើរ​តែ​ត្រូវ​ប៉ូលិស​ផាក​អស់​ប្រាក់មួយ​ចំនួន និង​ត្រូវ​ដក​ហូត​បណ្ណ​បើក​បរ​ផង​ក្រោយពី​ហូបទុរេន​ហើយ​បើក​បរ។

លោក​Jiang ត្រូវ​បានប៉ូលិស​ក្រុងNantong ខេត្ត​Jiangsu​ហៅ​ឈប់​ដើម្បី​វាស់​ជាតិ​អាល់កុល​កាល​ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩​។ ប៉ូលិសបាន​រកឃើញ​ថា​គាត់មាន​ជាតិអាល់​កុល​ក្នុង​ឈាម​ចំនួន​៣៤មីលីក្រាម​លើ​១០០០មីលី​លីត្រ។

តាម​ច្បាប់​នៅ​ប្រ​ទេសចិន​អ្នក​បើក​បរ​ត្រូវ​កំណត់​ឲ្យ​មានជាតិអាល់​កុល​មិន​លើពី​២០មីលី​ក្រាមក្នុង​១០០០មីលីលីត្រ​ឈាម។ ករណី​បុរសនេះលោក​ត្រូវ​ប្រ​ឈមនឹងការ​ផាក​ពិន័យជាប្រាក់​ប្រហែល​​១៤៩​ដុល្លារអាមេរិក និងត្រូវ​ដកបណ្ណបើកបរ​ចំនួន​ប្រាំមួយខែ។

លោក Jiang បាន​ជំទាស់ទៅ​នឹង​ការ​រក​ឃើញ​របស់​សមត្ថកិច្ចដោយ​អះអាងថា​លោក​មិនបាន​ទទួលទានគ្រឿង​ស្រវឹង​នោះទេ តែ​លោកបាន​ទទួលទាន​ផ្លែទុរេន​មុន​បើកបរ​ និងបាន​ទាមទារ​ទៅ​មន្ទីរពេទ្យ​ដើម្បីធ្វើតេស្ត​ឈាម។

ក្រោយធ្វើតេស្ត​រកឃើញ​ថាមិន​មានជាតិអាល់កុល​ក្នុង​ឈាម​របស់​លោក​នោះទេ ហេតុនេះប៉ូលិស​បាន​ទម្លាក់ការ​ចោទប្រ​កាន់ និង​បាន​ប្រ​គល់បណ្ណ​បើក​បរ​ជូន​លោក​វិញ។

មិនអស់​ចិត្ត​ក្រុម​ប៉ូលិស​បាន​សាក​ល្បង​ខ្លួន​ឯង​ដោយ​ទទួលទាន​ផ្លែទុរេន​ ហើយ​ធ្វើ​តេស្ត​ផ្លុំ​ប្រ​ដាប់វាស់ជាតិ​អាល់​កុល ភ្លាម​នោះ​ឃើញ​ថា​មាន​ជាតិ​អាល់​កុល​ក្នុង​ខ្លួន​អ្នកធ្វើតេស្ត​រហូត​ដល់​៣៦​មីលីក្រាមក្នុង​១០០០​មីលីលីត្រឈាម។ ប៉ូលិស​ពន្យល់ថា​ទុរេនមានជាតិ​ស្ករ​ខ្ពស់ ហើយពេលវាទុំអាច​បង្កើតជាជាតិអាល់កុល​បាន។

អ្នក​ប្រើ​បណ្តាញ​សង្គមនៅ​ចិនបាន​សរសេរ​លើបណ្តាញ​សង្គម​របស់​ខ្លួន​ក្រោយ​ហេតុការណ៍នេះ​ថា​«បើក​បរ​កុំហូបទុរេន បើ​ហូប​ទុរេន​កុំ​បើក​បរ»៕

ប្រភព៖ South China Morning Post   ប្រែ​សម្រួល៖ ទូច សុខា

អត្ថបទថ្មី