អ្នកជិះឡានក្រុង គួរដោនឡូត App នេះ​ទុកមើល កុំឱ្យ​ធុញទ្រាន់​រង់ចាំ

  • 2019-07-05 02:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈរថយន្តក្រុង និង​ក្រុមជំនាញការនៃអង្គការ JICA បាន​អនុញ្ញាតឱ្យក្រុមហ៊ុន ITSUMO បង្កើត​ប្រព័ន្ធតាមដាន​ទីតាំងរថយន្តក្រុង ដែលមាន​ឈ្មោះថា «City Bus App» និង​ដាក់ឱ្យប្រជាពលរដ្ឋទាញយក App នេះមកប្រើប្រាស់កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ​២០១៩។ នេះបើតាម​សេចក្តីជូនដំណឹងរបស់​រដ្ឋបាលរាជធានីភ្នំពេញ។

App នេះ​ត្រូវបានបង្កើតឡើង​ដើម្បី​ជួយ​សម្រួល​ដល់​ពេលវេលា​រង់ចាំ​របស់​ប្រជាពលរដ្ឋ ដែលជា អ្នកដំណើរ និង​ដឹងពីពេលវេលា​ពិតប្រាកដ​នៃការមកដល់​របស់​រថយន្តក្រុង។

ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏បាន​អនុញ្ញាត​ផងដែរ ឱ្យរដ្ឋាករ និង​ក្រុមជំនាញ​ការ​ JICA ធ្វើការ​ពិចារណា​ផ្តល់សិទ្ធិ​ដល់​អ្នកផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ផ្សេងទៀត ដែល​មាន​បំណងចង់​ចូលរួម​ជាមួយ​រដ្ឋាករ​ ក្នុងការ​ធ្វើ​សមាហរណកម្ម App សម្រាប់​មើល​ព័ត៌មាន និង​ពេលវេលា​ជាក់ស្តែង​របស់​រថយន្ត​ក្រុង ក្នុងគោលបំណង​ធ្វើសមាហរណកម្មការ​ដឹកជញ្ជូន​សាធារណៈ និង​សេវាដឹកជញ្ជូន​ក្រៅប្រព័ន្ធ និង​ការទូទាត់​របស់​ពួកគេ។ ការ​ធ្វើបែបនេះ នឹងរួមចំណែក​បន្ថែមទៀត ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុងទីក្រុង និង​សម្រេចបាន​រាជធានីភ្នំពេញ ដែល​ត្រូវបានគេទទួលស្គាល់​ថា ជាទីក្រុងឆ្លាតវៃ នាថ្ងៃអនាគត។

ក្នុង​សេចក្តី​ជូនដំណឹង​ខាងលើ ក៏បាន​ឱ្យដឹងដែរថា ក្នុង​គម្រោង​ធ្វើឱ្យប្រសើរឡើង​នូវសេវាដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុងនៅក្នុងរាជធានីភ្នំពេញ​ដែលមាន​រយៈពេល ៤ឆ្នាំ ចាប់ពីខែមករា ឆ្នាំ​២០១៧ ដល់ខែធ្នូ ឆ្នាំ​២០២០ រដ្ឋបាល​រាជធានីភ្នំពេញ បាន​អនុញ្ញាត​ឱ្យរដ្ឋាករស្វយ័តដឹកជញ្ជូន​សាធារណៈ​រថយន្តក្រុង រាជធានីភ្នំពេញ និង​ក្រុមជំនាញការ JICA បាន​ដាក់ឱ្យ​ដំណើរការ​សេវាដឹកជញ្ជូន​សាធារណៈ ជូន​ប្រជាពលរដ្ឋបាន​ចំនួន ១៣​ខ្សែ ប្រើប្រាស់​រថយន្ត ២៣៥គ្រឿង និង​មាន​ប្រជាពលរដ្ឋ​ប្រើប្រាស់សេវាពី ២៦០០០ ទៅ ៣ម៉ឺននាក់ ក្នុងមួយថ្ងៃ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី