ក្រុងចំណាស់១នៅឥណ្ឌូណេស៊ី ថែសម្រស់ចាំអ្នកចូលចិត្តផ្សងព្រេងក្នុងក្រុងបុរាណ
- 2019-11-15 06:20:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុងចំណាស់១នៅឥណ្ឌូណេស៊ី ថែសម្រស់ចាំអ្នកចូលចិត្តផ្សងព្រេងក្នុងក្រុងបុរាណ
ចន្លោះមិនឃើញ
ពេលនិយាយដល់ប្រទេសឥណ្ឌូណេស៊ី មនុស្សភាគច្រើនប្រហែលជាគិតដល់កោះបាលី ដែលជាទិសដៅទេសចរណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក។ មែនទែនទៅ នៅជ្រុងផ្សេងទៀតនៃប្រទេសនេះ សុទ្ធតែចំណុចទាក់ទាញយ៉ាងសម្បើមរៀងៗខ្លួន។ ដូច្នេះ ថ្ងៃនេះ Sabay នឹងលើកយកតំបន់កម្សាន្តខ្លឹមៗ ក្នុងខេត្តចំណាស់មួយនៃប្រទេសនេះ ដែលគ្រប់គ្នាសឹងមិនបានគិតដល់។
ចូកចាកាតា (Yogjakarta) គឺជាខេត្តមួយដែលប្រមូលផ្ដុំទៅដោយតំបន់ទេសចរណ៍យ៉ាងសម្បូរបែប ហើយជាកន្លែងដ៏ពិសេសបំផុត សម្រាប់អ្នកចូលចិត្តធ្វើដំណើរបែបផ្សងព្រេងទៅរកតំបន់ទេសចរណ៍ធម្មជាតិ លាយឡំនឹងវប្បធម៌ បូករួមជាមួយទិដ្ឋភាពក្រុងបុរាណយ៉ាងគួរឲ្យគាប់ចិត្ត។ ទាំងនេះ គឺជាកន្លែងគួរឲ្យទាក់ចិត្តទាំង ៩ ដែលអ្នកគួរទៅស្គាល់ឲ្យបានម្ដង ក្នុងមួយឆាក់ជីវិត៖
១. មើលថ្ងៃរះនៅប្រាសាទកាន់សាសនាព្រះពុទ្ធធំបំផុតលើលោក
ថ្ងៃរះនៅកន្លែងណាក៏អាចមើលបានដែរ តែបើចង់ទទួលបានអារម្មណ៍ពិសេស និងកាន់តែអស្ចារ្យ អ្នកគួរស្វែងរកបទពិសោធន៍ថ្មីដោយភ្ញាក់ពីព្រលឹមទៅមើលថ្ងៃរះនៅប្រាសាទ Borobudur ដែលជាប្រាសាទកាន់ព្រះពុទ្ធសាសនាធំជាងគេនៅលើលោក។ ក្រៅពីបានស្គាល់ប្រាសាទដ៏ប្រណីតនេះហើយ អ្នកនឹងអាចរីករាយជាមួយទេសភាពធម្មជាតិយ៉ាងស្អាតអស្ចារ្យជុំវិញប្រាសាទនេះផងដែរ។
២. ជិះឡានឡើងទៅមើលភ្នំភ្លើង ដ៏សកម្មបំផុតនៅអាស៊ី
ភ្នំ Merapi ដែលស្ថិតនៅលើកោះជ្វាគឺជាភ្នំភ្លើងដ៏សកម្មបំផុតមួយប្រចាំអាស៊ី។ ភ្នំភ្លើងនេះបានផ្ទុះម្ដងហើយកាលពីឆ្នាំ ២០១០។ ប៉ុន្តែវានៅតែបន្តភាពសកម្ម និងបញ្ចេញកំសួលដល់បច្ចុប្បន្ន ដោយត្រូវបានគេសន្មតថាអាចនឹងផ្ទុះ ឬមានសកម្មភាពផ្សេងៗក្នុងចន្លោះពី ៥ ទៅ ១០ ឆ្នាំម្ដង។
ក្រៅពីបានឃើញផ្សែងហុយៗចេញពីកំពូលភ្នំភ្លើងផ្ទាល់ភ្នែកហើយនោះ អ្នកនឹងទទួលបានបទពិសោធន៍យ៉ាងអស្ចារ្យជាមួយការជិះឡានហ្ស៊ីប(Jeep)ឡើងភ្នំ កាត់ព្រៃព្រឹក្សា ហែហមជាមួយទេសភាពធម្មជាតិយ៉ាងស្រស់បំព្រង។ លើសពីនោះអ្នកនឹងបានទស្សនាសារមន្ទីរដែលដាក់តាំងនូវសំណល់ផ្សេងៗដែលសេសសល់ពីបន្ទុះភ្នំភ្លើងកាលពីឆ្នាំ ២០១០ ផងដែរ។
៣. រៀនធ្វើសារុង(Batik) ផ្ទាល់ដៃ
សារុងBatik ត្រូវបានគេស្គាល់អត្តសញ្ញាណមួយប្រទេស និងជនជាតិឥណ្ឌូណេស៊ី។ លក្ខណៈពិសេសរបស់វា គឺរៀងរាល់កំណាត់និមួយៗត្រូវបានផលិតឡើងយ៉ាងប្រណិតបំផុតដោយស្រ្តីឥណ្ឌូណេស៊ី ដោយពួកគេគូរដានយ៉ាងផ្ចិតផ្ចង់ ជាដំណក់ជ័រស្អិត។ អ្នកនឹងមានអារម្មណ៍ថារីករាយ និងមានមោទនភាពចំពោះខ្លួនឯង បន្ទាប់ពីផលិតបាន Batik មួយដោយផ្ទាល់ដៃ។
៤. ជិះស៊ីក្លូ Bacak
នេះជាចំណុចមួយដែលធ្វើឲ្យ ចូកចាកាតា ក្លាយជាទីក្រុងដ៏សប្បាយ និងគួរឲ្យចាប់អារម្មណ៍។ Becak ដែលមានរូបរាងស្រដៀងនិងស៊ីក្លូខ្មែរនេះ មានលក្ខណៈពិសេសត្រង់ថា វាចែកចេញជា ២ ប្រភេទ គឺដំណើរការដោយការប្រើកម្លាំងមនុស្សធាក់ និងម៉ាស៊ីនអូតូ។ ពេលជិះរ៉ឺម៉កនេះ អ្នកនឹងរីករាយជាមួយខ្យល់ធម្មជាតិបក់មកប៉ះរាងកាយ បូករួមជាមួយការទស្សនាស្នាមញញឹមដ៏រួសរាយរាក់ទាក់របស់ប្រជាជនឥណ្ឌូណេស៊ី។
៥. ជិះរទេះសេះ ក្នុងទីក្រុងបុរាណ
សាកស្រមៃមើលថា អ្នកកំពុងស្ថិតនៅអតីតកាលដោយប្រើសេះជាមធ្យោបាយធ្វើដំណើរ។ នៅទីក្រុង ចូកចាកាតា អ្នកនឹងអាចរកបានក្ដីរំភើបដោយការជិះរទេះសេះនៅក្នុងទីក្រុងដ៏ចំណាស់នេះ ប្រៀបដូចជាមន្រ្តី និងឬមានបុណ្យសក្ដិខ្ពស់ក្នុងសម័យបុរាណដូច្នេះដែរ។
៦. ដើរថតរូបក្នុងក្រុង
ចំណុចនេះពិតជាចាប់ចំបេះដូងរបស់អ្នកចូលចិត្តទេសភាពនៃក្រុងបុរាណ ព្រោះនៅ ចូកចាកាតា មានបន្សល់ទុកនូវអគារចាស់ៗ ដែលពោរពេញដោយក្បូរក្បាច់ និងរចនាបថបុរាណៗជាច្រើន។ ក្រៅពីនោះ ទីក្រុងនេះមានមធ្យោបាយធ្វើដំណើរប្លែកៗ ដែលអ្នកអាចសាកជិះហើយផ្ដិតយករូបភាពស្អាតៗមកចែករំលែកគឺបណ្ដាញសង្គមគឺកាន់តែអេម។
៧. សាកភ្លក់អាហារតាមតំបន់
បានទៅក្រៅប្រទេស អ្វីដែលមិនគួររំលងនោះ គឺការសាកញ៉ាំអាហារប្លែកៗតាមតំបន់។ នៅ ចូកចាកាតា ក៏ដូចជាឥណ្ឌូណេស៊ី សម្បូរណាស់នូវចំណីចំណុក និងម្ហូបផ្សេងៗជាមួយតម្លៃសមរម្យដែលអ្នកត្រូវតែសាក។
៨. ទិញទំនិញថោកៗនៅផ្លូវ Malioboro
ផ្លូវ Malioboro គឺផ្លូវមួយដែលប្រមូលផ្ដុំដោយវត្ថុអនុស្សាវរីយ៍ប្លែកៗ សម្លៀកបំពាក់ស្អាតៗ និងអាហារឆ្ងាញ់ៗជាច្រើនជាមួយតម្លៃសមរម្យមិនគួរឲ្យជឿ។ នៅតាមបណ្ដោយផ្លូវនេះ មានទាំងតូបលក់ឥវ៉ាន់តូចធំ ផ្សារលក់ឥវ៉ាន់ធម្មតា និងផ្សារទំនើបដ៏ធំ ដែលអ្នកអាចសទិញទំនិញជាមួយការបញ្ចុះតម្លៃជាច្រើន។
៩. មើលល្ខោនយ៉ាងប្លែកភ្នែកពេលរាត្រី
នៅឥណ្ឌូណេស៊ីក៏មានសិល្បៈបុរាណដូចជាល្ខោនដែលសម្ដែងចេញពីរឿងព្រេង និងប្រវត្តិរបស់សាសនានានាផងដែរ។ បើមានឱកាស អ្នកគួរឆ្លៀតពេលសំលៀងភ្នែកដោយស្រូបយកបទពិសោធន៍នៃការទស្សនាល្ខោនផ្សេងៗដូចជា "រាមាយណ" ឲ្យបានម្ដង ព្រោះថាការសម្ដែង និងការស្លៀកពាក់តែប្រពៃណី និងវប្បធម៌របស់ជនជាតិនេះ ពិតជាប្លែកដាច់ខុសពីល្ខោនរឿង "រាមកេរ្តិ៍" របស់ខ្មែរយើងតែម្ដង៕