នឹម ឈុន្នី «រត់ដើម្បីជីវិតកុមារកម្ពុជា» ពិតជាមានន័យ និងគួរឲ្យគោរពមែន
- 2019-12-14 09:40:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នឹម ឈុន្នី «រត់ដើម្បីជីវិតកុមារកម្ពុជា» ពិតជាមានន័យ និងគួរឲ្យគោរពមែន
ចន្លោះមិនឃើញ
លោក នឹម ឈុន្នី នឹងចាប់ផ្ដើមរត់ពីភ្នំពេញទៅសៀមរាប ចាប់ពីព្រឹកស្អែកនេះហើយដើម្បីរៃអង្គាសថវិកាឲ្យបាន ១០០,០០០ ដុល្លារ យកទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ ឯខេត្តសៀមរាប ដើម្បីចំណាយលើការព្យាបាលកុមារនៅទីនោះ។
លោក នឹម ឈុន្នី បានឲ្យដឹងថា ស្អែកព្រឹកម៉ោង៦លោកនឹងចាប់ផ្ដើមកម្មវិធីរត់នេះហើយ។ កម្មវិធីរត់នេះនឹងធ្វើឡើងរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី១៥ ដល់ ២៥ ខែធ្នូ ២០១៩ ទើបដល់សៀមរាប ប៉ុន្តែក៏មានការសម្រាកជួបជុំគ្នាលើកទី១ នៅផ្លូវបំបែកស្កុន ដើម្បីថតរូបជួបជុំគ្នា និងប្រមូលថវិកាពីសប្បុរសជនទីនោះ។ ការឈប់ជួបជុំលើកទី២គឺនៅក្នុងខេត្តកំពង់ធំ និងលើកទី៣ កម្មវិធីជួបជុំធំនៅត្រង់ព្រះអង្គចេកព្រះអង្គចម និងដើរទៅផ្ដល់ថវិកាដល់មន្ទីរពេទ្យកុមារអង្គរតែម្ដង។
អ្នកផ្ដើមគំនិតរៃអង្គាសខាងលើនេះបន្តថា ហេតុផលដែលលោកបង្កើតកម្មវិធីរត់ដើម្បីរៃអង្គាសថវិកានេះ គឺជាការតបស្នងសងគុណដល់មន្ទីរពេទ្យកុមារអង្គរដែលបានជួយព្យាបាលក្មួយស្រីរបស់លោកដែលឈឺកាលពី៧ឆ្នាំមុន និងបានធ្វើឲ្យលោក រួមនិងគ្រួសារមានស្នាមញញឹមឡើងវិញ។ លោកចង់ឃើញស្នាមញញឹម និងភាពរីករាយទាំងនេះមាននៅលើកុមារកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេ ទើបបង្កើតឲ្យមានកម្មវិធីនេះឡើង។ លើសពីនេះទៀតនោះ គឺចង់ឲ្យគេបានដឹងពីការរត់នេះ និងចូលរួមជួយបរិច្ចាគជាថវិកាតាមលទ្ធភាពដើម្បីឲ្យគ្រប់ចំនួនក្នុងការផ្ដល់ទៅកាន់មន្ទីរពេទ្យខាងលើ។
ប្រសិនបើសប្បុបុរសជន ឬបងប្អូនណាចង់ចូលរួមបរិច្ចាគថវិកាដើម្បីជួយទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាបនេះអាចផ្ញើតាមគណនីធនាគារ ABA: 000853843 ឬតាមវីញ 9122 (លុយរៀល) 8122 (លុយដុល្លារ)។ សម្រាប់លេខទំនាក់ទំនងរបស់លោក នឹម ឈុន្នី គឺ 078 785 044៕