មាន សូ​នី​តា អះអាង​ថា នាង​យំ​ចេញ​ពី​ចិត្ត​ពិត ក្រោយ​បាន​យល់​កាន់​តែ​ច្បាស់​ពី​ជីវិត​អ្នក​ក្រីក្រ

  • 2020-01-14 03:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​មិន​សូវ​អើ​ពើ​នឹង​ការ​ទទួល​ថត​ភាពយន្ត ប៉ុន្តែ​ថ្មី​ៗ​នេះ នាង​បាន​ទទួល​សម្ដែង​ក្នុង​ភាពយន្ត​មួយ​របស់​លោក ហ៊ុយ យ៉ាឡេង មាន​ចំណង​ជើង​ថា "ដើម្បី​កូន" ដែល​នាង​បាន​អះអាង​ថា នាង​ពិត​ជា​យំ​ពិត​ៗ​ចេញ​ពី​បេះដូង មិន​មែន​ជា​ការ​សម្ដែង​ទេ។ ដែល​មាន​ចំណង​ជើង​ថា ដើម្បី​កូន នឹង​រៀប​ដាក់​បញ្ចាំង​គ្រប់​រោង​ភាព​យ​ន្ត​នៅ​ថ្ងៃទី​៣០ ខែ​មករា នេះហើយ ហើយ​នេះ​ជា​ខ្សែភាព​យ​ន្ត​មួយ​ដែល​កញ្ញា​បាន​ពោលថា នាង​ស្រឡាញ់​អត្ថបទ​រឿង​នេះ​ណាស់។

ជុំ​វិញ​រឿង​ខាង​លើ មាន សូនីតា បាន​សរសើរ​ថា រឿង​នេះ អ្នកនិពន្ធ​បាន​តាក់តែង​យ៉ាង​ល្អ ហើយ​ជា​រឿង​ថ្មី​ដ៏​ល្អ​មួយ​ដែល​នាង​​ជួបប្រទះ។ "វា​ជា​រឿង​មួយ​ដែល​នាង​ខ្ញុំ​តែង​តែ​គិត អីចឹង​ហើយ បាន​គ្រាន់​តែ​អាន​ចប់​ហើយ ក៏​ទទួល​ថត​តែ​ម្ដង"។ តាម​ការ​បញ្ជាក់ សូនីតា បាន​ទទួល​យក​ការ​សម្ដែង​នេះ​ភ្លាម ដោយ​មិន​អល់អែក ព្រោះ​នាង​យល់​ថា នេះ​ជា​រឿង​អប់​រំ​មួយ​ពេញ​ដោយ​គុណ​តម្លៃ ដែល​អ្នក​មើល​ទស្សនា​ហើយ​នឹង​មាន​អ្វី​ត្រឡប់​ទៅ​វិ​ញ​យក​ទៅ​គិត​នឹង​ទទួល​បាន​មេ​រៀ​ន​ជីវិត​យ៉ាង​ច្រើន​ពី​រឿង​នេះ។

ជាក់​ស្ដែង​នាង​ខ្លួន​ឯង ក៏​ដូច​គ្នា ក្រោយ​ការ​សម្ដែង នាង​កាន់​តែ​ដក់​ចិត្ត​អាណិត​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ពួក​គាត់​មាន​ជីវភាព​ក្រ​លំបាក។ នាង​លើក​ឡើង​ថា "នៅ​ពេល​ថត​គឺ​ពួក​យើង​ធ្វើ​បាន​ល្អ មាន​ឈុត​ជាច្រើន​ដែល​នឹង​ធ្វើ​អោយ​អ្នក​ទាំង​អស់​គ្នា​យំ ព្រោះ​រូបភាព​វា​កម្សត់​ពេក សូម្បី​នាង​ខ្ញុំ​ក៏​មិនដែល​ឃើញ ធ្វើ​អោយ​នាង​ខ្ញុំ​យំ​ក្នុង​ពេល​សម្តែង​ដោយ​ចេញពី​ចិត្ត​ពិត អាណិត​អ្នក​ក្រទាំង​ក្នុង​រឿង នឹង​ក្រៅ​រឿង"។

ដូច្នេះ​ហើយ រាជិនី​ក្រមា បញ្ចេញ​ឲ្យ​ដឹង​ថា នាង​ចង់​ឲ្យ​ទស្សនិកជន​ទៅ​ទស្សនា​ឲ្យ​បាន​ច្រើន ក្នុង​នោះ​ក៏​ព្រោះ​តែ​នាង​យល់​ថា រឿង "ដើម្បី​កូន" ជា​ទស្សនីយភាព​ដែល​សាក​សម​បំ​ផុត​សម្រាប់​មនុស្ស​គ្រប់​វ័​យ ជាពិសេស​កូន​ៗ​គួរ​ដឹក​ដៃ​ឪពុក​ម្តាយ​ទៅ​មើល ដើម្បី​ឃើញ​ពី​ទឹកចិត្ត​ឪពុក និង​ជា​កាដូ​សម្រាប់​គាត់​អោយ​ស្គាល់​រោង​ភាព​យ​ន្ត​ទំនើប នឹង​បាន​ទស្សនា​រូបភាព​ខ្លួនឯង​ដែល​ខិតខំ​ដើម្បី​កូន រាប់​ឆ្នាំ​មក​នេះ។

ដូច​គ្នា​នឹង​លោក ហ៊ុយ យ៉ាឡេង កញ្ញា មាន សូនីតា ថា នាង​បាន​ស្រមៃ​ទៅ​ដល់​ទសវត្ស​ទី ៦០ ក្រោយ​លឺ​អ្នកនិពន្ធ និង​ដឹក​នាំ​និយាយ។ នាង​ស្រមៃ​ទៅ វេលា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​សម័យ​នោះ ​ដឹក​ដៃ​គ្នា​ទាំង​គ្រួសារ​ដោយ​ស្នាម​ញញឹម​ទៅ​មើល​ភាព​យ​ន្ត ដែល​គិត​ស្រមៃ​ទៅ គឺ​នោះ​ហើយ​ជា​សេចក្ដី​សុខ​ពិត។ ដូច្នេះ​ហើយ នាង​សង្ឃឹមថា​រឿង​នេះ​នឹង​ធ្វើ​អោយ​រូបភាព​ខ្លះ​ពី​សម័យ​នោះ​ត្រឡប់​មក​វិញ។

"សង្ឃឹមថា​ក្តី​ស្រមៃ​នាង​ខ្ញុំ​និង​អ្នកដឹកនាំ​រឿង​ក្លាយ​ជា​ការពិត ហើយ​ក៏​សូម​អញ្ជើញ​អ្នក​គាំទ្រ​នាង​ខ្ញុំ​ទៅ​ទស្សនា​ទាំង​អស់គ្នា ចាត់​ទុក​ថា នេះ​ជា​កាដូ​ឆ្នាំ​ថ្មី​នា​ដើម​ឆ្នាំ​២០២០ ជូន​ខ្លួន​ឯង និង​អ្នក​មាន​គុណ"។ សូនីតា ថ្លែង។

តាម​ការ​បញ្ចេញ​ឲ្យ​ដឹង រឿង "ដើម្បី​កូន" ត្រូវ​បាន​កំណើត​កាល​វិភាគ​ឡើង​រោង​កុន នៅ​ថ្ងៃ​ទី ៣០ មករា ២០២០ ខាង​មុខ​នេះ​ហើយ​នៅ​គ្រប់​រោងភាពយន្ត​ទំនើប​ក្នុង​រាជធានី៕

​ ​ ​ ​

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម