រឿង​​មិន​ពិត ៣ ​នេះ​ ល្មម​ឈប់​ជឿ​ទៅ​

  • 2020-02-27 10:09:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​​​​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​យានយន្ត​ មាន​​​ការ​យល់​ឃើញ​ជា​ច្រើន​ដែល​​គេ​​និយាយ​តៗ​គ្នា​ ដោយ​គិត​ថា​វា​ជា​រឿង​​ពិត។ ផ្ទុយ​ទៅ​វិញ​មាន​​ការ​យល់​ឃើញ​មួយ​ចំនួន​គ្រាន់​តែ​ជា​ពាក្យ​និយាយ​តៗ​គ្នា ​ហើយ​បច្ចុប្បន្ន​បាន​ក្លាយ​ជា​រឿង​គ្មាន​បាន​ការ។ ការ​យល់​ឃើញ​ទាំង​នោះ​មាន​ដូច​ជា ៖

១. រថយន្ត​កាន់​តែ​ចាស់​ស៊ីសាំង​កាន់​តែ​ច្រើន​ជាង​មុន

ប្រសិន​បើ​មិន​ថែ​ទាំ​រថយន្ត​ឲ្យ​បាន​ល្អ​ទេ​នោះ​ ពិត​ណាស់​សមត្ថភាព​រថយន្ត​ រួម​​សមត្ថភាព​សន្សំសំចៃ​របស់​ម៉ាស៊ីន​រថយន្ត​ក៏​ថយ​ចុះ​ទៅ​តាម​ហ្នឹង​ដែរ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​​ថែទាំ និង​ត្រួត​ពិនិត្យ​​រថយន្ត​បាន​ទៀត​ទាត់ និង​​ជួសជុល​កន្លែង​ដែល​ត្រូវ​ជួសជុល នោះ​អ្នក​នឹង​មិន​ឃើញ​ថា​រថយន្ត​របស់​អ្នក​ស៊ី​ប្រេង​ឥន្ធនៈ​ច្រើន​ជាង​មុន​នោះ​ទេ។ ទន្ទឹម​នឹង​នេះ​ដែរ​កន្លែង​ដែល​អ្នក​ត្រូវ​ត្រួត​ពិនិត្យ​ពេល​រថយន្ត​កាន់​តែ​ចាស់​ មាន​ដូច​ជា​​ប៊ិច​សាំង, Sensor វាស់​កម្រិត​អុកស៊ីហ្សែន, ប៊ូស៊ី, ខ្សែ​ប៊ូស៊ី និង​ពិនិត្យ​លើ​គម្រប​ប្រេង​ឥន្ធនៈ​ផង​ដែរ៕

២. រថយន្ត​ប្រើ​លេខ​ដៃ ស៊ីសាំង​តិច​ជាង​រថយន្ត​លេង​អូតូ

រាប់​សិប​ឆ្នាំ​មុន​​ជម្រើស​នៃ​ប្រអប់​លេខ​រថយន្ត​មាន លេខ​ដៃ​ ៥ វគ្គ​ ឬ លេខ​ស្វ័យប្រវត្តិ​ ៣ វគ្គ។ រថយន្ត​ប្រើ​ប្រអប់​លេខ​ដៃ​ស៊ីសាំង​តិច​ក៏​ដោយ​សារ​តែ​អ្នក​បើកបរ​មាន​ជំនាញ​ អាច​គ្រប់​គ្រង​ម៉ាស៊ីន​រថយន្ត​តាម​ការ​ប្ដូរ​លេខ។ ប៉ុន្តែ​បច្ចេកវិទ្យា​ទំនើប​បច្ចុប្បន្ន​ ជួយ​ឲ្យ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​​មាន​សមត្ថភាព និង​សន្សំ​សំចៃ​​​ប្រេង​ឥន្ធនៈ​​ជាង​ អ្នក​បើកបរ​រថយន្ត​លេខ​ដៃ​ដែល​មាន​ជំនាញ​ទៅ​ទៀត។

៣. ចាក់​ប្រេង​ឥន្ធនៈ​ពេល​មេឃ​ត្រជាក់​​​ចំណេញ​បាន​ប្រេង​ឥន្ធនៈ​ច្រើន

ក្រុម​ការងារ​ Sabay ធ្លាប់​បក​ស្រាយ​ម្ដង​រួច​មក​ហើយ​ថា​ ស្ថានីយ​ប្រេង​ឥន្ធនៈ​ភាគ​ច្រើន​រក្សា​ទុក​ប្រេង​ឥន្ធនៈ​នៅ​ក្រោម​ដី​ ហេតុ​ទោះ​បី​ជា​សីតុណ្ហភាព​ខាង​ក្រៅ​ក្ដៅ​ ឬ ត្រជាក់​យ៉ាងណា​ក៏​វា​មិន​ប៉ះពាល់​ដល់​ប្រេង​ឥន្ធនៈ​នៅ​ក្រោម​ដី​ខ្លាំង​អី​ណាស់​ណា​ទេ។ ដោយ​សារ​ចំណុច​នេះ​ ធ្វើ​ឲ្យ​​កម្រិត​ចំណេញ​ដែល​អ្នក​ទទួល​បាន​គឺ​តិច​មែន​ទែន។ ដូច​នេះ​បើ​​​យាន​យន្ត​អ្នក​ ​អស់​ប្រេង​ឥន្ធនៈ​នៅ​ពេល​ថ្ងៃ​ហើយ មិន​ចាំ​បាច់​ចាំ​​ដល់​ល្ងាច​ ឬ ដល់​ព្រឹក​ស្អែក​សឹម​ចាក់​បំពេញ​នោះ​ទេ។

ប្រភព៖ Your Mechanic   ប្រែ​សម្រួល៖ សុខហេង