ពិតអត់ ចាក់​សាំង​ពេល​ព្រឹក ​​ចំណេញ​ជាង​ពេល​ថ្ងៃ​​?

  • 2017-07-11 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មតិ​ជា​ច្រើន​​លើក​ឡើង​ដូចៗ​គ្នា​ថា​ការ​ចាក់​បំពេញ​ប្រេង​ឥន្ធនៈ​នា​ពេល​ព្រឹក​ ឬ ពេល​ល្ងាច (ពេលមេឃ​ត្រជាក់) ចំណេញ​ជាង​ការ​ចាក់​ពេល​ថ្ងៃ (ពេលអាកាសធាតុក្ដៅ)។ នេះ​ដោយ​សារ​ប្រេង​ឥន្ធនៈ​ដូច​ជា​វត្ថុ​រាវ​ដទៃ​ទៀត​ដែរ​ ដោយ​រីក​មាឌ​ពេល​ត្រូវ​កម្ដៅ។ ហេតុ​បើ​តាម​ទ្រឹស្ដី​នេះ​ប្រេង​ឥន្ធនៈ​នឹង​​​​មាន​ភាព​ខាប់​ខ្លាំង​នៅ​ពេល​ព្រឹក​ត្រជាក់ៗ​ ដែល​មាន​ន័យ​ថា​អ្នក​អាច​ទទួល​បាន​ប្រេង​ឥន្ធនៈ​បាន​ច្រើន​ជាង​ពេល​ចាក់​ពេល​ថ្ងៃ។

​ទ្រឹស្ដី​ខាង​លើ​ជា​ការ​ពិត ប៉ុន្តែ​ការ​ណែនាំ​ខាង​លើ​មិន​មាន​ប្រយោជន៍​ប៉ុន្មាន​ឡើយ។ ប្រេង​ឥន្ធនៈ​ពិត​ជា​រីក​មាឌ​ ឬ រួម​មាឌ​តិច​តួច​ទៅ​តាម​សីតុណ្ហភាព​មែន។ ពេល​ប្រេង​ឥន្ធនៈ​ឡើង​សីតុណ្ហភាព​ពី​ ១៤ ទៅ ២៤ អង្សា​សេ​ វា​រីក​មាឌ​ចំនួន​ ១% ស្រប​ពេល​ដែល​​ថាមពល​នៅ​កម្រិត​​ដដែល។ ប៉ុន្តែ​ស្ថានីយ​​ប្រេង​ឥន្ធនៈ​ជា​ធម្មតា​រក្សា​ទុក​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​ស៊ីទែន​បង្កប់​ក្រោម​ដី ​ដោយ​សីតុណ្ហភាព​​ក្នុង​ស៊ីទែន​​មិន​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ដូច​សីតុណ្ហភាព​ខាង​ក្រៅ​ឡើយ។

Craig Eerkes អតីត​​នាយក​​ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ Petroleum Marketers Association of America លើក​ឡើង​ថា​​ការ​រីក​មាឌ​ និង រួម​មាឌ​នៃ​ប្រេង​ឥន្ធនៈ​ទៅ​តាម​សីតុណ្ហភាព​​ ចំពោះ​អតិថិជន​គឺ​ពិត​ជា​មាន​កម្រិត​តិច​តួច​មែន​ទែន​ដែល​សឹង​មិន​អាច​ចាត់​ទុក​ថា​វា​បាន​រីក​មាឌ​ ឬ រួម​មាឌ​នោះ​ទេ។

សរុប​មក​ការ​យល់​ឃើញ​ថា​ចាក់​ប្រេង​ឥន្ធនៈ​ពេល​ព្រឹក​ចំណេញ​ជាង​ការ​ចាក់​ពេល​ថ្ងៃ​មិន​មែន​ជា​ការ​យល់​ខុស​នោះ​ទេ ប៉ុន្តែ​ត្រូវ​ដឹង​ថា​កម្រិត​នៃ​ការ​ចំណេញ​គឺ​តិច​មែន​ទែន​ ឬ ស្ទើរ​គ្មាន​តែ​ម្ដង។ ដូច​នេះ​​ប្រសិន​បើ​​រថយន្ត ឬ ម៉ូតូ​របស់​អ្នក​អស់​ប្រេង​ឥន្ធនៈ​នៅ​ពេល​ថ្ងៃ​ហើយ មិន​ចាំ​បាច់​ចាំ​​ដល់​ល្ងាច​ ឬ ដល់​ព្រឹក​ស្អែក​សឹម​ចាក់​បំពេញ​នោះ​ទេ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖

ប្រភព៖ ConsumerReports   ប្រែ​សម្រួល៖ សុខហេង