បន្ទាប់ពីប្រជុំបូកសរុបការងារ និងលើកទិសដៅពេញមួយថ្ងៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រេចបានលទ្ធផល៨ចំណុចធំៗ
- 2020-03-18 05:19:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីប្រជុំបូកសរុបការងារ និងលើកទិសដៅពេញមួយថ្ងៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសម្រេចបានលទ្ធផល៨ចំណុចធំៗ
ចន្លោះមិនឃើញ
ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២០ សម្រេចបាននូវលទ្ធផលចំនួន ៨ធំៗ។
**ចំណុចសំខាន់ៗទាំង៨នោះរួមមាន៖**
ទី១ មហាសន្និបាតប្ដេជ្ញាខិតខំបន្ថែមទៀតដើម្បីត្រៀមលក្ខណៈសម្បត្តិក្នុងការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។
ទី២ បានឯកភាពគ្នាយកលទ្ធផលបច្ចេកទេស នៃការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០ ការប្រកួតកីឡា SEA Games លើកទី៣១ ឆ្នាំ២០២១ និងការប្រកួតកីឡាជាតិ លើកទី៤ ឆ្នាំ២០២២ គឺជាម៉ែត្រវាស់ស្ទង់ស្តង់ដារគុណផលកីឡាកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍកីឡាកម្រិតខ្ពស់ ឆ្ពោះទៅ SEA Games ឆ្នាំ២០២៣។
ទី៣ សន្និបាតបានឯកភាពគ្នា ស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាលប្រមូលផ្តុំក្រុមជម្រើសជាតិហាត់ហ្វឹកហ្វឺនពេញមួយឆ្នាំ ចាប់ពីឆ្នាំ២០២០ ទៅ ដល់ឆ្នាំ២០២៣។
ទី៤ សន្និបាតឯកភាពសុំឲ្យភាគីពាក់ព័ន្ធពិនិត្យ និងកែសម្រួលនីតិវិធីនៃការគ្រប់គ្រងដឹកនាំការងារហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព។
ទី៥ ឯកភាពពង្រឹងយន្តការស្នូល ក្នុងរង្វង់សសរស្តំទាំង៣ គឺក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ ដោយយកគោលការណ៍សម្របសម្រួល និងជួយពិភាក្សាគ្នាជាចម្បង។
ទី៦ ក្នុងដំណាក់វិបត្តិផ្លូវដង្ហើម COVID-19 មហាសន្និបាតឯកភាព ក្នុងឆ្នាំ២០២០ បង្វែរយុទ្ធសាស្ត្របង្កើន និងពង្រឹងការយកចិត្តទុកដាក់រៀបចំការហ្វឹកហាត់ក្រុមជម្រើសជាតិ នៅក្នុងប្រទេសឲ្យបានខ្លាំងក្លាជាងមុន។
ទី៧ មហាសន្និបាតបានឯកភាពគ្នា លើការកំណត់សន្ទស្សន៍មេដាយមាសបណ្ដោះអាសន្ន កុម្ម៉ង់ និងមានការកែសម្រួលសម្រាប់សហព័ន្ធកីឡាជាតិ ប្ដេជ្ញាដណ្ដើមឲ្យបាន ក្នុងការប្រកួតកីឡា SEA Games លើកទី៣២ ឆ្នាំ២០២៣។
ទី៨ មហាសន្និបាតបានឯកភាពគ្នារាល់សំណូមពររបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដើម្បីជួយជំរុញ ការអភិវឌ្ឍឈានទៅការរៀបចំ ASEAN PARA Games ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។
រំលឹកដែរថា មហាសន្និបាតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងការលើកទិសដៅសម្រាប់ ឆ្នាំ២០២០ នេះធ្វើឡើងរយៈពេលពេញ១ថ្ងៃកាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅឯទីស្នាក់ការជាប់ពហុកីឡដ្ឋានជាតិ៕ (អត្ថបទ៖ NOCC)