លោក Bill Gates ថា អាមេរិកខកខានឱកាសក្នុងការគ្រប់គ្រង COVID-19 ដោយមិនបាច់នៅដាច់ដោយឡែក

  • 2020-03-25 02:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Bill Gates សហ​ស្ថាបនិក​ Microsoft បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ សហរដ្ឋអាមេរិក​បាន​បាត់​បង់​ឱកាស​ក្នុង​ការ​គ្រប់​គ្រង​ការ​រាតត្បាត​កូវីដ​១៩ ដោយ​មិន​បាច់​ឲ្យពលរដ្ឋនៅដាច់ដោយឡែកពីគ្នា។

អំឡុង​ការ​ផ្សាយ​​អនឡាញ​​នៃ​កម្មវិធី TED Connects លោក Bill Gates បាន​លើក​ឡើង​ថា ៖ "សហរដ្ឋអាមេរិក​បាន​រំលង​ឱកាស​ក្នុង​ការ​គ្រប់គ្រង (កូវដី​១៩) ដោយ​មិន​ចាំ​បាច់​ឲ្យពលរដ្ឋនៅដាច់ដោយឡែក។ យើង​មិន​បាន​​បញ្ចេញ​សកម្មភាព​ភ្លាមៗ​​ក្នុង​ការ​មាន​លទ្ធផល​អាច​ជៀស​ផុត​ពី​ការ​នៅដាច់ដោយឡែក។ នៅ​ខែ​មករា​ គ្រប់​គ្នា​គួរ​តែ​ចាប់​ផ្ដើម​មាន​ការ​ប្រុងប្រយ័ត្ន។”

នា​ថ្ងៃ​អង្គារ​ដដែល​ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​ចង់​ឲ្យ​អាជីវកម្ម​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ត្រឹម​ថ្ងៃ​ទី ១២ ខែ​មេសា ដើម្បី​កាត់​បន្ថយ​ការ​ប៉ះពាល់​​ដល់​ផ្នែក​សេដ្ឋកិច្ច។ ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ និង​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​បាន​រិះគន់​លើ​ការ​សម្រេច​ចិត្ត​នេះ ដោយ​ព្រមាន​ថា​ការ​ហៅ​មនុស្ស​ឲ្យ​ចូល​ធ្វើ​ការ​វិញ នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​សុខាភិបាល​មាន​បន្ទុក​រឹត​តែ​ធ្ងន់ និង​នាំ​ឲ្យ​មាន​ការ​ស្លាប់​កាន់​តែ​ច្រើន។

លោក Bill Gates ទទួល​ស្គាល់​ថា​ការ​ដាក់​ខ្លួន​ឯង​នៅ​ដាច់​ដោយ​ឡែក​ នឹង​នាំ​ឲ្យ​មាន​​ផល​ប៉ះពាល់​ខ្លាំង​ដល់​​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​មិន​មាន​ជម្រើស​ណា​ល្អ​ប្រសើរ​ជាង​នេះ​ឡើយ។ លោក​បាន​ណែនាំ​ឲ្យ​មាន​ការ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​រយៈពេល​ ៦ ទៅ ១០ សប្ដាហ៍។

មហាសេដ្ឋី​រូប​នេះ​និយាយ​ថា ៖ "វា​ពិបាក​​​ក្នុង​ការ​ប្រាប់​ដល់​​​ពលរដ្ឋ​ទាំង​អស់​អំឡុង​ពេល​ផ្ទុះ​ជំងឺ​រាតត្បាត...​ថា​ពួក​គេ​គួរ​តែ​​ត្រឡប់​ទៅ​ធ្វើ​ការ​ធម្មតា ទោះ​បី​ដឹង​ថា​សកម្មភាព​របស់​ពួក​គេ​គឺ​​​​ធ្វើ​ឲ្យ​ជំងឺ​​បន្ត​រាតត្បាត។​​”

លោក​បាន​បន្ថែម​​ទៀត​ថា​​សហរដ្ឋអាមេរិក​ត្រូវ​តែ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​តេស្ត​រក​កូវីដ​១៩ និង​គួរ​​តែ​​​ធ្វើ​ការ​បង្ហាញ​ផ្លូវ​ឲ្យ​​កាន់​តែ​ល្អ​ប្រសើរ​ដល់​អ្នក​ដែល​ត្រូវ​ការ​តេស្ត​កូវីដ​១៩៕

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង