បុរសម្នាក់នេះចំណាយពេលជិត៦ឆ្នាំថតរូបតំបន់ទេសចរណ៍របស់កម្ពុជា ដែលមនុស្សភាគច្រើនមិនបានទៅដល់

  • 2020-05-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថតបង្ហាញពីភាពស្រល់ត្រកាលនៃតំបន់ព្រៃកង្កែបអារ៉ែង ជីផាត កោះកុងក្រៅ កោះស្រឡៅ កោះស្មាច់ កោះស្តេច ខ្នងរ៉ាដា ខ្នងផ្សា ភ្នំឳរ៉ាល់ ព្រៃ និងទេសភាពនៃខេត្តកោះកុង ពោធិសាត់ កំពង់ស្ពឺ រតនៈគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង និងទេសភាពតំបន់មួយចំនួនផ្សេងទៀតនៅកម្ពុជា ទាំងនេះជាតំបន់ដែលទាញអារម្មណ៍លោក ឡាម៉ូ ជាអ្នកថតរូបអាជីពមួយនៅកម្ពុជាចំណាយពេលជិត៦ឆ្នាំចុះទៅថតផ្ទាល់។

លោក ឡាម៉ូ ជាអ្នកថតរូបអាជីពដែលចំណាយពេលជិត៦ឆ្នាំក្នុងការស្វែងរកតំបន់ទេសចរណ៍ដែលមនុស្សភាគច្រើនមិនបានទៅដល់

***>>តើហេតុផលអ្វីដែលនាំចិត្តឲ្យលោកសម្រេចចិត្តធ្វើដំណើរផ្សងព្រេងក្នុងព្រៃដើម្បីផលិតរូបយ៉ាងដូច្នេះ?***

លោក ឡាម៉ូ៖ ហេតុផលដែលខ្ញុំសម្រេចធ្វើដំណើរផ្សងព្រេងដើម្បីផលិតរូបនេះគឺកើតចេញតាំងពីឆ្នាំ១៩៩៥ក្នុងដំណើរទេសចរណ៍បែបផ្សងព្រេងក្នុងព្រៃភ្នំដំបូងនៅខេត្តឈៀងម៉ៃប្រទេសថៃ។ ដំណើរទេសចរណ៍នេះបានធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រឡាញ់កាន់តែខ្លាំងនៃដំណើរទេសចរណ៍បែបផ្សងព្រេងដូចនេះ។ ហើយខ្ញុំគិតថា មកកម្ពុជាវិញលោកនឹងធ្វើដំណើរទេសចរណ៍បែបនេះ។ តែអ្វីដែលយើងចង់មិនដូចការគិតនោះទេ មកដល់កម្ពុជាភ្លាមគំនិតមួយនេះមិនទាន់ធ្វើចេញនោះទេដោយហេតុផលជាប់ការសិក្សា និងកត្តាជីវភាព។ រហូតដល់ ឆ្នាំ២០១៤ទើបបានគម្រោងមួយនេះបានចាប់ផ្តើម ហើយដំណើរផ្សងព្រេងដំបូងរបស់ខ្ញុំនៅឆ្នាំ២០១៤ គឺធ្វើដំណើរទៅព្រៃកង្កែបតំបន់អារ៉ែងខេត្តកោះកុង។

>>តើអ្វីជាគោលបំណងធំក្នុងការសម្រេចចិត្តធ្វើដំណើរទេសចរណ៍ផ្សងព្រេងក្នុងព្រៃបែបនេះ?

លោក ឡាម៉ូ៖ គោលបំណងធំក្នុងការធ្វើបែបនេះគឺ ចង់ផ្សព្វផ្សាយពីធនធានធម្មជាតិ តំបន់ដែលមានសក្តានុពលទេសចរណ៍ដែលយើងមាន និងកប់ចោល យកមកបង្ហាញឲ្យប្រជាជនកម្ពុជា បរទេស និងភ្ញៀវទេសចរបានស្គាល់នៅអ្វីដែលប្រទេសកម្ពុជាដែលយើងមាន និងហេតុផលមួយទៀតខ្ញុំស្រឡាញ់ការថតរូប ដូចនេះខ្ញុំចង់បង្ហាញនូវបច្ចេកទេសនៃការថតរូបឲ្យអ្នកថតរូប អ្នកស្រឡាញ់រូប បានដឹងពីការថតរូប ដោយក្នុងនោះចង់ឲ្យដឹងពីធាតុផ្សំនៃរូបមួយសន្លឹកដែលស្អាត ល្អ ទាមទាឲ្យអ្នកថតត្រូវដឹង និងយល់ពីពេលវេលា ភាពអំណត់អត់ធន់ ការព្យាយាម និងដើម្បីរកភាពទាក់ទាញរបស់រូប។

>>ក្នុងមួយជើងៗតើលោកត្រូវចំណាយពេលប៉ុន្មានថ្ងៃ ដើម្បីស្វែងរក និងថតរូបឲ្យមានភាពទាក់ទាញបង្ហាញពីតំបន់ទាំងនោះ?

លោក ឡាម៉ូ៖ សម្រាប់ខ្ញុំអ្នកថតរូបគឺខុសពីអ្នកដើរផ្សងព្រេងក្នុងព្រៃ អ្នកដើរកម្សាន្តគេចំណាយតែមួយ១យប់មួយថ្ងៃអីគេចុះមកវិញហើយ តែចំពោះខ្ញុំវិញយ៉ាងហោចណាស់ក៏ត្រូវការ ៣យប់ ទៅ ១សប្តាហ៍ ដែរដើម្បីឲ្យខ្ញុំថតទីតាំងនោះឲ្យបានល្អ។

>>តើអ្វីខ្លះជាផលលំបាកដែលលោកជួបប្រទះក្នុងការចុះផលិតរូបទាំងនេះ?

**លោក ឡាម៉ូ៖ បើនិយាយពីផលលំបាកមានច្រើនណាស់ ការធ្វើដំណើរកាត់ព្រៃឡើងភ្នំ ហាលថ្ងៃហាលភ្លៀង ឆ្លងការសំបុកសត្វសាហាវគ្រប់ប្រភេទ ហើយអ្វីដែលជាការលំបាកខ្លាំងរបស់ខ្ញុំគឺអាកាសធាតុរងា ភ្លៀងដែលធ្វើឲ្យសើមសម្ភារៈ សម្លៀបបំពាក់ និងមិនអាចសម្រាក និងងគេងបាន។ ហើយកត្តាធំមួយទៀតដែលនោះគឺបញ្ហាហិរញ្ញវត្ថុ និយាយទៅទាំងពីឆ្នាំ២០១៤ ដល់២០២០នេះគឺខ្ញុំ ចំណាយដោយខ្លួនឯងទាំងអស់។ បើគិតជាមធ្យមក្នុងមួយជើង ខ្ញុំចំណាយពី៧០ ទៅ១០០ដុល្លារ បើបូកសរុបតាំងពី២០១៤ មកដល់ឥឡូវខ្ញុំចំណាយរាប់ម៉ឺនដុល្លារហើយ។

>>តើការផលលំបាក និងហេតុផលខាងលើនេះអាចជាហេតុផលអាចឲ្យលោកឈប់ពីការងារនេះដែរឬទេ?

លោក ឡាម៉ូ៖ បញ្ហានេះខ្ញុំក៏ធ្លាប់យកមកគិតដែរ ថាដល់ពេលណាដែលខ្ញុំអស់ធនធានលែងបន្តការងារហ្នឹង ហើយរហូតមកដល់បច្ចុប្បន្នខ្ញុំអាចនៅបន្តបានដោយសារខ្ញុំមានចំណូលមួយផ្នែកពីជំនួញរបស់ខ្ញុំយកមកចំណាយក្នុងការងារនេះ ហើយខ្ញុំក៏មិនដឹងថាខ្ញុំអាចបន្តវាបានរហូតដល់ពេលណានោះដែរ បើសិនជាខ្ញុំមានធនធានខ្ញុំនឹងបន្តការងារមួយនេះដើម្បីលើកស្ទួយវិស័យទេសចរណ៍របស់យើង។

>>អ្វីជាគោលបំណងរបស់លោកទៅថ្ងៃមុខទាក់ទងនឹងរូបថតនៃការងារទាំងនេះ?

លោក ឡាម៉ូ៖ មិនប្រាកដ១០០ភាគរយនោះទេ តែខ្ញុំបានគិតជាងមួយឆ្នាំហើយគឺ អាចនៅឆ្នាំ២០២១ ខ្ញុំនឹងអាចចេញជាសៀវភៅមួយក្បាលនិយាយពីការថតរូប និងរូបភាពទាំងអស់គឺទាក់ទងនឹងស្រុកខ្មែរ។ វាជាស្នាដៃមួយដើម្បីប្រទេសរបស់យើងមានសៀវភៅនិយាយពីការថតរូប ខ្ញុំនឹងប្រមូលរូបដែលជាស្នាដៃរបស់ខ្ញុំជាង១០ទាំងអស់យកមកបញ្ចូលក្នុងសៀវភៅមួយក្បាលនេះ។ តាមការគ្រោងសៀវភៅបែបចែកជាផ្នែកសំខាន់ៗដូចជា រូបថតសិល្បៈ សត្វ ការរស់នៅប្រចាំថ្ងៃ ទេសភាព វប្បធម៌។

>>គ្រប់រូបដែលលោកបានផុសលើបណ្តាញសង្គម មិនថាអាខោនហ្វេសបុករបស់លោក ក៏ដូចជាផេក Unseen Cambodia តែងតែឃើញពាក្យ បេះដូងអ្នកថតរូប តើអ្វីជាអត្ថន័យនៃឃ្លា "បេះដូងអ្នកថតរូប" ?]

លោក ឡាម៉ូ៖ ឃ្លាថា “បេះដូងអ្នកថតរូប” គឺចេញពីអ្វីដែលខ្ញុំគិតមុនគេ ថតរូបគឺយើងយកបេះដូងមកថត មិនមែនត្រឹមតែចុច ឬទៅកន្លែងណាមួយមិនបានជោគជ័យ ហើយគិតថាបរាជ័យនោះទេ “បេះដូងអ្នកថតរូប” គឺចង់បញ្ជាក់ថា យើងតស៊ូ អត់ធ្មត់ ក្នុងការផលិតរូបនឹងឲ្យទាល់តែបាន បើទោះជាយើងត្រូវការចំណាយកម្លាំងកាយ ចិត្ត ពេលវេលា លុយកាក់ក៏ដោយយើងត្រូវចំណាយដើម្បីផលិតរូបដែលយើងចង់បាន។ ផលិតរូបមួយសន្លឹកដែលទាកទាញវាទាមទាឲ្យហើយលោះបង់ ការលោះបង់នេះគឺកើតចេញពីបេះដូង ហើយឃ្លា “បេះដូងអ្នកថតរូប” នេះកើតចេញពីនេះឯង។ ក្រុម “បេះដូងអ្នកថតរូប” បង្កើតនៅឆ្នាំ២០១៦ គឺមានរយៈពេលជិត៤ឆ្នាំមកហើយ សព្វថ្ងៃមានសមាជិក៤។ ខ្ញុំស្វាគមន៍ជានិច្ចសម្រាប់អ្នកដែលចង់ចូលជាសមាជិក ដោយជាគោលការគឺមានចិត្ត គំនិតដូចអ្វីដែលខ្ញុំបានរៀបរាប់ខាងលើ។

លោក “ឡាម៉ូ ឬ La Mo” មានឈ្មោះពិតថា “លី មិន” កើតនៅឆ្នាំ ១៩៧៧ នៅភូមិកំពង់ក្តី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា ចាប់ផ្តើមអាជីពថតរូបឆ្នាំ២០០៩។ ស្នាដៃរូថតរបស់ លោក ឡាម៉ូ ឈ្នះពាន់រង្វាន់ជ័យលាភីលេខ១ ពីរឆ្នាំជាប់គ្នា ២០១៧ និង ២០១៨ ក្នុងកម្មវិធី Sony World Photography Awards ប្រចាំកម្ពុជា, ជ័យលាភីលេខ២ ក្នុងកម្មវិធីលំដាប់អាស៊ី Canon Asia Championship ២០១៨ និងត្រូវបានតាំងជាសាធារណៈក្នុងកម្មវិធីពិព័រណ៌រូបថតធំប្រចាំកម្ពុជា Photo Phnom Penh Festival ២០១៨ ហើយសព្វថ្ងៃលោកក៏ជាទូតសុឆន្ទះរបស់ក្រុមហ៊ុនកាំមេរ៉ា FujiFilm និង Zeiss Lensផងដែរ៕

រូបថត៖ ផ្តល់សិទ្ធិដោយ Lamo/Unseen Cambodia

អត្ថបទ៖ លន ហ្សាឌីណា