ធនាគារ អេស៊ីលីដា គោះជួងប្រកាសជាផ្លូវការ លក់ហ៊ុនជាសាធារណៈដំបូងគេនៅកម្ពុជា

  • 2020-05-25 06:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំឡេងជួងបន្លឺឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែឧសភា នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(ផ.ម.ក.)គឺជាការបន្លឺឡើងនៃការប្រកាសបើកការជួញដូរមូលបត្រកម្មសិទ្ធិជាផ្លូវការរបស់ធានគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជដំបូងគេបង្អស់ជាប្រវត្តិសាស្រ្ត នៅក្នុងផ្សារមូលបត្រកម្ពូជា។

សូមចុចអាន៖ អេស៊ីលីដា នឹង​​ចុះបញ្ជីលក់ភាគហ៊ុន IPO នៅផ្សារមូលបត្រកម្ពុជា ថ្ងៃទី២៥ ឧសភានេះ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាគណៈអធិបតីចូលរួមពិធីគោះជួងបើកការជួញដូរមូលបត្ររបស់ធនាគារអេស៊ីលីដា កាលពីព្រឹកមិញ បានបញ្ចេញមតិពីការស្វាគមន៍ គាំទ្រធនាគារមួយនេះ និងបានចាត់ទុកធនាគារអេស៊ីលីដា ជាធនាគារដំបូងបង្អស់បានចុះបញ្ជីផ្លូវការ និងបើកលក់ការជួញដូរមូលបត្រកម្ពុជា។

ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាការបើកទំព័រស័ករាជថ្មីនៃប្រវត្តិជោគជ័យរបស់ធនាគារ ក្នុងនាមជាធនាគារពាណិជ្ជទី១ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចុះបញ្ជីនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានបង្ហាញក្ដីសង្ឃឹមទៀតថា វត្តមានរបស់ធនាគារអេស៊ីលីដា នៅក្នុងផ្សារមូលបត្រកម្ពុជានៅពេលនេះ នឹងជាផ្នែកមួយសំខាន់នៅក្នុងការកៀរគរ វិនិយោគិនបរទេស ជាពិសេសវិនិយោគិនក្នុងស្ថាប័ន ដែលចូលរួមជាចលករសំខាន់នៅក្នុងទីផ្សារមូលបត្រកម្ពុជា។

ទាក់ទងនឹងបញ្ហានេះ លោកបណ្ឌិត អ៉ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ការបើកលក់ទីផ្សារមូលបត្រកម្ពុជារបស់ធនាគារអេស៊ីលីដា នៅពេលនេះ នឹងធ្វើឲ្យធនាគារកាន់តែមានប្រភពទុនរឹងមាំជាងមុន តាមរយៈការចូលរួមពីវិនិយោគិនក្នុងស្រុក និងវិនិយោគិនទូទៅចង់ចូលរួមវិនិយោគជាមួយអេស៊ីលីដា តាមរយៈការទិញ លក់ទីផ្សារមូលបត្រកម្ពុជានៅពេលនេះ។

បើផ្អែកតាមសន្ទរកឋារបស់ លោកបណ្ឌិត អ៉ិន ចាន់នី ដែលបានសរសេរនៅលើវិបសាយរបស់អេស៊ីលីដា បានបញ្ជាក់បន្ថែមថា តាមរយៈការចូលរួមក្នុងដំណាក់កាលបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិនរូបវន្តបុគ្គល និងនីតិបុគ្គល មានឱកាសវិនិយោគជាលើកដំបូងនៅក្នុងធនាគារពាណិជ្ជដែលបានចុះបញ្ជី នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិតបានបន្ថែមទៀតថា «ភាគហ៊ុនិកសាធារណៈថ្មីរបស់ធនាគារ នឹងទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើនរបស់ធនាគារ តាមរយៈភាគលាភ និងចំណេញមូលធន។ ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទាក់ទាញវិនិយោគិនរូបវន្តបុគ្គលសញ្ជាតិខ្មែរជាច្រើនចូលរួមវិនិយោគ នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានឹងបន្តរួមចំណែកអភិវឌ្ឍផ្សារមូលធនកម្ពុជា» ។

លោកបណ្ឌិតក៏បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសន្និសីទសារព័ត៌មាន នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា កាលពីព្រឹកមិញនេះដែរថា «យើងជំរុញ និងលើកទឹកចិត្តនៃការលក់ជាសាធារណៈទៅឲ្យពលរដ្ឋកម្ពុជា ឬអតិថិជនធនាគារមួយណាក៏បាន អាចក្លាយទៅជាភាគហ៊ុននៃធនាគារអេស៊ីលីដា។ មូលនិធិមិនសំខាន់នោះទេ ព្រោះយើងមានប្រភពទុនដ៏រឹងមាំរួចទៅហើយ ហើយការបើកលក់នៅពេលនេះគ្រាន់តែចង់បើកឱកាសដល់មហាជនអាចចូលរួមវិនិយោគ យើងអត់ត្រូវការក្រុមហ៊ុនធានាទិញនោះទេ យើងចង់ធ្វើខ្លួនឯង ជជែកពិភាក្សាជាមួយវិនិយោគិនខ្លួនឯង»។

លោកបណ្ឌិតក៏បានលើកឡើងដែរថា ការបើកលក់ប្រមាណជា៣ខែកន្លងមកនេះ យើងស្រូបបានអ្នកចូលរួមប្រមាណជាជាង ២ ០០០នាក់ ហើយប្រភពទុនសំខាន់មួយទៀត នៃសមាជិកបញ្ញើសន្សំរបស់អេស៊ីលីដាមានប្រមាណជាជាង ២លាន៣សែន គណនីរួចទៅហើយ។ យើងមានប្រភពទុនមាំហើយ យើងគ្រាន់តែចង់បើកឲ្យមានការចូលរួមពីវិនិយោគិនសាធារណៈ ជាពិសេសពលរដ្ឋកម្ពុជា ខណៈវិនិយោគិនបរទេសមិនអាចមកចូលរួមបាននៅកម្ពុជាព្រោះស្ថានភាពជំងឺកូវីដ១៩។ «ចុះទម្រាំវិនិយោគិនបរទេសមិនអាចមកចូលរួមបានផង យើងធ្វើបានប៉ុណ្ណឹង ចុះទម្រាំពួកគាត់អាចចូលរួមទៀត គឺយើងនឹងមានការចូលរួមយ៉ាងសំខាន់ជាងនេះទៀត។ នេះជាភាពជោគជ័យរបស់យើង»។

ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកមិញដែរថា ការប្រកាសបើកការជួញដូរមូលបត្រកម្មសិទ្ធិរបស់ធនាគារអេស៊ីលីដានៅពេលនេះគឺជាសញ្ញាណមួយដ៏ល្អមួយទៀតសម្រាប់ទាក់ទាញវិនិយោគិនផ្សេងទៀតចូលរួមនៅក្នុងទីផ្សារមូលបត្រកម្ពុជា។ «យើងក៏រំពឹងដែរថា នឹងមានក្រុមហ៊ុនប្រមាណ២ទៀត នឹងចូលរួមចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជានៅអំឡុងឆ្នាំ២០២០នេះ ដែលសព្វថ្ងៃនេះ មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ១២ រួចទៅហើយ។ ឯអ្នកមកបើកគណនីជួញដូរមានប្រមាណជា ២ម៉ឺន ៥ពាន់គណនី ដែលជាសន្ទុះច្រើនបន្ទាប់ពីធនាគារអេស៊ីលីដា បានចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា»

សូមជម្រាបថា រយៈពេល ២៧ឆ្នាំកន្លងមកហើយ ដែលធនាគារ អេស៊ីលីដា បានកម្លាយខ្លួនពីអង្គការក្រៅរដ្ឋាភិបាល (NGO) ទៅជាធនាគារលំដាប់ថ្នាក់លេខ១ ក្នុងកម្ពុជា។ គិតត្រឹមដំណាច់ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាធនាគារធំជាងគេបំផុតនៅកម្ពុជា ដែលមានសំពៀតឥណទានសរុប (៣.៦១ ប៊ីលានដុល្លារអាមេរិក) និងមូលធនសរុប (៨៩៨.៥៦លានដុល្លារអាមេរិក) ទ្រព្យសកម្មសរុប (៦.០៩ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសរុប (៤.២៤ប៊ីលានដុល្លារអាមេរិក)៕

អត្ថបទពេញនិយម