Joe Hart ​កាល​នៅ Man City ចាប់​ផ្ដើម​ភ័យ​ខ្លួន​​ ពេល​ដឹង​ Pep ឡើង​កាន់

  • 2020-05-25 11:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាំ​ទី​ក្លឹប​ Manchester City កីឡាករ​ Joe Hart បាន​និយាយ​ទៅ​កាន់​ The Guardian កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នៅ​ពេល​ដែល​លោក​ Pep Guardiola ផ្លាស់​មក​ដឹក​នាំ​ក្លឹប​​នេះ​ដំបូង​នៅ​ឆ្នាំ​ ២០១៦​ គេ​ក៏​ចាប់​ផ្ដើម​មាន​ការ​ព្រួយបារម្ភ​ទៅ​អាជីព​របស់​គេ​នៅ​ទី​នោះ​ភ្លាម​។

Hart បាន​និយាយ​ថា​៖" កាល​នោះ​ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​គួរសម​ដែរ​​នៅ​ពេល​លោក​ Pep មក​ដឹក​នាំ​ដំបូង​។ ទោះ​បី​មាន​អ្នក​ជិត​ស្និទ្ធ​នឹង​ខ្ញុំ​មក​ប្រាប់​កុំ​ឲ្យ​មាន​អារម្មណ៍​អញ្ចឹង​ តែ​ខ្ញុំ​នៅ​តែ​គិត​ថា​ខ្ញុំ​ប្រាកដ​ជា​មាន​បញ្ហា​នៅ​ទី​ហ្នឹង​"។

អ្នក​ចាំ​ទី​រូប​នេះ​បាន​បន្ត​ថា​៖" នៅ​ពេល​ខ្ញុំ​ត្រលប់​ពី​ប្រកួត​មួយ​នៅ​ចុង​ឆ្នាំ​ ២០១៦​នោះ​ គាត់​ក៏​បាន​សម្រេច​រួច​ទៅ​ហើយ​ ថា​នឹង​ត្រូវ​ផ្ទេរ​ខ្ញុំ​ចេញ​ទៅ​ក្លឹប​ផ្សេង​។ Pep គាត់​ជា​មនុស្ស​ច្បាស់​លាស់​ គាត់​សម្រេច​ម៉េច​ គាត់​នឹង​ធ្វើ​អញ្ចឹង​មែន​"។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ Hart បាន​បន្ថែម​ថា​ គេ​មិន​ខឹង​នឹង​ដែល​ធ្វើ​អញ្ចឹង​ដាក់​គេ​ទេ​ ព្រោះ​​គេ​បាន​ដឹង​រួច​មក​ហើយ​ថា​ Pep មាន​គោលការណ៍​ក្នុង​ដឹក​នាំ​ក្លឹប​ Manchester City ច្បាស់​លាស់​ ដើម្បី​ឲ្យ​ក្លឹប​នេះ​ដើរ​ទៅ​មុខ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Joe Hart បាន​លេង​ឲ្យ​ក្លឹប​ Mancehster City តាំង​ពី​ឆ្នាំ​ ២០០៦​ដល់​ ២០១៧​ ដោយ​បច្ចុប្បន្ន​នេះ​ កីឡាករ​រូប​នេះ​កំពុង​តែ​លេង​ឲ្យ​ក្លឹប​ Burnley៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី