CAMSOC៖​ បើក​កិច្ចប្រជុំ​ជា​មួយ​គណៈកម្មការ​ជំនាញ​ចំនួន​ពីរ​ និង​ពិនិត្យ​និមិត្តសញ្ញា​ «Mascot»​

  • 2020-05-27 10:06:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី៣២​ ហៅ​កាត់​ថា​ CAMSOC​ ម្សិលមិញ​នេះ ​បើក​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​ព័ត៌មាន​ និង​គណៈកម្មការ​វប្បធម៌​ទាក់ទង​ទៅ​និង​ដំណើរ​ការ​ផ្សេងៗ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣។​

រូបភាពរបស់ Cambodia SEA GAMES 2023

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​គណៈ​អចិន្ត្រៃយ៍​ដែល​ដឹកនាំ​ដោយ​អនុប្រធាន​ម្សិលមិញ​នេះ​គឺ​ជួប​ជា​មួយ​គណៈកម្មការ​ជំនាញ​ចំនួន​ពីរ​ ទី១​ កម្មការ​ព័ត៌មាន​ និង​ផ្សព្វផ្សាយ​ ទី២​ គណៈកម្មការ​វប្បធម៌​ បរិស្ថាន​ ដើម្បី​ធ្វើ​បទ​បង្ហាញ​ផែនការ​ផ្សេងៗ​មុន​យក​ទៅ​ឆ្លង​ជូន​ទៅ​ប្រធាន​សម្ដេច​ ទៀ​ បាញ់។​

រូបភាពរបស់ Cambodia SEA GAMES 2023

អ្នក​ជំនាញ​ខាង​កីឡា​ខាង​លើ​នេះ​បន្ត​ប្រាប់​ទៀត​ថា​ ក្រោយ​ស្ដាប់​ការ​លើក​ឡើង​របស់​ប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​ពីរ​រួច​មក​ គឺ​គណៈ​កម្មការទាំង​ពីរនេះ​បាន​ធ្វើ​កិច្ចការ​រួចរាល់​ប្រមាណ​ ៦០​ ទៅ​ ៧០​%​ ហើយ។​ គណៈ​អចិន្ត្រៃយ៍​មាន​វឌ្ឍនភាព​ និង​បាន​ពន្លឿន​លើ​កិច្ចការ​របស់​គណៈកម្មការ​ជំនាញ​ទាំង​ពីរ​នេះ​ហើយ​ដែរ​ ព្រោះ​គណៈកម្មការ​ជំនាញ​ពីរ​នេះ​ត្រូវ​ចេញ​ដំណើរ​មុន​គេ​ ដើម្បី​ធ្វើ​សកម្មភាព​ការងារ​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី៣២​។​

រូបភាពរបស់ Cambodia SEA GAMES 2023

ក្រៅ​តែ​ពី​ប្រជុំ​ជា​មួយ​គណៈកម្មការ​ជំនាញ​ខាង​លើ​នេះ​ហើយ​នោះ​ អង្គប្រជុំ​ក៏​បន្ត​ពិនិត្យ​និមិត្តសញ្ញា​ «Mascot»​ បាវចនា​ផង​ដែរ។​ ក្នុង​នោះ​ជា​លទ្ធផល​គឺ​មាន​ភាព​ស្មុគស្មាញ​ច្រើន​ ដោយ​ត្រូវ​បន្ត​ពិនិត្យ​សម្រិតសម្រាំង​ឲ្យ​មាន​ភាព​ច្បាស់លាស់​ខ្លាំង​បន្ថែម​ទៀត​ មុន​នឹង​សម្រេច។​ ដោយ​សារ​នេះ​គឺ​ជា​និមិត្តរូប​ នៃ​ស៊ីហ្គេម​ លើក​ទី៣២​ ទាំងមូល​ ដូច្នេះ​ឯកឧត្ដម​បណ្ឌិត​ ថោង​ ខុន​ បាន​ជំរុញ​ឲ្យ​បន្ត​កែលំអ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្លាក​សញ្ញា​ និមិត្តសញ្ញា​ និង​បាវចនា​ ឬ​ពាក្យ​ស្លោក​នេះ​មាន​ភាព​ទាក់ទាញ​ ត្រូវ​ទៅ​និង​គោលការណ៍​ នយោបាយ​កីឡា​ផង​ ព្រម​ទាំង​ស្រប​ទៅ​តាម​គោល​នយោបាយ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ផង​ពី​ព្រោះ​ ស៊ីហ្គេម ​គឺ​ជា​របស់​ទាំង​អស់​គ្នា។​

រូបភាពរបស់ Cambodia SEA GAMES 2023

រំលឹក​ដែរ​ថា​ កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​ម្សិលមិញ​នេះ​ធ្វើ​ឡើង​នៅ​ឯ​ទីស្នាក់ការ​គណៈកម្មការ​ជាតិ​អូឡាំពិក​នៃ​កម្ពុជា​ (NOCC)​ ដែល​មាន​ឯកឧត្ដម​ ថោង​ ខុន​ អនុប្រធាន​ ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ និង​មន្ត្រី​ជំនាញ​របស់​ CAMSOC​ ជា​ច្រើន​នាក់​ទៀត៕

អត្ថបទ​កែសម្រួល​ពី​ផេក​ Cambodia SEA GAMES 2023

អត្ថបទថ្មី