"ការបាត់ខ្លួនរបស់ខ្ញុំនៅលើភ្នំបូកគោ" រឿងពិត​របស់​យុវជន​មួយរូប ដែល​​កើត​​ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ

  • 2020-05-27 13:06:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ


ប្រិយមិត្ត​ប្រហែលជា​ដឹង​ហើយថា ជំងឺបាក់ទឹកចិត្ត (Depression) គ្រោះថ្នាក់ប៉ុណ្ណា។ មនុស្ស​មួយចំនួន​ គិតថា អ្នក​​មាន​បញ្ហា​បាក់​ទឹកចិត្ត គឺ​មក​ពី​គិត​ច្រើន រហូត​ឈាន​ទៅ​គិត​ខ្លី​ធ្វើ​រឿង​មួយ​ចំនួន​ដែល​ស្មាន​មិន​ដល់ បើ​ធ្ងន់ធ្ងរ​ គឺ​ដល់​ថ្នាក់​សម្លាប់​ខ្លួន​ឯង​ក៏​មាន។ ផ្ទុយ​ទៅ​វិញ​ បើ​តាម​អ្នក​ជំនាញ​សុខភាព​ផ្លូវចិត្ត​ បាន​បញ្ជាក់​ថា ការ​បាក់​ទឹកចិត្ត​ គឺ​មាន​រឿង​ច្រើន​លើស​ពី​អ្វី​ដែល​យើង​មិន​ធ្លាប់​ដឹង។ វា​អាច​បង្ក​ជា​រោគសញ្ញា​គ្រប់​យ៉ាង ហើយ​ថែម​ទាំង​អាច​មាន​ការ​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ ទៅ​ម្នាក់​ទៀត​ផង​ដែរ។

ថ្ងៃនេះ [Sabay] សូមលើក​យក​រឿងរ៉ាវ​របស់​យុវជន​ម្នាក់ ឈ្មោះ Chantra ដែលធ្លាប់​រងគ្រោះ​ដោយសារជំងឺបាក់ទឹកចិត្ត​ធ្ងន់ធ្ងរ រហូត​ឈាន​ទៅដល់​ការ​ប៉ុនប៉ង​សម្លាប់​ខ្លួន​ជាច្រើនដងថែមទៀតផង។

យុវជន Chantra (រូបភាពពីហ្វេសប៊ុក Chantra)

Chantra បានរៀបរាប់​រឿងរ៉ាវ​របស់​ខ្លួន នៅ​លើ​គណនី​ហ្វេសប៊ុក ដែល​មាន​ខ្លឹមសារ​ដើម ទាំងស្រុង ដូចខាងក្រោម៖

ការបាត់ខ្លួនរបស់ខ្ញុំនៅលើភ្នំបូកគោ

ខ្ញុំមានជំងឺបាក់ទឹកចិត្ត (Depression) ចំនួន ៥ឆ្នាំមកហើយ គឺចាប់តាំពីឆ្នាំ ២០១៥ មកម្លះ ហើយក៏បានព្យាយាមសម្លាប់ខ្លួនបីដងដែរ តែមិនសម្រេច។ នៅដើមខែមករាឆ្នាំ២០២០ វាមានអាការៈធ្ងន់ធ្ងរជាងរាល់ដង។ អាការៈរបស់វាមាន ដូចជា មានការគិតរឿងស្មុគស្មាញច្រើន ឈឺក្បាល ចុកដើមទ្រូង និងមានចិត្តអន្ទះអន្ទែង។ វាធ្វើអោយខ្ញុំគេងមិនលក់ (មានពេលមួលខ្ញុំគេងមិនលក់ ១៧ថ្ងៃជាប់គ្នា) និងមិនអាចប្រមូលអារម្មណ៍ធ្វើកាងារបាន។ ខ្ញុំបានទៅជួបពេទ្យចិត្តសាស្រ្តជាច្រើន ប៉ុន្តែអាការៈរបស់ខ្ញុំមិនបានធូរស្រាលឡើយ គឺវាកាន់ធ្ងន់ធ្ងរទៅ។ ខ្ញុំបានប្រាប់ពីជំងឺរបស់ខ្ញុំទៅ ប៉ាម៉ាក់ បងប្អូន មិត្តភក្តិ និងព្រះសង្ឃ ប៉ុន្តែគ្មានអ្នកណាអាចជួយអោយខ្ញុំធូរ​ស្រាលបានឡើយ។ ជំងឺនេះ បានធ្វើអោយខ្ញុំលែង ចង់ធ្វើអ្វីទាំអស់ ខ្ញុំមើលឃើញពិភពលោកយើង តែភាពខ្មៅងងឹត និងអាប់អួណាស់ វាធ្វើអោយខ្ញុំបាត់បង់គោលដៅជីវិត ហើយគ្មានអ្វីធ្វើអោយខ្ញុំសប្បាយចិត្តទេ។ ខ្ញុំតែងតែសួរ ខ្លួនឯងថា បើរស់នៅបែបនេះ រស់នៅកំដរតែជំងឺ តើរស់ដើម្បីអ្វី? ខ្ញុំក៏ចាប់ផ្តើមមានផែនការសម្លាប់ខ្លួនម្តងទៀត។ ខ្ញុំបានទៅរកទិញថ្នាំងងុយគេង ថ្នាំបួនកំណាត់ (Lexomil)។ គ្រប់ឱសថស្ថានគេមិនហ៊ានលក់អោយខ្ញុំច្រើនទេ គឺយ៉ាងច្រើនបំផុត ៧ គ្រាប់តែប៉ុណ្ណោះ ខ្ញុំចំណាយពេលពេញមួយ ល្ងាចទើបទិញបានថ្នាំចំនួន ១២១ គ្រាប់។ ខ្ញុំដឹងថា បើខ្ញុំលេបថ្នាំនោះទាំមូល វានឹងមិនធ្វើអោយខ្ញុំស្លាប់ទេ ព្រោះក្រពះនឹងក្អួតថ្នាំទាំនោះចេញមកវិញ ដូចច្នេះ ដើម្បីអោយថ្នាំជ្រាបចូល សារពាង្គកាយលឿន ខ្ញុំបានកិនថ្នាំទាំងនោះអោយម៉ត់ទៅជាម្សៅ រួចដាក់នៅក្នុងដបមួយ ហើយរងចាំពេលវេលាដ៏សមស្របមួយ។ ពីមួយថ្ងៃទៅមួយថ្ងៃ អាការៈរបស់ខ្ញុំកាន់តែ ធ្ងន់ធ្ងរទៅ ខ្ញុំពិបាករស់នៅរាល់ថ្ងៃ ខ្ញុំបានសុំច្បាប់សំរាកពីការងារជារឿយៗ។

នៅយប់ថ្ងៃអាទិត្យ ទី២៦ ខែមេសា ជំងឺរបស់ខ្ញុំធ្វើទុក្ខ​យ៉ាងខ្លាំងជា​ងពេលណាទាំអស់ ដែលធ្វើអោយខ្ញុំមិនអាចទ្រាំបាន។ ខ្ញុំគេងឈឺមួយយប់ទល់ភ្លឺ។ ដោយសារកាឈឺចាប់របស់ខ្ញុំ ធំជាងសេចក្តីស្រលាញ់ចំពោះឪពុកម្តាយ និង ពូមីងបងប្អូនទើបពេលភ្លឺឡើងខ្ញុំក៏បានសំរេចចិត្តទៅសម្លាប់ខ្លួនជាលើកទី៤ គឺខ្ញុំមានបំណងទៅស្លាប់ក្នុងព្រៃដោយមិនអោយអ្នកណារកខ្ញុំឃើញឡើយ (ខ្ញុំចង់បាត់ខ្លួនពីផែនដីនេះតែម្តង)។ ខ្ញុំបានជិះឡានតាក់ស៊ីទៅកំពត រួច ខ្ញុំខំហៅម៉ូតូកង់បី ៣នាក់ ដើម្បីជូនខ្ញុំឡើងទៅភ្នំបូកគោ ប៉ុន្តែគេមិនហ៊ានជូនខ្ញុំទៅទេ ប្រហែលជាគេគិតថាខ្ញុំអាចជាចោរប្លន់។ រហូតខ្ញុំបានរកតុកតុកមួយ ដែលខ្ញុំអោយតំលៃគាត់ថ្លៃទើប គាត់យលព្រមជូនខ្ញុំទៅ។ នៅពេលជិះជិតដល់កំពូលភ្នំ ទឹកភ្នែកខ្ញុំបានហូរស្រក់ ព្រោះមិននឹកស្មានថាខ្លួនឯងធ្លាក់ខ្លួនដល់ចំនុចនេះ។ ពេលចុះពីកង់បីភ្លាម ខ្ញុំបានចំណាយពេល ២ម៉ោងកន្លះ ដើរចូលទៅក្នុងព្រៃ ខ្ញុំបានអង្គុយលើផ្ទាំថ្មធំមួយ ខ្ញុំយំយ៉ាងខ្លាំង ព្រោះអាណិតប៉ាម៉ាក់ ប្អូនប្រុស និង នឹកស្រណោះបងប្អូន និងមិត្តភក្តិឯទៀត។ បន្ទាប់មក ខ្ញុំក៏បានយកថ្នាំនោះមកផឹក (លាយក្រឡុងជាមួយទឹក)។ បន្ទាប់ពីផឹកថ្នាំហើយខ្ញុំ បានតេទូរសព្ទទៅប្រាប់ម៉ាក់ខ្ញុំថា «ម៉ាក់ខ្ញុំបានលេបថ្នាំហើយ ហើយមិនចាំបាច់មករកខ្ញុំដែរ គឺ រកខ្ញុំមិនឃើញទេ ថ្នាំចាប់ផ្តើមជ្រាបហើយ ឥឡូវនេះពេលវេលាមានតិចណាស់ យើងនិយាយគ្នាលេងទៅ ពេលខ្ញុំអស់ដង្ហើមពេលណា យើងឈប់និយាយពេលហ្នឹង»។ គាត់ព្យាយាម​សួរថាខ្ញុំនៅទីណា ប៉ុន្តែខ្ញុំមិនប្រាប់ជាដាច់ខាត។ បន្តិចក្រោយមក ថ្នាំចាប់ផ្តើមជ្រាប ចូលពេញរាងកាយរបស់ខ្ញុំ ធ្វើអោយខ្ញុំបាត់បង់ស្មារតី ខ្ញុំក៏ភ្លាត់មាត់ប្រាប់គាត់ថាខ្ញុំនៅលើភ្នំបូកគោ។ បន្ទាប់មក ខ្ញុំបានសន្លប់មួយសន្ទោះ។ ពេលខ្ញុំភ្ញាក់ដឹងខ្លួន ខ្ញុំដឹងថាខ្លួនឯងនៅរស់ ខ្ញុំមានអារម្មណ៍ថាស្ពឹកក្បាយយ៉ាងខ្លាំង និង ទន់ដៃ ទន់ដៃ (អាការៈស្រដៀងគ្នាដូចអ្នកស្រវឹងស្រាខ្លាំង) ចំនែកឯទូរសព្ទរបស់ខ្ញុំបានអស់ថ្មទៅហើយ។ ខ្ញុំមានអារម្មណ៍តូចចិត្ត​ជាខ្លាំង ព្រោះខ្ញុំបរាជ័យ​ម្តងទៀតហើយ ខ្ញុំក៏រកមធ្យោបាយផ្សេងទៀត ខ្ញុំចង់ចងក ប៉ុន្តែកំលាំងខ្សោយពេកមិនអាចឡើង លើដើមឈើបាន។ បន្ទាប់មកខ្ញុំដើរទៅរកទីខ្ពស់ ដើម្បីលោតសម្លាប់ខ្លួន ខ្ញុំដើរមួយសន្ទោះធំ ទើបដឹងថា​សណ្ឋានដីនៅទីនោះមានលក្ខណៈ រាបស្មេីគ្មានទីខ្ពស់សំរាប់លោតទេ។ មេឃចាប់ផ្តើមងងឹត ខ្ញុំក៏គេងនៅលើដីនៅនោះទៅ។ នៅពេលព្រឹកឡើងខ្ញុំបានសំរេចចិត្តដើរទៅសណ្ឋាគាវិរ​ញ ដើម្បីសំរាកយកកម្លាំង សាកថ្មទូរសព្ទ រួចឆែករកទីតាំងដើម្បីលោតជ្រោះ។ តាមពិតវាជាការសំរេចចិត្តដ៏ល្ងង់ខ្លៅ​មួយ (ដោយសារជាតិថ្នាំធ្វើអោយខ្ញុំបាត់បង់ស្មាតីក្នុងការវិភាគ) បើខ្ញុំនៅតែមួយកន្លែងក្នុងព្រៃ ខ្ញុំនឹង ស្លាប់ដោយការអត់ទឹក និងអត់អាហារដោយឯកឯងមិនខាន។ ខ្ញុំក៏សំរេចចិត្តរកផ្លូវចេញពីព្រៃវិញ។ នៅពេលដែលយើងនៅក្នុងព្រៃជ្រៅ គឺយើងមិនដឹងទឹសតំបន់ឡើយ បើយើងដើរខុសតែមួយទិស យើងនឹង​ដើរចូលព្រៃកាន់តែជ្រៅ។ ខ្ញុំមិនខ្វល់អ្វីទាំង​អស់ ខ្ញុំចេះតែដើរគ្មានគោលដៅ។ ដោយសារតែជាតិថ្នាំនៅក្នុងខ្លួនខ្ញុំច្រើនពេក ខ្ញុំមានកម្លាំង ខ្សោយណាស់ ខ្ញុំដើរដួលសន្លប់ ជារឿយៗ។ ពេលយប់ថ្ងៃទី២បានចូលមកដល់ ខ្ញុំក៏ទៅគេងលើផ្ទាំថ្មធំមួយ នៅពេលមេឃ ងងឹតខ្លាំង ខ្ញុំបានឃើញ ព្រះចន្ទ័ពេញបរមីរះចំកណ្តាល ដើមឈឺងាប់ពីរ វាមានទិសភាពស្អាតខ្លាំងណាស់ ខ្ញុំបានក្រឡេកមើលខាង ឆ្វេងដៃរបស់ខ្ញុំ ខ្ញុំបានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញព្រះមួយអង្គពណ៌មាសដែលមានពន្លឺភ្លឺចែងចាំង កំពុងអង្គុយសមាធិ។ ខ្ញុំជាមនុស្សមិនដែលជឿលើរឿងអបិយជំនឿ​ទេ ខ្ញុំគិតថាអ្វីដែលខ្ញុំឃើញគ្រាន់តែជាការស្រមៃស្រមៃដោយជាតិថ្នាំតែប៉ុណ្ណោះ ខ្ញុំក៏បានសំងំគេងលក់ទៅ។ នៅពេលព្រឹកថ្ងៃទីបី ខ្ញុំក៏បន្តដំណើរ ទៅមុខទៀត រួចក៏បានរអិលជើងដួល សន្លប់ធំ។ ខ្ញុំសុំផ្អាកនិយាយពីរឿងខ្ញុំត្រឹមនេះសិន ខ្ញុំនិយាយពីរឿងអ្នកដែលកំពុងស្វែងរកខ្ញុំម្តង។

នៅម៉ោង៩:០៥ នាទី មានលោកពូសន្ថិសុខម្នាក់ បានអះអាងថាឃើញខ្ញុំនៅក្បែរផ្លូវជាតិ គាត់បានស្រែកថា <អេ អាអូនឈប់> គាត់បន្តទៀតថាខ្ញុំបានរត់ចូលទៅព្រៃវិញបាត់។ គាត់បានប្រាប់ពីភិនភាគទៅមេរបស់គាត់ គឺដូចខ្ញុំ 100% បន្ទាប់មកកងកម្លាំង​សន្តិសុខ ប៉ូលីស ប៉េអឹម ក្រុមបង្ហាត់សុនក ក្រុមបញ្ជាដ្រូន និងបងប្អូនខ្ញុំ បានចុះស្វែងរកនៅទីតាំងនោះ ប៉ុន្តែមិនបានឃើញខ្ញុំឡើយ។ តាមពិតមនុស្សដែលគាត់ឃើញ មិនមែន​ជាខ្ញុំទេ ព្រោះខ្ញុំកំពុងតែសន្លប់នៅកណ្តាលព្រៃ។ ខ្ញុំគិតថាគាត់ក៏មិនកុហកទេព្រោះរឿងនេះវាទាក់ទងហ្នឹងក្រុមប្រតិបត្តិការណ៍នៃការស្វែងរក។

និយាយពីខ្ញុំបន្តទៀត។ ខ្ញុំបានដឹងខ្លួនរួចដើរទៅមុខទៀត ខ្ញុំដើរដួលសន្លប់ជាច្រើនដង ព្រោះខ្ញុំអត់បានញាំបាយ និងផឹកទឹក២ថ្ងៃកន្លះ ហើយជាតិថ្នាំទាំង១២១ គ្រាប់ក៏បានជ្រាបពេលខ្លួនទៀត។ ខ្ញុំដើរផង វារផង រហូតដល់ថ្នល់ជាតិ ខ្ញុំបានអង្គុយសំរាកយកកម្លាំង​មួយសន្ទោះ ដើម្បីបន្តដំណើរ​ទៅសណ្ឋាគារ។ មួយស្របក់ក្រោយមក ក៏មានម៉ូតូសន្តិសុខម្នាក់ បានជិះសំដៅមករកខ្ញុំវាជារឿង ដ៏ចៃដន្យបំផុត ដែលមនុស្សដែលជួបខ្ញុំដំបូងគេ គឺជាលោកពូសន្តិ​សុខ ដែលបានអះអាងថា ឃើញខ្ញុំកាលពីព្រឹកមិញ។ គាត់បានដឹកខ្ញុំទៅសណ្ឋាគារ ប៉ុន្តែដោយសាខ្ញុំមានសភាពខ្សោយពេក មិនអាចអង្គុយពីខាងក្រោយម៉ូតូបាន គាត់ក៏បានហៅឡានអោយមកយកខ្ញុំ។ ខ្ញុំបានគេងលក់នៅក្នុងឡាន នៅពេល ដែលខ្ញុំ ភ្ញាក់ដឹងខ្លួនឡើង ខ្ញុំមានអារម្មណ៍ថាភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញប៉ាម៉ាក់ ប្អូនប្រុស និង សាច់ញាត្តិរបស់ខ្ញុំជាច្រើន។ ពួកគាត់សប្បាយ ចិត្ត និង រីករាយពេកកន្លង ដែលអាចរកខ្ញុំឃើញហើយ ខ្ញុំនៅរស់រានមានជីវិត ប៉ុន្តែខ្ញុំវិញបែរ​ជាមានអារម្មណ៍​ទោមនស្សក្នុងចិត្តយ៉ាងខ្លាំង ព្រោះទោះជាខ្ញុំនៅរស់ក៏ដោយ តែជំងឺរបស់ខ្ញុំនៅតែមានដដែល ហើយខ្ញុំមានអារម្មណ៍ថាស្តាយក្រោយជាខ្លាំង​ដែលសំរេចចិត្តដើរចេញពីព្រៃនោះ។

ដោយសារឥទ្ធិពលថ្នាំងងុយគេង បន្ទាប់ពីចុះពីភ្នំវិញ ខ្ញុំមានអាការៈស្រវឹងខ្លាំង បាត់បង់ម្ចាស់ការលើខ្លួនឯង។ ខ្ញុំបានឆាតទៅកាន់មនុស្សជាច្រើន និង ផុសអីប្លែកៗនៅ លើ Facebook ទាំងមិនដឹងខ្លូន ។ ខ្ញុំមានលក្ខណៈច្រលើម និង លេងសើចច្រើន ដូចកូនក្មេង។ ប្អូនប្រុសរបស់បានគិតថាខ្ញុំបាត់បង់សតិ ហើយមានជំងឺសសៃប្រសាទធ្ងន់ធ្ងរហើយ។

១៥ថ្ងៃក្រោយមក ជាតិថ្នាំក៏រលាយអស់ ខ្ញុំក៏មានស្មារតីប្រក្រតីវិញ ពេលនោះហើយជំងឺរបស់ខ្ញុំក៏ចាប់ផ្តើម ធ្វើទុក្ខ​មកវិញ ហើយវាមានអាការៈ ធ្ងន់ធ្ងរជាងមុនទៅទៀត។ ខ្ញុំចាប់ផ្តើមខ្លាចមនុស្សប្លែកមុខ ខ្លាចពន្លឺ ចុកដើមទ្រូងយ៉ាងខ្លាំ នៅក្នុងក្បាលរបស់ខ្ញុំមានលឺសំលេងមនុស្សជជែកគ្នាអត់ឈប់ឈរ ខ្ញុំមានអារម្មណ៍អន្ទះអន្ទែងរហូតដល់ខ្វាចដៃ ខ្វាចជើងខ្លួនឯង ហើយមានគំនិតចង់សម្លាប់ខ្លួនជារាល់ថ្ងៃ។

ខ្ញុំសូមនិយាយត្រលប់ក្រោយបន្តិចវិញនៅថ្ងៃដែលខ្ញុំបាត់ខ្លួន មានលោកពូចិត្តសប្បុរសធម៌ម្នាក់បាន តេទូរសព្ទ មកមីងខ្ញុំ គាត់ថាបើរកខ្ញុំឃើញ គាត់នឹងនាំខ្ញុំទៅពេទ្យមួយ ពេទ្យហ្នឹងពូកែណាស់ កូនគាត់មានអាការៈលើសខ្ញុំទៀត ឥឡូវនេះកូនគាត់ជិតជាហើយ។ គាត់ថាក្នុងនាមជាឪពុក ម្តាយគាត់មានអារម្មណ៍ខ្លោចផ្សាណាស់នៅពេលឃើញកូនឈឺជំងឺមួនេះ ហើយគាត់ក៏យល់ពីអារម្មណ៍ឳពុកម្តាយរបស់ខ្ញុំដែរ។ ម៉ាក់របស់ខ្ញុំចង់ជូនខ្ញុំទៅពេទ្យតែ ខ្ញុំប្រកែចមិនទៅព្រោះខ្ញុំអស់ ជំនឿទៅលើពេទ្យទៅហើយ តែដើម្បីអោយម៉ាក់ខ្ញុំស្ងប់ចិត្ត ខ្ញុំក៏យល់ព្រម។ ពេទ្យបានសួរពីអាការៈនិង ដំណើរជីវិតរបស់ខ្ញុំតាំងតែពីតូចរហូតដល់ធំ គាត់ហៅជំងឺខ្ញុំថា ជំងឺបាក់ទឹកចិត្តកំរឹតធ្ងន់ (Severe Depression)។

ពេទ្យតម្រូវ អោយខ្ញុំព្យួរសឺរូម និង លេបថ្នាំចំនួន១០ ថ្ងៃ។ វាជារឿងមួយដ៏អស្ចារ្យណាស់ ដោយគ្រាន់តែព្យួរសឺរូម និង លេប ថ្នាំបានមួយថ្ងៃខ្ញុំមានអារម្មណ៍ថា ជាសះស្បើយបាន ៧០%ទៅហើយ។

បន្ទាប់មកពូនិងមីងដែលជាមិត្តភក្តិរបស់ប៉ាខ្ញុំគាត់មាន សណ្តានចិត្តល្អ ពួកគាត់បានអោយខ្ញុំស្នាក់នៅផ្ទះរបស់គាត់ដែលជាកន្លែងស្ងប់ស្ងាត់ល្អ ដើម្បីបង្រៀនពីបច្ចេកទេសសមាធិដល់ខ្ញុំ ។ ពេលនោះហើយដែលខ្ញុំយល់ច្បាស់ពី រឹសគល់នៃជំងឺបាក់ទឹកចិត្ត។ ជំងឺនេះកើតឡើងនៅពេលដែលចិត្តរបស់យើង ប្រតិកម្មទៅនិងបញ្ហា។ ចិត្តរបស់មនុស្ស ភាគច្រើនមានលក្ខណៈ រពិលរប៉ូច ចិត្តពោរពេញ ដោយភាព លោភៈ ទោសៈ និង មោហៈ។ នៅក្នុងជីវិតរស់នៅប្រចាំយើងតែងតែជួបបញ្ហា ពេលខ្លះរឿងដែលយើងចង់បានមិនកើតឡើងទេ ហើយរឿងដែលយើងមិនចង់បានបែជាបានកើតឡើងទៅវិញ នៅពេលដែលចិត្តយើងគ្មានសណ្តាប់ធ្នាប់ យើងនឹងយករឿងទាំនោះមកគិតដដែរៗ រហូតដល់ស្មុគស្មាញពេញខួក្បាល ក៏បណ្តាលអោយកើតជំងឺបាក់ទឹកចិត្ត។ ដើម្បីព្យាបាលជំងឺនេះ គឺ យើងត្រូវលាងសម្អាតចិត្តកខ្វក់នោះចេញ ដោយធ្វើការវះកាត់ដល់ទីជម្រៅនៃ​ចិត្តតាមរយៈ ការសមាធិ ដើម្បី ជំនួសមកវិញនៅ សេចក្តី មេត្តា ករុណា មុទិតានិង ឧបេក្ខានៅពេលនោះហើយជំងឺផ្លូវចិត្តនឹង រលឺងដាច់ឬសគុល។ ឥឡូវនេះខ្ញុំបានជាសះស្បើយ ៩០%ហើយ។

ខ្ញុំទើបតែរៀនថ្នាក់មតេយ្យនៃការសមាធិ ប៉ុន្តែវាបានផ្តល់ផល់ប្រយោជន៍ដល់ខ្ញុំជាច្រើន។

ខ្ញុំសូមសំណូមពរ ដល់ ពូមីង បងប្អូន ទាំងឡាយ ដែល មានមានជំងឺបាក់ទឹកចិត្ត (Depression) សូមកុំអស់សង្ឃឹម និង គិតខ្លីដូចជារូបខ្ញុំ ពីព្រោះពេទ្យខ្មែរយើងក៏ពូកែដែរ ហើយក៏មានវីធីសាស្រ្តផ្សេងទៀតដើម្បីព្យាបាលវា។

ជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលជួយខ្ញុំដោយសណ្តានចិត្តស្មោះស ហើយបានកែប្រែមនុស្សម្នាក់នេះដែលធ្លាប់មើលឃើញពីភពលោកពោពេញដោយភាពអាប់អួរខ្មៅងងឹត ទៅជាពិភពលោកស្រស់ស្អាតល្អផូផង់។ ហើយខ្ញុំសង្ឃឹមថាថ្ងៃក្រោយ ខ្ញុំអាចក្លាយខ្លួនជាមនុស្សរឹងមាំម្នាក់ដែលមានសមត្ថភាពអាចជួយអ្នកដទៃដូចដែលអ្នកបានជួយខ្ញុំដែរ៕

រូបភាពពីហ្វេសប៊ុក​យុវជន Chantra