ចលាចល​សង្គម​នៅ​អាម៉េរិក​៖ ១ ៤០០​នាក់​ត្រូវ​ចាប់ខ្លួន​, អ្នកកាសែត​ជាច្រើន​រង​ការវាយប្រហារ​

  • 2020-06-01 02:23:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស​ជិត​១.៤០០ ​នៅក្នុង​ទីក្រុង​ចំនួន​១៧​ នៅ​ទូទាំង​អាម៉េរិក នៅពេល​ការប្រឆាំង​តវ៉ា​បន្ត​រាលដាល​ដោយសារ​ការស្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់​។​

​ច​ច ផ្ល​យ បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន នៅ​ក្រុង​មី​នី​ប៉ូលិស​ ក្រោយ​នាយ​ប៉ូលិស​ស្បែកស ម្នាក់​ចាប់​សង្កត់ក​គាត់​យូរ​ដល់​ថប់ដង្ហើម​ស្លាប់​។​ ក្រោយ​រូប​ភាពព្រៃផ្សៃ​នេះ​ ត្រូវបាន​ផ្សព្វផ្សាយ​ បង្ក​ជា​កំហឹង​​ទូទៅ ប៉ូលិស​រូប​នេះ​ត្រូវ​បាន​បណ្តេញចេញ​ពី​អង្គភាព​ និង​ត្រូវ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម តែ​វា​មិន​បាន​សម្រាល​កំហឹង​សាធារណជន​អាម៉េរិក​ទេ ជាពិសេស​ក្នុងចំណោម​សហគមន៍​ស្បែក​ខ្មៅ​។​

ប៉ូលិស​ចាប់ខ្លួន​បាតុករ​កាលពី​ថ្ងៃ​៣០​ ឧសភា​ នៅ​ក្រុង​ញូវយ៉ក ស៊ីកា​ហ្គោ​ និង​មី​នី​ប៉ូលិស​

​សូមបញ្ជាក់​ថា ជាង​១​ភាគ​៣​នៃ​អ្នក​ត្រូវបាន​ចាប់ខ្លួន​(៥៣៣​នាក់​) ស្ថិត​នៅ​ទីក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស ដែល​កំពុង​ដាក់​ប្រើ​បម្រាម​គោចរ​និង​ស្នើ​កង​ឆ្មាំ​ជាតិ​ចូល​ជួយ​។​

​ជុំវិញ​បាតុកម្ម​នៅ​អាម៉េរិក​នេះដែរ អ្នកយក​ព័ត៌មាន​ម្នាក់​នៃ​សារព័ត៌មាន Fox News​ត្រូវ​បាតុករ​វាយ​និង​ដេញ​តាម​នៅក្រៅ​សេត​វិមាន​កាលពី​ថ្ងៃ​សៅរ៍ ។​

លោក​ ឡេ​លែន វីត​ធឺ​ត ត្រូវបាន​បណ្តើរ​ការពា​រ​ក្រោយ​ការវាយប្រហារ​នៅ​ក្រុង​វ៉ាស៊ីនតោន ដែល​លោក​បាន​និយាយថា វា​ផ្តោតលើ​អង្គភាព​សារព័ត៌មាន​របស់​លោក​។​ លោក​ត្រូវបាន​អម​ការពារ​ដោយ​ឆ្មាំ​សន្តិ​​សុខ​ជាតិ​២​នាក់​។ លោក​និង​អ្នក​ថតរូប​ម្នាក់ បាន​ដើរចេញ​ពី​ឧទ្យាន​Lafayette Park​នៅក្រៅ​សេត​វិមាន​ក្រោយពី​បែកធ្លាយ​សមាសភាព​ជា​អ្នកយក​ព័ត៌មាន​ឲ្យអង្គភាព​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋអំណាច​​ត្រាំ តែ​ត្រូវ​ដេញតាម​ពីក្រោយ​ដោយ​ក្រុម​មនុស្ស​ដែល​ពោរពេញ​ដោយ​កំហឹង​មុនពេល​ប៉ូលិស​ចូល​អន្តរាគមន៍​។​

​វីត​ធឺ​ត បាន​និយាយថា មិន​មាន​សញ្ញា​បង្ហាញ​ថា​លោក​ធ្វើការ​នៅ​សារព័ត៌មាន Fox News​ដែល​ប្រធានាធិបតី​ត្រាំ​តែង​ផ្តល់​កិច្ច​សម្ភាសន៍​ទេ តែ​បាតុករ​ម្នាក់​ចេះតែ​សួរ​គាត់​ថា​មកពី​អង្គភាព​ណា តែ​លោក​​មិន​ឆ្លើយ​។​បាតុករ​បាន​ឃើញ​រូប​លោក វីត​ធឺ​ត​នៅ​ក្នុង​ទូរស័ព្ទ​របស់​គេ​និង​ស្រែក​ប្រាប់​គេឯង​ថា លោក​មក​ពី Fox News​។​

​បាតុករ​បាន​ងាក​មក​រក​លោក​វីត​ធឺ​ត ដេញ​វាយ​និង​យក​ម៉ា​យ​ក្រូ​ហ្វូន​ពី​លោក​ និងគ​ប់លោក​។ លោក​បាន​និយាយ​នៅពេល​ក្រោយ​មក​ថា​«​វា​មាន​មោទនភាព​ណាស់​ក្នុង​ការបំពេញ​ការងារ​របស់ខ្ញុំ ជា​អ្នក​​កាសែត​ម្នាក់​។​ ខ្ញុំ​មាន​មោទនភាព​ដែល​ធ្វើការ​ក្នុង​អង្គភាព​ដែល​បង្ហាញ​ការពិត​ក្នុង​សេចក្តីរាយការណ៍​របស់​យើង​…​យើង​បន្ត​ប្រាប់​រឿង​របស់​យើង​និង​ធ្វើ​អ្វី​ដែល​ត្រូវធ្វើ​»​។​

​សូមបញ្ជាក់​ថា អ្នកកាសែត​ជាច្រើន​នៅ​អាម៉េរិក រងគ្រោះ​ពី​ភាពវឹកវរ​នៅ​ពាសពេញ​អាម៉េរិក​នេះ​។ ​អ្នកយក​ព័ត៌មាន​ឲ្យ​ទូរទស្សន៍​មួយ​បាន​រង​របួស​ជើង​ដោយ​ត្រូវ​គេ​គប់​នឹង​ដុំថ្ម​នៅ​ក្រុង​កូឡុំប៊ី នៃ​រដ្ឋ​​សោត ខា​រ៉ូ​ឡាយណា កាលពី​ថ្ងៃ​សៅរ៍ និង​អ្នកកាសែត​ម្នាក់​នៅ​ក្រុង​មី​នី​ប៉ូលិស ត្រូវ​បាញ់​ចំ​ជើង​ដោយ​គ្រាប់កាំភ្លើង​ជ័រ​។​

​បាតុករ​ក៏បាន​វាយបំផ្លាញ​ការិយាល័យ​សារព័ត៌មាន​CNN​នៅ​អា​ត្លង់​តា​​និង​ប៉ូលិស​នៅ​ក្រុង​ល្វី​វី​ល បាន​សុំទោស​ក្រោយ​សមាជិក​សារព័ត៌មាន​ឲ្យ​ទូរទស្សន៍​មួយ​ត្រូវ​ប៉ូលិស​បាញ់​ម្សៅ​ម្រេច​ដាក់​។​ កាលពី​ថ្ងៃ​សុក្រ អ្នកឆ្លើយឆ្លង​របស់​សារព័ត៌មាន​CNN លោក អូ​ម៉ា ជី​មេនេស និង​សហសេវិក​របស់លោក​ត្រូវបាន​ចាប់ខ្លួន​ក្នុងពេល​ចុះ​យក​ព័ត៌មាន​នៅ​ពេលយប់​នៅ​ក្រុង​មី​នី​ប៉ូលិស តែ​ពួកគេ​​ត្រូវបាន​ដោះលែង​និង​អភិបាល​ក្រុង​បាន​សុំទោស​CNN​។​

​អ្នក​ថតរូប​ឲ្យ​ទីភ្នាក់ងារ​សារព័ត៌មាន​AP ពីរ​នាក់​ក៏​ត្រូវ​គេ​គប់​ចំ​នៅ​ក្រុង​មី​នី​ប៉ូលិស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​ម្នាក់​ទៀត​នៅ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស​កាលពី​ថ្ងៃ​សុក្រ​៕​

ប្រភព៖ រស្មីកម្ពុជា   ​ប្រែ​សម្រួល​៖​វាសនា