ក្តៅ! ច្បាស់ការហើយ Pi Pay និង SmartLuy រួមបញ្ចូលគ្នាតែមួយ កាន់តែខ្លាំង

  • 2020-06-02 05:25:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត ក្រុមហ៊ុនស្មាត អាស្សាតា ខូ អិលធីឌី (Smart) និងក្រុមហ៊ុន ផាយផេ ភីអេលស៊ី (Pi Pay) បានទទួលការយល់ព្រមពីធនាគារជាតិកម្ពុជា ដើម្បីធ្វើសមាហរណកម្មរួមបញ្ចូលគ្នានូវក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺស្មាតលុយ (SmartLuy) ជាមួយនឹង ផាយផេ (Pi Pay) ហើយ កាលពីនៅថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២០។

ក្រោយបញ្ចប់ការធ្វើសមាហរណកម្មនេះ ក្រុមហ៊ុនទាំងពីររំពឹងថានឹងនាំទៅរកភាពវិជ្ជមាន ផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់អ្នកប្រើប្រាស់ ក្នុងការទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលនៅកម្ពុជា។

ការប្រតិបត្តិការនេះត្រូវបានរំពឹងទុកថានឹងបញ្ចប់បន្ទាប់ពីបំពេញលក្ខន្តិកៈចាំបាច់ ដែលតម្រូវតាមច្បាប់ពីខាងអាជ្ញាធរពាក់ព័ន្ធ។ ជាមួយនឹងការរួមបញ្ចូលរវាង អតិថិជន ភ្នាក់ងារ និងអ្នកលក់របស់ក្រុមហ៊ុន SmartLuy នឹងទៅចូលរួមជាមួយ ក្រុមហ៊ុន Pi Pay។

អតិថិជនដែលមានស្រាប់របស់ SmartLuy នឹងត្រូវផ្ទេរចំនួនសមតុល្យរបស់ពួកគេទៅគណនី Pi Pay មុនពេលដំណើរការសមាហរណកម្មបញ្ចប់។ ទាក់ទងលើការផ្ទេរអតិថិជន នឹងមានការផ្ដល់ជូនព័ត៌មានបន្ថែមទៀតតាមរយៈបណ្ដាញទំនាក់ទំនងផ្សេងៗ។

សម្រាប់ អតិថិជន ភ្នាក់ងារ និងអ្នកលក់របស់ស្មាតលុយ ទាំងអស់ នឹងត្រូវបានជូនដំណឹងជាបន្តក្នុងកំឡុងពេលប្រតិបត្តិការផ្លាស់ប្ដូរនេះ។

លោក Tomas Pokorny នាយកប្រតិបត្តិក្រុមហ៊ុន Pi Pay បានឲ្យដឹងថា៖ «ក្នុងនាមជាក្រុមហ៊ុនទូទាត់ការចំណាយលើប្រព័ន្ធឌីជីថលដំបូងបង្អស់នៅកម្ពុជា ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អាជីវករ និងការបង្ហាញសក្ដានុពលនាពេលអនាគតសម្រាប់សេវាកម្មតម្លៃបន្ថែមនានា ការរួមបញ្ចូលគ្នាដែលនឹងជិតបញ្ចប់ជាស្ថាពរនេះនឹងផ្ដល់ឲ្យក្រុមហ៊ុន Pi Pay នូវឱកាស និងធនធានថ្មីៗជាច្រើន ដើម្បីប្រើប្រាស់ឲ្យអស់ពីលទ្ធភាព»។

ក្រុមហ៊ុនទាំងពីរ នឹងទទួលបានការគាំទ្រកាន់តែប្រសើរ ដើម្បីគាំទ្រដល់របៀបវារៈរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយឧបសគ្គធ្វើសមាហរណកម្មឌីជីថល និងពង្រីកការអនុម័តការទូទាត់ចំណាយលើប្រព័ន្ធឌីជីថលក្នុងចំណោមអតិថិជន ក៏ដូចជា ពាណិជ្ជករ និងអាជីវកម្មលក់រាយតូចៗផងដែរ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ « ការវិវឌ្ឍន៍ជាវិជ្ជមាននេះត្រូវបានគេមើលឃើញថាស្របគ្នាទៅនឹងយុទ្ធសាស្រ្តដ៏សំខាន់នៃការពង្រឹងផលប័ត្រអាជីវកម្មឌីជីថលរបស់យើង ខណៈពេល ដែលយើងក៏បាននាំយកនៅគំនិតច្នៃប្រឌិត របៀបរស់នៅ និងការកម្សាន្តផ្សេងៗសម្រាប់អតិថិជនរាប់លាននាក់របស់យើង។

បន្ទាប់ពីការរួមបញ្ចូលគ្នា ក្រុមហ៊ុន Pi Pay (ដែលក្រុមហ៊ុន Smart Axiata នឹងក្លាយជាម្ចាស់ភាគហ៊ុនភាគតូចដ៏ខ្លាំង) នឹងមានឱកាសរកប្រាក់ចំណូលបានកាន់តែច្រើន ជាមួយទិន្នន័យដ៏ខ្លាំង បូកបញ្ចូលជាមួយហេដ្ឋារចនាសម្ពន្ធទូទាត់រឹងមាំ។ អ្វីដែលសំខាន់បំផុត គឺការបង្កើនធនធានដើម្បីទប់ទល់បញ្ហាប្រឈមបច្ចុប្បន្ន និងពេលអនាគត ក្នុងទីផ្សារដែលមានការប្រកួតប្រជែងនេះ។

លើសពីនេះទៅទៀត ក្រុមហ៊ុន Pi Pay ត្រូវបានរំពឹងថានឹងកាន់តែមានប្រសិទ្ធិភាព និងភាពច្នៃប្រឌិតខ្ពស់ ដើម្បីពង្រឹងភាពវិជ្ជមានរបស់កម្មវិធីទូរសព្វ ដែលប្រើប្រាស់នូវបណ្តាញភ្នាក់ងារដ៏រឹងមាំរបស់ក្រុមហ៊ុន SmartLuy ដែលទទួលបានការគាំទ្រ ពីភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរសព្ទចល័តឈានមុខគេនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីពីក្រុមហ៊ុន Smart Axiata និង Pi Pay សូមចូលទៅកាន់ www.smart.com.kh និងwww.pipay.com

អត្ថបទពេញនិយម