ចេញមកហើយ! បន្ទះឈីប 5G សម្រាប់ទូរសព្ទតម្លៃធូរ

  • 2020-06-17 02:34:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Qualcomm បាន​ប្រកាស​ចេញ​បន្ទះ​ឈីប Snapdragon 6-series ដំបូង​គេ​ដែល​គាំទ្រ​នូវ​សេវា 5G សម្រាប់​ប្រើ​ប្រាស់​លើ​ស្មាតហ្វូន​ដែល​មាន​តម្លៃ​ធូរ បន្ថែម​ពី​លើ​ឈីប Snapdragon 765G និង Snapdragon 865។

Snapdragon 690 នេះ​គឺ​​ជា​អ្នក​ស្នង​តំណែង Snapdragon 675 ដែល​វា​មាន​បំពាក់​មក​ជា​មួយ​នូវ​ Modem X51 ដែល​ជា​ Modem 5G។ វា​គឺ​ផ្នែក​មួយ​នៃ​គោលដៅ​របស់ Qualcomm ក្នុង​ការ​ផ្ដល់​នូវ​ស្មាតហ្វូន​ 5G តម្លៃ​ធូរ​ដល់​អតិថិជន​ទូទាំង​ពិភពលោក។ ក្រុមហ៊ុន HMD, LG, Motorola, Sharp, TCL និង Wingtech រំពឹង​ថា​នឹង​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ដែល​ប្រើ​ឈីប​ថ្មី​នេះ​ឆាប់ៗ។

Snapdragon 690 នេះ​មាន​ល្បឿន​ CPU លឿន​ជាង​មុន ២០% និង​ល្បឿន​ក្រាហ្វិក​លឿន​ជាង​មុន ៦០% បើ​ធៀប​នឹង​ឈីប Snapdragon 675។ ក្រៅ​ពី​មាន​ពាំនាំ​នូវ​សេវា 5G ហើយ​នោះ ឈីប​ថ្មី​នេះ​ក៏​អាច​គាំទ្រ​ការ​ថត​វីដេអូ HDR កម្រិត 4K/30fps និង​គាំទ្រ​ការ​ថត​រូប​សន្លឹក​ដល់​ទំហំ ១៩២MP។

បន្ថែម​ពី​នេះ​ដែរ​វា​ក៏​មាន​គាំទ្រ​នូវ Refresh Rate នៃ​អេក្រង់​រហូត​ដល់ ១២០Hz នៅ​ក្នុង​កម្រិត FHD+ និង​មាន​ Quick Charge 4+ ហើយ​មាន​គាំទ្រ​នូវ​ Wi-Fi 6 ទៀត​ផង។ លើ​ឈីប​នេះ​ក៏​មាន​នូវ​ AI Engine ជំនាន់​ថ្មី ដែល​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់ Filter Snapchat កាន់​តែ​រលូន មិន​ទាក់ៗ​ដូច​មុន ហើយ​ក៏​​ជួយ​ដល់​ការ​ផ្លាស់​ប្ដូរ​ពី​​កាមេរ៉ា​មួយ​ប្រភេទ​ទៅ​កាមេរ៉ា​មួយ​ប្រភេទ​ទៀត ហើយ​កាន់​តែ​មាន​ភាព​រលូន​ល្អ​ផង​ដែរ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង