CAMSOC បន្តកិច្ចប្រជុំផ្ដោតលើ២ចំណុច និមិត្តសញ្ញា បាវចនា ស៊ីហ្គេម និងការរៀបចំអាស៊ានប៉ារ៉ាហ្គេម
- 2020-06-17 03:10:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CAMSOC បន្តកិច្ចប្រជុំផ្ដោតលើ២ចំណុច និមិត្តសញ្ញា បាវចនា ស៊ីហ្គេម និងការរៀបចំអាស៊ានប៉ារ៉ាហ្គេម
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ហៅកាត់ថា CAMSOC ប្រជុំប្រចាំសប្ដាហ៍នេះគឺផ្ដោតលើ២ចំណុចធំៗ គឺស្លាកសញ្ញា (Logo) កែសម្រួលលើនិមិត្តសញ្ញា (Mascot) និងការរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ២ចំណុចដែលត្រូវបានលើកឡើងមកប្រជុំនេះទី១៖ គឺការត្រួតពិនិត្យចុងក្រោយទៅលើស្លាកសញ្ញា (Logo) និងកែសម្រួលលើនិមិត្តសញ្ញា (Mascot) ក៏ដូចជាកែសម្រួលលើពាក្យស្លោក ឬបាវចនា ស៊ីហ្គេម ឆ្នាំ២០២៣។ អ្នកជំនាញខាងកីឡារូបនេះលើកឡើងទៀតថា ក្រោយពីបានពិនិត្យពិចារណាទៅលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនានេះគឺដើម្បីធ្វើយ៉ាងណាឲ្យទស្សនាទាននៃស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាមានភាពទូលំទូលាយទទួលយកបានទាំងបណ្ដាប្រទេសអាស៊ានទាំងអស់ (១១ប្រទេសរួមទាំងម្ចាស់ផ្ទះកម្ពុជា)។
ចំពោះចំណុចទី២៖ គឺពិនិត្យពិភាក្សាគ្នាលើការរៀបចំទទួលធ្វើម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ ក្រោយបញ្ចប់ ស៊ីហ្គេម ដោយបានធ្វើពង្រាងកាលបរិច្ឆេទ យកថ្ងៃទី១ដល់ថ្ងៃទី១០ ខែមិថុនា។ ម្យ៉ាងទៀត CAMSOC និង NPCC បានពិនិត្យរួមគ្នាអំពីស្លាកសញ្ញា និមិត្តសញ្ញា បាវចនា ដោយគ្រាន់តែផ្លាស់ប្ដូរបន្តិចបន្តួចទៅតាមរបៀប និងបច្ចេកទេសរបស់ជនពិការ។ ចំពោះពិធីបើក-បិទ គឺកិច្ចប្រជុំបានពិភាក្សាគ្នាធ្វើដោយឡែកពីគ្នា ប៉ុន្តែការរត់ភ្លើងគប់ គឺធ្វើរួមគ្នាតែមួយជាមួយស៊ីហ្គេមដែរ។ ទាំងអស់នេះគឺជាអ្វីដែលបានធ្វើការរួមគ្នា ដោយឲ្យគណៈកម្មការជំនាញទាំង១៤នៃ CAMSOC បញ្ចូលអំពីការរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម និងបញ្ជូលសកម្មភាពការងារនានាក្នុងដំណើរឆ្ពោះទៅទទួលរៀបចំរបស់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ របស់កម្ពុជាផងដែរ។
រំលឹកដែរថា កម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នៅ ឆ្នាំ២០២៣ នឹងបន្តរៀបចំអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ នាពេលបន្ទាប់ពីបញ្ចប់កម្មវិធីនេះផងដែរ។ ចំពោះកិច្ចប្រជុំរបស់ CAMSOC សប្ដាហ៍នេះគឺធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅ NOCC ៕
អត្ថបទកែសម្រួលពីផេក Cambodia SEA GAMES 2023