ចាប់ផ្ដើមឲ្យតម្រុយខ្លះៗហើយ! តើ មាស សុខសោភា នឹងមានអ្វីថ្មី ឆាប់ៗខាងមុខនេះ?

  • 2020-06-29 09:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ស្រី​ល្បីឈ្មោះ មាស សុខសោភា អាច​នឹង​ច្រៀង​បទថ្មី ឬ​ Cover បទ​ចាស់ៗ​ ទាក់ទង​នឹង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​អុំទូក ក្រោយ​ពី​ប្រកាស​ថានាង​​​នៅ​តែចង់ផលិត​បទ​ថ្មី ជាពិសេសបទ​ចម្រៀងទាក់ទងវប្បធម៌ ប្រពៃណីខ្មែរ ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ដ​គ្រប់​វ័យ ទោះ​​ដក​ឃ្លា​មួយ​រយៈ​ពី​អាជីព​សិល្បៈក្ដី។

រដូវ​កាល​បុណ្យ​កាន់​បិណ្ឌ-ភ្ជុំបិណ្ឌ និង​បុណ្យ​អុំទូក​ជិត​ចូល​មក​ដល់ សុខសោភា ក៏​កាន់​តែ​មាន​ចិត្ត​ចង់​បញ្ចេញ​បទ​ចម្រៀង​ថ្មីៗ​ដែល​ទាក់ទង​នឹង​វប្បធម៌​ប្រពៃណី​ខ្មែរ​ភ្ជាប់​ទៅ​នឹង​ពិធី​បុណ្យ​ទាំង​ពីរនេះដែរ។ ​បើ​ទោះ​បី​ជា​សព្វថ្ងៃ​នេះ នាងហាក់​ស្ងប់ស្ងាត់​លែង​និយាយ​រឿង​សិល្បៈ ជា​ពិសេស​ការ​ឡើងឆាកតន្ដ្រី ដោយ​សារ​នាង​កំពុង​ជាប់​រវល់​នឹង​មុខ​ជំនួញ​មួយ​ជាមួយ​បង​ប្អូ​ន​នៅ​ឯស្រុកកំណើត ប៉ុន្ដែនាងធ្លាប់​ប្ដេជ្ញា​ថា​នឹង​រក​ឱកាស​ធ្វើ​បទចម្រៀង​ឲ្យ​បានច្រើន។

មាស សុខសោភា៖ "បទ​ចម្រៀង​ជាតិ បទ​ទាក់ទងនឹងវប្បធម៌-ប្រពៃណី​ខ្មែរ​ហ្នឹង ជា​អត្តសញ្ញាណ​ជាតិ អ៊ីចឹង​ខ្ញុំ​នៅ​តែ​ស្រឡាញ់ ហើយ​រក​ពេល​ធ្វើ​វា​ឲ្យ​បាន​ច្រើន ដើម្បី​បម្រើ​អារម្មណ៍​ពលរដ្ឋ​យើង​គ្រប់​ស្រទាប់"។

ក្រៅពីជាតារាចម្រៀង អតីត​តារា​ចម្រៀង​ស្រី​ប្រចាំ​ផលិតកម្ម​ថោន មាស សុខភា ក៏ជា​ទូត​សុឆន្ទៈ​របស់​ផលិត​ផលអាហារ​បំប៉ន​មួយ និង​ជា​តំណាង​ទូតសុច្ឆន្ទៈ​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន​ដែរ។

សោភា ត្រូវ​បាន​មហាជនទទួល​ស្គាល់​ថា មាន​ចិត្ត​ស្រឡាញ់​អត្តសញ្ញាណ​ជាតិ និង​គាំទ្របទ​ចម្រៀង​ប្រពៃណី​ខ្មែរ ព្រម​ទាំង​បាន​ចូល​រួម​យ៉ាង​សកម្ម​ជាមួយ​នឹង​ការងារ​មនុស្ស​ធម៌ និង​កិច្ចការ​សង្គម​ដូច​តារា​ល្បីៗ​ស្រករ​នាង​ជា​ច្រើន​រូប​ទៀត​ដែរ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ