អតីត​ថៅកែ KH Promotion បាន​ចាប់​ផ្ដើម​ការងារ​ថ្មី​មួយ ទទួល​បាន​មាន​ចំណូល​ ១០-២០ដុល្លារ​ក្នុង​១​ខែ

  • 2020-06-30 07:40:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​ជីវិត​របស់​អតីត​ថៅកែ​ផលិតកម្ម KH Promotion បាន​ផ្លាស់​ប្ដូរ​គ្មាន​នរណា​ស្មាន​ដល់ ដែល​ក្រោយ​ពី​ដក​ខ្លួន​ពី​ជីវិត​ហ៊ឺហា​ទៅ​ធ្វើ​ចម្ការ ចុង​ក្រោយ​ភរិយា​ប្ដឹង​សុំ​លែងលះ ឥឡូវ​មាន​ដំណឹង​ថា លោក គឹម ហេង បាន​វិល​មក​រក​ការងារ​ថ្មី​មួយ​ដោយ​ការងារ​នេះ អាច​ផ្ដល់​ឲ្យ​លោក​នូវ​កម្រៃ​ត្រឹម​តែ ១០-២០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ខែ។

លោក គឹម​ហេង បាន​បញ្ចេញ​ព័ត៌មាន​នេះ​នៅ​លើ​ហ្វេសប៊ុក​លោក ជា​ទី​កន្លែង​ដែល​លោក​រមែង​បង្ហោះ​សារ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ជា​រឿយ​ៗ ក្រោយ​ជីវិត​ជួប​រឿង​នឹក​ស្មាន​មិន​ដល់​ម្ដង​ហើយ​ម្ដង​ទៀត។ លោក​បាន​សរសេរ​ថា លោក​ទើប​បាន​ចុះ​កុងត្រា​ការងារ​ជាមួយ​ក្រុមហ៊ុន​មួយ​ដែល​ធានា​ចំណូល​លោក​ប្រចាំ​ខែ​តូច​តួលេខ​ខាង​លើ។ “ដើរ​លើ​វិថី​ជីវិត​ថ្មី​ចាប់​ផ្ដើម ថ្ងៃ​នេះ​ខ្ញុំ​បាន​ទៅ​ចុះ​កិច្ច​សន្យា​ធ្វើ​ការ​ដែល​ទទួល​បាន​ប្រាក់​កំរ៉ៃ​ចន្លោះ​ពី​ដប់​ដុល្លារ​ទៅ​ម្ភៃ​ដុល្លារ​ក្នុង​១​ខែ​នៃ​ខែ​ដំបូង ខ្ញុំ​ពេញ​ចិត្ត​អ្វី​ដែល​ជា​គំនិត កម្លាំង ញើស​ឈាម​ខ្ញុំ​ទទួល​បាន”។ លោក គឹមហេង ថ្លែង។

ឃើញ​សារ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ ប្រិយមិត្ត​អ្នក​រាប់​អាន​លោក​ជា​ច្រើន​បាន​ចូល​សរសេរ​សារ​លើក​ទឹក​ចិត្ត និង​អបអរ​សាទរ​ជាមួយ​ការ​ចាប់​ផ្ដើម​ជា​ថ្មី​របស់​លោក។ ប៉ុន្តែ​អ្នក​ខ្លះ​ក៏​បាន​ឆ្ងល់​ថា​តើ​លោក​ធ្វើ​ការងារ​អ្វី ទើប​បាន​ប្រាក់​ខែ​

តាម​ការ​បញ្ជាក់​ប្រាប់​តាម​សារ​អេឡិចត្រូនិក លោក តាំង គឹម​ហេង បាន​ទៅ​ចូល​បម្រើ​ការងារ​នៅ​ផលិតកម្ម​ក្នុង​ស្រុក​ទើប​បើក​ថ្មី​មួយ ហើយ​លោក​មាន​តួនាទី​ជា​ទី​ប្រឹក្សា ពិគ្រោះ​យោបល់​ផ្សេង​ៗ ហើយ​ចំពោះ​ប្រាក់​ចំណូល គឺ​លោក​បាន​ដូច​ប្រាប់​ប្រិយមិត្ត​លើ​បណ្ដាញ​សង្គម​នោះ​មែន។ ប៉ុន្តែ​យ៉ាង​ណា​លោក​ថា នេះ​ជា​ប្រាក់​ខែ​សម្រាប់​ខែ​ដំបូង​ប៉ុណ្ណោះ សម្រាប់​ខែ​បន្តបន្ទាប់​លោក​ទទួល​បាន​ចំនួន​ផ្សេង តែ​លោក​មិន​បាន​បង្ហើប​ឡើយ។

អតីត​ថៅកែ KH Promotion បញ្ជាក់​បន្ថែម​ថា តាម​ពិត​ការ​វិល​មក​ធ្វើ​ការងារ​ខាង​លើ មិន​មែន​លោក​ធ្វើ​ដើម្បី​រក​កម្រៃ​ធ្វើ​មាន​បាន​នោះ​ទេ គឺ​លោក​ធ្វើ​គ្រាន់​តែ​កំដរ​ជីវិត​ចុង​ក្រោយ​របស់​លោក​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ លោក​បាន​ប្រាប់​បន្ថែម​ថា ចំណូល​ពី​ការងារ​ផ្សេង​ៗ​មួយ​ចំនួន​ដែល​លោក​រក​បាន​ពី​ពេល​នេះ​ទៅ គឺ​លោក​យក​ទៅ​បរិច្ចាគ​ជូន​ទៅ​ដល់​ជន​ទីទ័ល​ក្រ ដើម្បី​បាន​ជា​កុសល សន្សំ​បុណ្យ​ទុក​ជូន​កូន​ប្រុស​ស្រី​របស់​លោក​ឲ្យ​ជួប​តែ​រឿង​ល្អ​ៗ​ប៉ុណ្ណោះ។

តាម​ការ​បញ្ជាក់​របស់​លោក គឹមហេង ដដែល ក្រៅ​ពី​ការងារ​ជា​ទីប្រឹក្សា​ផលិតកម្ម​ទើប​បើក​ថ្មី​មួយ​ខាង​លើ គឺ​លោក​ក៏​មាន​ការងារ​ផ្សេង​ទៀត​ដែរ ដោយ​លោក​បាន​ចូល​បម្រើ​ការងារ​ផ្នែក​កសិកម្ម​ជូន​ដល់​ស្ថាប័ន​មួយ តែ​លោក​សុំ​មិន​បញ្ចេញ។ ទាំង​នេះ គឺ​ការងារ​ដែល​លោក​ធ្វើ​ដើម្បី​កំដរ​ជីវិត​ចុង​ក្រោយ ហើយ​ដូច​ប្រាប់​ពី​ខាង​លើ លោក​បញ្ជាក់​ថា លោក​មិន​ចង់​រស់​ធ្វើ​អ្នក​មាន​អី​ទៀត​ទេ លោក​គ្រាន់​តែ​ចង់​ប្រើ​ជីវិត​ចុង​ក្រោយ បាន​ចែក​រំលែក​ចំណេះដឹង​បទ​ពិសោធន៍ រួម​ទាំង​ធនធាន​ខ្លះ​ៗ​ដែល​លោក​មាន​លទ្ធភាព ជូន​ទៅ​ជន​ទាំង​ឡាយ​ណា​ដែល​មាន​តម្រូវ​ការ​ចាំ​បាច់​ប៉ុណ្ណោះ។

លោក គឹម ហេង គឺ​ជា​អតីត​ថៅកែ​ផលិតកម្ម KH Promotion ជា​ផលិតកម្ម​វ័យ​ចំណាស់​មួយ និង​បាន​បណ្ដុះបណ្ដាល​ធនធាន​សិល្បៈ​ចម្រៀង​ជា​ច្រើន ក្នុង​នោះ​ដូច​ជា សុខ ស្រី​នាង សុខ ពិសី ហ្សូណូ ជា​ដើម។ យ៉ាង​ណា​ក្រោយ​មក ផលិតកម្ម​នេះ​ក៏​បាន​បិទ​ទ្វារ ដោយ​មិន​ដឹង​មូលហេតុ​ច្បាស់​លាស់​កាល​ពី​ជាង​១០​ឆ្នាំ​មុន ហើយ​លោក គឹម ហេង ក៏បាន លោក​បាន​វិល​ត្រឡប់​ទៅ​រស់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ស្រុក​កំណើត​វិញ។

លោក​បាន​ទៅ​ធ្វើ​ចម្ការ​លើ​ដី​ជា​ច្រើន​ហិកតារ​របស់​លោក ក្នុង​ជីវភាព​ជា​កសិករ​យ៉ាង​សាមញ្ញ ឈប់​រវីរវល់​នឹង​រឿង​នៅ​ទី​ក្រុង​បន្ត​ទៀត។ ចម្ការ​របស់​លោក​មាន​ដំណាំ​ជា​ច្រើន​ដូច​ជា ទ្រាប់​ពុត​លំញង ម្ទេស ល្ពៅ និង​ល្ហុង ជា​ដើម ដែល​ទាំង​នេះ បាន​ចាប់​ផ្ដើម​ឲ្យ​ផល​ហូរហែ​មក​ហើយ ក្រោយ​លោក​បាន​តស៊ូ​មិន​ខ្លាច​នឿយហត់​ជា​ច្រើន​ឆ្នាំ។

ក្រោយ​ពី​ចម្ការ​ឲ្យ​ផ្លែ​ផ្កា ងាក​មក​ជីវិត​គ្រួសារ​លោក​ឯណេះ​បែរ​ជា​ស្វិត​ស្រពោន​ទៅ​វិញ។ លោក គឹមហេង ត្រូវ​ភរិយា​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​សុំ​លែងលះ ទាំង​ដែល​លោក​មិន​ដឹង​ថា​ខ្លួន​ឯង​មាន​កំហុស​អ្វី។ យ៉ាង​ណា ត្បិត​មិន​បាន​ត្រៀម​ខ្លួន អ្វី​ៗ​បាន​ទៅ​ហួស​អស់​ហើយ ដោយ​លោក និង​ភរិយា​បាន​បែក​គ្នា​តាម​អំណាច​តុលាការ​ហើយ។

ទោះ​ឈឺ​ចាប់​យ៉ាង​ណា អតីត​ថៅកែ​ផលិតកម្ម​កម្សត់ នៅ​តែ​ពង្រឹង​ខ្លួន​ឯង​ដើម្បី​រស់​នៅ​លើ​ផែន​ដី​នេះ​ត​ទៅ​ទៀត រង់​ចាំ​មើល​មនុស្ស​ល្អ​របស់​លោក ពិសេស​គឺ​កូន​ប្រុស​ស្រី​របស់​លោក​មាន​អនាគត​ល្អ។ នេះ​ជា​អ្វី​ដែល​គេ​ឃើញ​លោក បង្ហោះ​រឿយ​ៗ លើ​ហ្វេសប៊ុក​របស់​លោក៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម