ហុង ផេង៖ ​ខ្ញុំ​អត់​ភ័យ​ទេ បើ​​កម្លាំង​ខ្ញុំ​ពេញ​ ១០០​%

  • 2020-07-10 08:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហុង ផេង បាន​លេង​ជា​លើក​ដំបូង​​ តទល់​នឹង​ក្រុម​ភ្ញៀវ​សូលទីឡូអង្គរ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ដោយ​គេជួយ​ឱ្យ​បឹង​កេត​យក​ឈ្នះ ៣-០។ ក្នុង​ជំនួប​នេះ​​ហុងផេង​ថា គេ​គ្មាន​អារម្មណ៍​ភ័យ​ទេ មានស្មារតី និងការគ្រប់គ្រងបាល់ល្អ ខណៈ​កម្លាំង​នៅ​ពេញ​ល្អ បើ​ទោះ​សម្រាក​យូរ​បន្តិច​​មែន។

ហុង ផេង ក្នុងតំណែងប្រធានក្រុម Vs សូលទីឡូអង្គរ (រូបភាពបឹងកេត)

អតីត​ខ្សែ​ការពារ​ជម្រើស​ជាតិ ហុង ផេង បន្ត​បែប​នេះ​ ៖«​ដោយសារ​ខ្ញុំ​មាន​បទពិសោធន៍​ខ្ញុំ​អត់​ភ័យ​ទេ បើ​កម្លាំង​ខ្ញុំ​ពេញ​១០០% ប៉ុន្តែឥឡូវរៀង​ចាស់​បន្តិច​​ហើយ​»។

ការ​បង្ហាញ​ខ្លួន​ជាថ្មី​នេះ ខ្សែ​ការពារ​សំបូរ​បទ​ពិសោធន៍ ហុង ផេង ទទួល​បាន​ការ​ទុក​ចិត្ត​ធ្វើ​ជា​ប្រធាន​ក្រុម ​ពី​លោកគ្រូ​បង្គោល​បណ្ដោះ​អាសន្ន គីម ភក្ដី។

ខ្សែការពារវ័យ៣១ឆ្នាំ ហុង ផេង ប្រាប់​ថា ៖«ខ្ញុំពិតជាសប្បាយចិត្តចំពោះការវិលចូលទីលានវិញ និងរីករាយជាមួយនឹងតំណែងជាប្រធានក្រុម ដែលលោកគ្រូ គីម ភក្តី ផ្តល់ជូន ហើយលទ្ធផលឈ្នះសូលទីឡូ ៣-០នេះ គឺមានរឿងល្អច្រើនដែលយើងបានធ្វើ និងចំណុចខ្លះទៀតត្រូវកែលម្អ។ ខ្ញុំសង្ឃឹមថាពួកយើងនឹងធ្វើបានល្អបន្តទៀត ព្រោះអីយើងទើបតែធ្វើការជាមួយលោកគ្រូបាន ២-៣សប្តាហ៍។ អញ្ចឹងធ្វើឱ្យយើងមានចំណុចខ្វះខាតតិចតួចដែរ»។

ជំនួបបឹងកេត និងសូលទីឡូអង្គរ ហុង ផេង លេងបាន៨៤នាទី ហើយត្រូវ​ប្តូរជំនួស​ដោយកីឡាករ លី វ៉ាហេទ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម