ពេលនេះអ្នកប្រើ iPhone មួយចំនួន អាចដាក់ពាក្យសុំថ្លៃជំងឺចិត្ត ២៥ដុល្លារពី Apple បានហើយ

  • 2020-07-14 03:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ដើម​ឆ្នាំ​ Apple បាន​យល់​ព្រម​​​ចំណាយ​រហូត​ដល់ ៥០០​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​ពាក្យ​បណ្ដឹង​តាង​នាម​ក្រុម​ក្នុង​សហរដ្ឋអាមេរិក ដែល​ប្ដឹង​ Apple ជុំវិញ​​រឿង​​បន្ថយ​ល្បឿន iPhone ចាស់ៗ​។ ពេល​នេះ​វិបសាយ​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ម្ចាស់​ iPhone ដែល​រង​ផល​ប៉ះពាល់​ទាំង​ឡាយ អាច​ដាក់​ពាក្យ​ទាមទារ​ថ្លៃ​ជំងឺ​ចិត្ត។

គួរ​ដឹង​ថា​ក្នុង​​ការ​សម្របសម្រួល​​ Apple ​បាន​បញ្ជាក់​ថា​នឹង​ផ្ដល់​​ជា​ទឹក​ប្រាក់​សុទ្ធ​ប្រមាណ ២៥​ដុល្លារ សម្រាប់ iPhone ​នីមួយៗ​ដែល​មាន​សិទ្ធ​ទទួល​បាន​ថ្លៃ​សំណង។ ប៉ុន្តែ​ថ្លៃ​សំណង​ជាក់​ស្ដែង​អាច​តិច​ ឬ​ច្រើន​ជាង ២៥​ដុល្លារ​នេះ អាស្រ័យ​លើ​ចំនួន​ iPhone ដែល​​មាន​សិទ្ធ​ទទួល​ការ​ថ្លៃ​សំណង​នេះ​ផង​ដែរ។

ដើម្បី​អាច​ទទួល​បាន​ថ្លៃ​សំណង​បាន​ គឺ​ត្រូវ​តែ​ជា​អ្នក​រស់​នៅ​សហរដ្ឋអាមេរិក និង​មាន​​បំពេញ​តាម​លក្ខខណ្ឌ​កំណត់​ដូច​ខាង​ក្រោម ៖

១. អ្នក​ប្រើ​ប្រាស់ iPhone 6, 6 Plus, 6s, 6s, 6s Plus, 7, 7 Plus ឬ iPhone SE ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10.2.1 ឬ​ខ្ពស់​ជាង​នេះ

២. ឬ​ក្នុង​ករណី​​នៃ iPhone 7 និង 7 Plus ដែល​ប្រើ iOS 11.2 ឬ​ខ្ពស់​ជាង​នេះ ផលិត​មុន​ថ្ងៃ​ទី ២១ ខែ​ធ្នួ ឆ្នាំ ២០១៧

គួរ​ដឹង​ថា​រឿង​ដែល Apple បន្ថយ​ល្បឿន iPhone បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ ២០១៧ ដែល​ពេល​នោះ Apple បាន​ទទួល​ស្គាល់​ថា​ខ្លួន​មាន​ចេតនា​បន្ថយ​ល្បឿន iPhone ចាស់ៗ​ដែល​ថ្ម​ចុះ​ខ្សោយ​ថាមពល ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ iPhone ចាស់ៗ​ទាំង​នោះ​ត្រូវ​រលត់​​​ដោយ​គ្មាន​មូលហេតុ ទាំង​ដែល​ថ្ម​នៅ​មាន​ថាមពល​ច្រើន។ ​ដើម្បី​ជា​ការ​សុំទោស​ Apple ​បាន​បន្ថយ​តម្លៃ​នៃ​ការ​ប្ដូរ​ថ្ម​​ដែល​ចុះ​ថ្លៃ​ពី ៧០​ដុល្លារ មក​នៅ​ត្រឹម ២៩​ដុល្លារ៕​​​

ប្រភព៖ 9to5Mac   ប្រែ​សម្រួល៖ សុខហេង