បើ​តាម​ការ​បង្ហើប​របស់​ឪពុក​ព្រឹក​នេះ ស្រី​ស្អាត លីកា កាន់​តែ​មាន​សង្ឃឹម​ហើយ!

  • 2020-07-21 03:18:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​រាំ K-pop តែ ស៊ុន​សុដាលីកា ហៅ លីកា បាន​ចូល​ខ្លួន​ទៅ​ព្យាបាល​ជំងឺ​អាថ៌កំបាំង​មួយ​អស់​ពេល​ជាង ១ខែ​មក​ហើយ ដោយ​ឥឡូវ​នេះ បើ​តាម​ការ​បង្ហើប​របស់​លោក តែ ស៊ុន​ណាង ជា​ឪពុក តារា​ស្រី​កាន់​តែ​មាន​សង្ឃឹម​ហើយ។

នៅ​ព្រឹក​នេះ លោក​ឪពុក​ដែល​មុន​នេះ បាន​ចេញ​មុខ​មក​ការពារ​កូន​ស្រី​ម្ដង​ហើយ ដោយ​ច្រាន​ចោល​ចចាមអារ៉ាម​ថា កូន​ស្រី ត្រូវ​មេក្រុម​បណ្ដេញ​ចេញ​ពី​ក្រុម​រាំ​នោះ បាន​បញ្ចេញ​សារ​ថ្មី​ថា កូន​ស្រី​របស់​នាង​សភាព​ជំងឺ​បាន​វិវត្ត​កាន់​តែ​ប្រសើរ​ហើយ។ លោក​សរសេរ​ថា "តាម​ការ​វិវត្តន៏​របស់​គាត់ គាត់​ជិត​បាន​វិល​ត្រឡប់​ទៅ​ជួប Faៗ​គាត់​វិញ​ហើយ!”។

នេះ​ជា​ការ​វិវត្តន៍​ថ្មី ចាប់​តាំង​ពី លីកា បាន​បន្សាត់​ខ្លួន​បាត់​ពី​ការងារ​សិល្បៈ​របស់​នាង ហើយ​សំណេរ​របស់​លោក​ឪពុក​នា​ពេល​នេះ​បាន​នាំ​ឲ្យ​ប្រិយមិត្ត​របស់​តារា​ស្រី កើត​ក្ដី​រីករាយ។ លោក ស៊ុន​ណាង ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា មក​ឥឡូវ គឺ​កូន​ស្រី​របស់​លោក អាច​ងើប​អង្គុយ​ខ្លួន​ឯង​បាន​ហើយ ខណៈ​ពី​មុន​នាង​ត្រូវ​ការ​ជំនួយ ទើប​អាច​ងើប​បាន។

កញ្ញា តែ ស៊ុន​សុដាលីកា ហៅ លីកា បាន​ប្រកាស​ដក​ឃ្លា​ពី​ការងារ​សិល្បៈ​ហើយ​ទៅ​ព្យាបាល​ជំងឺ​កាល​ពី​ដើម​ខែ​ឧសភា ដោយ​កាល​ណោះ​អាការ​របស់​នាង គឺ​មិន​អាច​ធ្វើ​ចលនា​បាន​ឡើយ។ លីកា មិន​បាន​បញ្ចេញ​ជាក់​លាក់​អំពី​ប្រភេទ​ជំងឺ​របស់​នាង​ឡើយ​នៅ​ពេល​នោះ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​លោក ស៊ុន​ណាង ជា​ឪពុក​បាន​បញ្ជាក់​ប្រាប់ Sabayថា កូន​ស្រី​លោក មាន​បញ្ហា​លើ​ឆ្អឹង​ខ្នង​ដែល​កើត​យូរ​មក​ហើយ ប៉ុន្តែ​កូន​ស្រី​បាន​លាក់លៀម​នឹង​ក្រុម​គ្រួសារ។

រហូត​ដល់​ស្ថានភាព​កាន់​តែ​ធ្ងន់​ទើប​ក្រុម​គ្រួសារ​ដឹង និង​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​តែ​ម្ដង។ ស្ថានភាព​កាល​នោះ​របស់​តារា​ស្រី គឺ​នាង​តម្រូវ​ឲ្យ​មាន​ការ​វះកាត់ ហើយ​ក្រោយ​មក​ប្រមាណ​១​សប្ដាហ៍ នាង​បាន​សរសេរ​ប្រាប់​អ្នក​គាំទ្រ​របស់​នាង​ទៀត​ថា នាង​បាន​ឆ្លងកាត់​ការ​វះកាត់​រួច​ហើយ ប៉ុន្តែ​នៅ​តែ​មិន​អាច​ធ្វើ​ចលនា ឬ​ងើប​អង្គុយ​ខ្លួន​ឯង​នៅ​ឡើយ។ ប៉ុន្តែ​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២១ កក្កដា​នេះ លោក​ ស៊ុន​ណាង បញ្ជាក់​ថា កូន​ស្រី​មាន​ការ​វិវត្ត​កាន់​តែ​ល្អ។

ស្ថានភាព​នេះ ឪពុក​រូប​នេះ​អះអាង​ថា កូន​ស្រី​ទំនង​អាច​នឹង​វិល​ទៅ​ជួប​អ្នក​គាំទ្រ​របស់​នាង​ក្នុង​ពេល​មិន​យូរ​ទៀត​នោះ​ទេ។ ទោះ​យ៉ាង​ណា ចំពោះ​អាការ​ដែល​កើត​ចំ​លើ​ឆ្អឹង​ខ្នង ដែល​គេ​ជឿ​ថា មាន​ចំណែក​សំខាន់​លើ​ការ​ពុត​ពេន​របស់​នាង​រាងកាយ​នោះ លោក តែ ស៊ុន​សំណាង ​មិន​ទាន់​ហ៊ាន​អះអាង​ឡើយ​ថា លីកា នឹង​អាច​បន្ត​ការងារ​សិល្បៈ​រាំ k-pop របស់​នាង​ដូច​មុន​ឬ​អត់​។ លោក​ថា អ្វី​ៗ​ត្រូវ​រង់​ចាំ​មើល​លទ្ធផល​ជាក់​ស្ដែង ក្រោយ​ពី​កូន​ស្រី​បាន​ជា​សះស្បើយ​សិន៕​

អត្ថបទ៖ ទារិកា

អត្ថបទថ្មី