Ducati ធ្លាប់តែលក់ម៉ូតូ ឥឡូវចេញលក់កង់ថ្មី ធាក់ក៏បាន ប្រើអាគុយក៏បាន

  • 2020-07-24 03:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ducati Scrambler គឺជាម៉ូតូដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកប្រើប្រាស់វ័យក្មេង ដោយសារតែរូបរាងតូច, ការឌីហ្សាញបែបបុរាណលាយសម័យ និងមានតម្លៃសមរម្យ។

ឥឡូវនេះ ក្រុមហ៊ុន Ducati បានចាប់ដៃជាមួយក្រុមហ៊ុន Thok Ebikes ដោយផលិតនូវកង់អគ្គិសនីថ្មីមួយម៉ូដែលហៅថា e-Scrambler។

កង់ Ducati e-Scrambler ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុងនេះ ត្រូវបានឌីហ្សាញឡើងជាមួយរូបរាងយ៉ាងទាក់ទាញ ហើយផ្តល់នូវបទពិសោធន៍ជិះកង់ ដូចកង់ធម្មតាអីចឹងដែរ។

កង់អគ្គិសនីនេះមានបំពាក់អាគុយកម្លាំង ៥០៤ វ៉ាត់ម៉ោង ដែលផ្តល់កម្លាំងទៅឲ្យម៉ូទ័រ Shimano Steps E7000 កម្លាំង ២៥០ វ៉ាត់ សម្រាប់ពេលប្រើប្រាស់ថាមពលអាគុយសុទ្ធ។ ទោះជាយ៉ាងណា Ducati មិនទាន់បានបង្ហាញឡើយថា សាកភ្លើងមួយពេញអាចប្រើបានចម្ងាយប៉ុន្មាន។

e-Scrambler ប្រើគ្រោងឆ្អឹងអាលុយមីញ៉ូម, មាន ១១លេខ, ហ្វ្រាំង ៤ពីស្តុង, ដៃ និងឈ្នាន់ម៉ាក Ducati ហើយប្រើសម្បកកង់ Pirelli Cycl-e GT។ វាត្រូវបានដាក់លក់ក្នុងតម្លៃ ៣ ៦៩៩ផោន ឬប្រហែល ៤ ២៨០ដុល្លារ នៅលើទីផ្សារអឺរ៉ុប៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង