អស្ចារ្យ! អ្នកថតរូបខ្មែរមួយក្រុម ថតជាប់ផ្កាយដុះកន្ទុយដ៏កម្រដែលជិត ៧ពាន់ឆ្នាំបង្ហាញខ្លួនម្ដង

  • 2020-07-29 08:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកថតរូបមួយក្រុមជនជាតិខ្មែរបានថតបានរូបភាពផ្កាយដុះកន្ទុយ C/2020 F3 (NEOWISE) ឬ Comet NEOWISE ដ៏កម្រនៅលើកំពូលភ្នំតំបន់វាលធំដែលជាទឹកដីធម្មជាតិដ៏ស្រស់បំព្រងក្នុងឧទ្យាជាតិវិរៈជ័យ ខេត្តរតនគិរី។ ផ្កាយដុះកន្ទុយ Comet NEOWISE នេះបង្ហាញខ្លួនគឺមានរយៈពេលជិត ៧ពាន់ឆ្នាំទើបបង្ហាញខ្លួនម្តង។

ផ្កាយដុះកន្ទុយ Comet NEOWISE ថតដោយលោក សួង ម៉ារឌី នៅតំបន់វាលធំ

លោក សួង ម៉ារឌី អ្នកថតរូបជំនាញម្នាក់ដែលបានថតបានរូបភាពដ៏កម្រនៃផ្កាយដុះកន្ទុយ Comet NEOWISE បានប្រាប់ឲ្យដឹងថា “កាលពីតូចខ្ញុំធ្លាប់ឭចាស់ៗនិយាយថាមានផ្កាយដុះកន្ទុយ តែពេលនេះខ្ញុំបានឃើញផ្ទាល់ នេះជាលើកទី១ដែលខ្ញុំបានឃើញហើយថតបានរូបផ្កាយដុះកន្ទុយនេះ ខ្ញុំមានចិត្តសប្បាយរីករាយណាស់” ។

អ្នកថតរូបជំនាញរូបនេះបន្តថា ទីតាំងថតផ្កាយដុះកន្ទុយ Comet NEOWISE នេះគឺថតនៅលើកកំពូលភ្នំដែលខ្ពស់ជាងគេនៅតំបន់វាលធំក្នុងឧទ្យាជាតិវិរៈជ័យ ខេត្តរតនគិរី កាលពីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ។ រូបថតនេះថតនៅពេលយប់នៅចន្លោះម៉ោង ៧ ទៅ ៨យប់ ផ្កាយនេះរះចេញពីទិសខាងជើង ឈាង ខាងជើង។

ការថតរូបផ្កាយដុះកន្ទុយនេះបានតម្រូវឲ្យអ្នកថតត្រូវដឹងពីទិសដៅនៃផ្កាយនោះរះពីទិសណាឲ្យច្បាស់ ស្វែករកទីតាំងថតដែលមានកម្ពស់ខ្ពស់ បច្ចេកទេសនៃការប្រើប្រាស់កាំមេរ៉ាច្បាស់លាស់ និងមានឧបករណ៍គ្រប់គ្រាន់។ ជាក់ស្តែងរូបដែលថតបាននេះគឺខ្ញុំប្រើ Lens វែងចំនួន២ដើម Lens ១០០-៤០០mm និងLens ៧០-២០០mm។ លោក សួង ម៉ារឌី បន្ថែមបែបនេះ។

លោក សួង ម៉ារឌី បន្តថា រូបផ្កាយដុះកន្ទុយ Comet NEOWISE នេះមិនមែនមានតែលោកទេដែលថតបាននោះគឺមានសមាជិកក្រុមលោកប្រមាណ៤ ទៅ ៥នាក់ទៀតក៏បានថតបានដែរក្នុងមានដូចជា លោក ម៉ក់ ភារៈ, លោក លឹម សុភ័ក្រ្ត, លោក សេង សេរីវុធ និងមានអ្នកថតរូបខ្លះនៅរាជធានីភ្នំពេញក៏បានថតបានដូចគ្នាផងដែរក្នុងនោះមានអ្នកថតរូប Nara Tsitra និងអ្នកថតរូបជនជាតិភីលីពីនដែលរស់នៅភ្នំពេញលោក Jiper Duran។

បើយោងតាម វិគីភីឌា បានបញ្ជាក់ថា ផ្កាយដុះកន្ទុយ Comet NEOWISE នេះស្ថិតក្នុងគន្លងតារាវិថីត្រូវបានរកឃើញនៅថ្ងៃទី ២៧ មីនា ឆ្នាំ២០២០ ដែលរកឃើញដោយតារាវិទូមួយក្រុម វាមានចម្ងាយ៣០០លានគីឡូម៉ែត្រពីព្រះអាទិត្យ និងមានចម្ងាយ២៥០លានគីឡូម៉ែត្រពីផែនដី ហើយបង្ហាញខ្លួនរយៈពេល ៦៧៦៦ ឆ្នាំម្តង៕

រូបថត៖ ផ្តល់ដោយលោក សួង ម៉ារឌី

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី