ឃួន ឡាបូរ៉ាវី ទម្លាយសុបិនអាក្រក់ចាំមិនភ្លេចមួយ ក្នុង​អាជីព​បាល់ទាត់

  • 2020-07-30 04:19:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូបង្វឹកក្រុមយុវជនបឹងកេត អាយុក្រោម១៥ឆ្នាំ ឃួន ឡាបូរ៉ាវី បាន​ទម្លាយ​ឱ្យ​ដឹង​ពី​​រឿង​អាក្រក់​មួយ​ ដែល​លោក​ចាំ​មិន​ភ្លេច គឺ​វះកាត់​សរសៃ​ជង្គង់ នៅ​អំឡុង​ឆ្នាំ​២០២០។

អតីត​ខ្សែ​ប្រយុទ្ធ​បឹងកេត បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា ៖«ថ្ងៃទី៣១/០៧/២០១២ គឺ​ជា​សុបិន​ដ៏​អាក្រក់​មួយ​នៅ​ក្នុង​ជីវិត​បាល់ទាត់​របស់​ខ្ញុំ គឺ​ត្រូវ​វះកាត់​សរសៃ​ជង្គង់ ប៉ុន្តែ​ដោយសារ​តែ​ការ​ប្រឹងប្រែងមិន​បាក់​ទឹកចិត្ត និង​ការលើកទឹកចិត្ត​ធ្វើ​អោយ​ខ្ញុំ​ចំណាយ​ពេល​មិន​ដល់​មួយឆ្នាំ​សម្រេច​បំណង​ធំ​មួយ ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​អាជីព​មួយ​នេះ គឺ​រួម​ចំណែក​អោយ​ក្លឹប​លើកពាន MCL ២០១៣ លើកដំបូង និង​ទទួល​បាន​រង្វាន់ Best Player និង Top Scorer ២០១៣»។

បន្ទាប់ពីវះកាត់ កីឡាករត្រូវការ​សម្រាកព្យាបាលរាប់ខែ ឬរហូតដល់ឆ្នាំ ហើយ​ទម្រង់លេង១០០% ច្បាស់មានការធ្លាក់ចុះ ដែលបង្កជាក្ដីកង្វល់ធំក្នុងអាជីពបាល់ទាត់ ប៉ុន្តែយ៉ាងណាដោយមានការព្យាយាម មិនបាក់ទឹកចិត្ត មានការលើកទឹកចិត្ត ទើបធ្វើឱ្យអតីត​ខ្សែ​ប្រយុទ្ធ​​ជម្រើស​ជាតិ​កម្ពុជាអាចលេងវិញបាន ហើយថែមទាំងជួយឱ្យក្លឹបព្រះខ័នរាជស្វាយរៀង លើកពាន MCL ឆ្នាំ២០១៣ និងទទួលបានពានរង្វាន់កិត្តិយសផ្ទាល់ខ្លួនជាច្រើនដែរ។

ក្នុងកិច្ចសម្ភាសន៍ខ្លីជាមួយ Sabay អម្បាញ់មិញនេះ ឃួន ឡាបូរ៉ាវី បានលើកទឹកចិត្តដល់កីឡាករ ដែលកំពុងមានបញ្ហារបួសទាំងអស់ ឱ្យមានការខិតខំប្រឹងប្រែង និងមិនត្រូវបាក់ទឹកចិត្តឡើយ។

គ្រូបង្វឹកមានដើមកំណើតមកពីកំពង់ចាម បានរងរបួសសរសៃពួរជង្គង់ ពេលព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយនគរបាលជាតិ ដែលជាក្រុមខ្លាំងឈរកំពូលតារាងអំឡុងឆ្នាំ ២០១២៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី