តារា​ចម្រៀង​ខ្មែរ​ជាប់​លេខ​១​នៅ​អូស្ត្រាលី លើក​គ្នា​មក​ថត MV នៅ​កម្ពុជា​ចុង​ខែ​នេះ​ហើយ!

  • 2020-09-10 03:23:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឱ សាទិត្យា គឺ​ជា​តារា​ចម្រៀង​ឯករាជ្យ​មួយ​រូប​នៅ​អូស្ត្រាលី​ដែល​បាន និង​កំពុង​ពេញ​និយម​ទាំង​នៅ​អូស្ត្រាលី និង​អាមេរិក​នោះ ឥឡូវ​នេះ​បាន​ឲ្យ​តម្រុយ​ថា លោក​នឹង​ចុះ​មក​ថត​ស្រុក​ខ្មែរ​នៅ​ចុង​ខែ​នេះ។

នេះ​គឺ​ជា​សកម្មភាព​សិល្បៈ​ដំបូង​បំផុត​របស់​លោក​នៅ​លើ​ទឹក​ដី​ប្រទេស​កំណើត​ចាប់​តាំង​ពី​លោក​បាន​ចាក​ចេញ​ទៅ​រស់​នៅ​ប្រទេស​អូស្រ្តាលី​តាំង​ពី​តូច​ក្រូច​ឆ្មា និង​ពិសេស​គឺ​ចាប់​តាំង​ពី​លោក​បាន​ហក់​មក​ប្រឡូក​សិល្បៈ ចម្រៀង​ទៅ​តាម​និស្ស័យ ក៏​ដូច​ជា​បេះដូង​សិល្បៈ​របស់​លោក​ប្រមាណ​ជា​ជាង ៣​ឆ្នាំ​មក​នេះ។

ឱ សាទិត្យា មាន​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​បាត់ដំបង តែ​លោក​ត្រូវ​ឪពុក​ម្ដាយ​នាំ​ចេញ​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី​តាំង​ពី​តូច​ៗ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​មាន​សញ្ជាតិ​ពីរ គឺខ្មែរ-អូស្ត្រាលី ។ បច្ចុប្បន្ន​លោក គឺ​ជា​តារា​ចម្រៀង និង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ពេញ​និយម​មួយ​រូប​ក្នុង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី។ សាទីយ៉ា បាន​ហក់​ចូល​ក្នុង​សិល្បៈ​ចម្រៀង​តាម​រយៈ​ការ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង​ស៊ីដនី​ក្នុង​ឆ្នាំ ២០០៥ ហើយ​ពេល​នោះ លោក​បាន​គ្រង​ជយលាភី​លេខ​១។

២​ឆ្នាំ​បន្ទាប់ លោក​ក៏បាន​ចាប់​ផ្ដើម​អាជីព​សិល្បៈ​របស់​លោក​ជាមួយ​ជំនាញ​ហ្គីតា ហើយ​បន្ត​បន្ទាប់​ក៏​បន្ត​វិវត្ត​ខ្លួន​មក​ជា​អ្នក​និពន្ធ​ថែម​ទៀត។ ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង​ក្នុង​វិស័យ​នេះ​ឲ្យ​កាន់​តែ​ប្រសើរ រហូត​ដល់​បាន​ការ​ពេញ​និយម សាទិយ៉ា តែង​ស្ដាប់ និង​សិក្សា​អំពី​ការ​ប្រើ​ប្រាស់​សំឡេង​របស់​វីរសិល្បករ​ល្បី​ៗ​ជំនាន់​មុន​ដូច​ជា អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត រស់ សិរីសុទ្ធា ហ៊ួយ មាស ជា​ដើម។

មក​ទល់​បច្ចុប្បន្ន​លោក​មាន​បទ Original ផ្ទាល់​ខ្លួន និង​បទ​ចម្រៀង Cover របស់​វីរសិល្បករ សិល្បករ​រៀម​ច្បង​ជា​ច្រើន ដូច​ជា​បទ "យប់​មិញ​បង​ផឹក" “ស្នេហ៍​ក្នុង​សុបិន” "គូព្រេង​អ្នក​ណា" និង​បទ " លួច​ស្នេហ៍​ដួង​ច័ន្ទ" ជា​ដើម។ តាម​រយៈ​សំឡេង​ស្រួយ ស្រឡះ​របស់​លោក នាំ​ឲ្យ​លោក​ទទួល​បាន​ការ​គាំទ្រ​ជា​ច្រើន ពិសេស​នៅ​អូស្ត្រាលី និង​បណ្ដា​ប្រទេស​នៅ​លោក​ខាង​លិច ដែល​មាន​សហគមន៍​ខ្មែរ​រស់​នៅ។ នេះ​បើ​តាម​កញ្ញា Sun Malis Michelle ហៅ Michelle អ្នក​តំណាង។

កញ្ញា Sun Malis Michelle ហៅ Michelle

“គាត់​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​ចូល​រួម​កម្មវិធី​ជា​ច្រើន​នៅ​សហរដ្ឋ​អាមេរិក កាណាដា ជា​ដើម ប៉ុន្តែ​គាត់​មិន​ដែល​បាន​ចុះ​មកធ្វើ​សកម្មភាព​សិល្បៈ​ដូច​គ្នា​ទៅ​ស្រុក​ខ្មែរ​ទេ អីចឹង​ហើយ គាត់​នឹង​ចុះ​មក​ស្រុក​ខ្មែរ​ឆាប់​ៗ​នេះ​ហើយ!”។ ឱ សាទិត្យា នឹង​ចុះ​មក​កម្ពុជា​ដើម្បី​ថត​វីដេអូ​ចម្រៀង​ជា​ច្រើន នៅ​ថ្ងៃ​ទី ២៤ ខែ​កញ្ញា​នេះ។ ធ្វើ​បែប​នេះ តាម​កញ្ញា ខូវី គឺ​លោក​ចង់​ភ្ជាប់​អនុស្សាវរីយ៍​ជាមួយ​ទឹក​ដី​ប្រទេស​កំណើត និង​ក៏​ចង់​នាំ​យក​ទិដ្ឋភាព​ស្អាត​ៗ​ជា​ច្រើន​របស់​កម្ពុជា​ទៅ​បង្ហាញ​ពិភព​លោក​ដែរ។

យ៉ាងណា​ក៏​ដោយ មិន​ទាន់​មាន​ព័ត៌មាន​ជាក់​លាក់​ថា លោក​នឹង​ចុះ​ទៅ​ថត​កន្លែង​ណា​ខ្លះ​នោះ​ទេ ត្បិត​ថា មក​លើក​នេះ សាទិត្យា នាំ​យក​បទ​ចម្រៀង​ច្រើន​ណាស់​មក​ថត​នៅ​លើ​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា៕

អត្ថបទ៖ ទារិកា