មើលយុវវ័យស្អាតៗ ទាំងប្រុសទាំងស្រី ឡើងវេទិកាប្រកួតសមត្ថភាពគ្នាព្រឹកមិញ
- 2020-09-21 07:53:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលយុវវ័យស្អាតៗ ទាំងប្រុសទាំងស្រី ឡើងវេទិកាប្រកួតសមត្ថភាពគ្នាព្រឹកមិញ
ចន្លោះមិនឃើញ
ក្រុមយុវវ័យវ័យក្មេង និងស្រស់ស្អាត ទាំងប្រុសទាំងស្រី ប្រមាណជិត១០០នាក់ស្ថិតក្នុងបញ្ជីសម្រាំង បានឡើងប្រកួតសមត្ថភាពសិល្បៈរួមគ្នាក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាពថ្មីមួយដែលទើបនឹងចាប់ផ្ដើមដំណើរការនៅព្រឹកមិញនេះ។
យុវវ័យទាំងនោះ មកពីទីកន្លែងផ្សេងគ្នា ប៉ុន្តែអ្វីដែលដូចគ្នា គឺពួកគេចង់បានជយលាភីផ្អែកលើសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេដូចគ្នា។ ដូច្នេះហើយ ទើបពួកគេបានមកជួបជុំគ្នាក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាពថ្មីមួយហៅថា "123 Action” ។
លោក សុវណ្ណ បញ្ញារិទ្ធ នាយកផលិតកម្មវិធីប្រកួតប្រជែងសមត្ថភាពរបស់យុវវ័យខាងលើ ថ្លែងឲ្យដឹងថា នេះគឺជាលើកទី១ដែលលោកបានបង្កើតកម្មវិធីនេះឡើង។ គោលបំណងរបស់លោក គឺចង់ផ្ដល់ជាវេទិកាថ្មីមួយទៀតសម្រាប់យុវវ័យបានបញ្ចេញសមត្ថភាពពិសេសៗដែលពួកគេមាន ជំរុញភាពក្លាហានរបស់ពួកគេ ខណៈបច្ចុប្បន្នលោកបានមើលឃើញថា យុវវ័យកម្ពុជាមានសមត្ថភាពសិល្បៈល្អៗច្រើន មិនថា ច្រៀង រាំ ឬសមត្ថភាពសិល្បៈផ្សេងៗទៀត។
ដូច្នេះហើយ លោកចង់ជួយរុញពួកគេឲ្យមានលទ្ធភាពកាន់តែច្រើន ឆ្ពោះទៅកាន់ក្ដីស្រមៃរបស់ពួកគេថែមទៀត ទើបសម្រេចបង្កើតកម្មវិធីនេះឡើង ហើយជាក់ស្ដែងលោកបានមើលឃើញថា យុវវ័យជាច្រើនបានចាប់អារម្មណ៍ចំពោះវេទិកាថ្មីរបស់លោកនេះ។
តាមការបញ្ជាក់របស់នាយកគ្រប់គ្រងកម្មវិធីវ័យក្មេង មានបេក្ខភាពប្រមាណជិត ១០០នាក់ បានចុះឈ្មោះក្នុងកម្មវិធីគិតតែត្រឹមថ្ងៃនេះ។ ពួកគេទាំងនោះ ត្រូវបានបែកចែកជាក្រុមៗ ពោលគឺមាន ១០នាក់ក្នុង១ក្រុម ដើម្បីឡើងមកបញ្ចេញសមត្ថភាពសិល្បៈរបស់ពួកគេ ប្រឡងប្រជែងលើវិញ្ញាសាចំនួន ១០ ដើម្បីឈានឆ្ពោះទៅកាន់ជយលាភី។ សមត្ថភាពសិល្បៈដែលអាចយកមកប្រកួតប្រជែងបាន មានដូចជា ច្រៀង រាំ សម្ដែង ពិធីករ ពិធីការិនី និងដើរម៉ូដជាដើម។
តាមគម្រោង កម្មវិធី "123 Action” គ្រោងនឹងដំណើរការរយៈពេលប្រមាណ ៣ខែ រាប់ចាប់ពីពេលនេះតទៅ។ បេក្ខភាពនីមួយ នឹងត្រូវជ្រើសរើសដោយក្រុមគណៈកម្មការចម្រុះសមាសភាពមានទាំង តារាចម្រៀង តារាសម្ដែង ជាដើមមានគ្នាប្រមាណជាង ១០នាក់។ គណៈកម្មការនឹងដាក់ពិន្ទុទៅលើការប្រឡងសមត្ថភាពសិល្បៈរបស់បេក្ខភាពនីមួយនៅលើវិញ្ញាសាទាំង ៩។
វិញ្ញាសាមួយចុងក្រោយ នឹងត្រូវដាក់បញ្ចូលទៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅពេលនោះ ប្រព័ន្ធជ្រើសរើសជយលាភីនឹងត្រូវប្រគល់ជូនទៅគណៈកម្មការសាធារណៈជាជំនួសវិញ ពោលគឺបេក្ខភាពនីមួយៗនឹងត្រូវបោះឆ្នោតជ្រើសរើសដោយសាធារណជននៅលើទំព័រហ្វេសប៊ុករបស់កម្មវិធី។
លោក សុវណ្ណ បញ្ញារិទ្ធ បញ្ជាក់ថា នៅវគ្គផ្ដាច់ព្រ័ត្រ មានបេក្ខភាពតែ៥រូបប៉ុណ្ណោះ នឹងត្រូវប្រកួតប្រជែងគ្នា ប៉ុន្តែមានតែ៣រូបប៉ុណ្ណោះក្នុងចំណោមនេះ នឹងត្រូវជ្រើសជាជយលាភីលេខ១ ២ និងលេខ៣។ "អ្នកទទួលបានជយលាភីនឹងទទួលបានប្រាក់រង្វាន់ពីកម្មវិធី និងប្រាក់ឧបត្ថម្ភរបស់ម្ចាស់កម្មវិធីនានាជាច្រើនទៀត ហើយពួកយើង នឹងដឹកដៃគាត់បន្តការងារសិល្បៈដែលគាត់ស្រឡាញ់ថែមទៀត"៕