ចំណុច​ពិសេស​ ៦ យ៉ាង​​របស់ សៀង ចន្ធា ដែល​អ្នក​គ្រប់​គ្នា​អាច​មិន​ដឹង

  • 2020-09-24 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​​កំពុង​ទទួល​បានការ​ចាប់​អារម្មណ៍​ខ្លាំង​របស់​កម្ពុជា សៀង ចន្ធា ​​កំពុង​លេង​ឲ្យ​ក្រុម​បឹង​កេត​ ដោយ​រក​បាន ៩ គ្រាប់​គិត​ត្រឹម​សប្ដាហ៍​ទី​១៥ នៃ​លីគ​កំពូល​កម្ពុជា។ ​យ៉ាង​ណា​ប្រិយមិត្ត​ប្រហែល​ជា​មិន​ដឹង​អំពី​ចំណុច​ពិសេស​ ៦ យ៉ាង​របស់​​ខ្សែ​ប្រយុទ្ធ​រូប​នេះ ថ្ងៃ​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន៖

១៖ ជា​យុវជន​ឆ្នើម​ប្រចាំ​ខេត្ត​កោះកុង ឆ្នាំ​ ២០១៣ ៖ ​កុមារា​ សៀង ចន្ធា បាន​ក្លាយ​ជា​យុវជន​​​ឆ្នើម​របស់​ខេត្ត​កោះកុង​ពេល​លេង​ឲ្យ U13 ខេត្ត​កោះកុង ដោយ​ទាត់​បាល់​បញ្ចូល​ទី​ដៃ​គូ​សឹង​គ្រប់​ប្រកួត ដែល​ពេល​នោះ​គេ​បាន​ជួយ​ឲ្យ​ខេត្ត​កោះកុង​ទទួល​បាន​លេខ ៣ ក្នុង​ព្រឹត្តិការ​ការ​ប្រកួត​យុវជន​ក្រោម​អាយុ​១៣ ថ្នាក់​ជាតិ ដែល​រៀប​ចំ​ឡើង​ដោយ​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

រូប​ថត ៖ បឹងកេត

២-​ចូល​ហាត់​នៅ​បាទី​ដោយ​មិន​បាច់​ធ្វើតេស្ត​៖ យុវជន​វ័យ ១៨ ឆ្នាំ​រូប​នេះ​គេ​បាន​ចូល​ហាត់​នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​កាល​ឆ្នាំ​២០១៤ ក្នុង​វ័យ ១២ ឆ្នាំ​ ក្រោយ​ពេល​ជួយ​ឲ្យ​កោះកុង​ទទួល​បាន​លេខ ៣ ក្នុង​ពាន​ថ្នាក់​ជាតិ​។ អ្វី​ដែល​ពិសេស​​​ចូល​ហាត់​​ ដោយ​ពុំ​ចាំ​បាច់​ធ្វើតេស្ត​អ្វី​ទាំង​អស់​ ពោល​គេ​ត្រូវ​បាន​គ្រូ​បង្វឹក​​ខេត្ត​កោះកុង​រៀបចំ​បញ្ជូន​ឈ្មោះ​ឲ្យ​ចូល​ហាត់​នៅ​បាទី​​ ដោយ​មើល​ឃើញ​ពី​ទេពកោសល្យ​របស់​ខ្លួន​។

៣-​ឪពុក​ម្ដាយ​ទៅ​មើល​​គេ​លេង​គ្រប់​ការ​ប្រកួត​​ពេល​លេង​ឲ្យ​បឹង​កេត៖ ចន្ធា ​មាន​ឪ​ពុក​ឈ្មោះ ស៊ឺ សៀង មុខ​របរ​អ្នក​នេសាទ ​និង​ម្ដាយ​ឈ្មោះ ហេង សុខា មុខ​របរ​មេផ្ទះ ។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​សាមី​ខ្លួន (ចន្ធា) ទម្លាយ​ថា ​ទៅ​មើល​ការ​ប្រកួត​របស់​​កូន​ ​គ្រប់​ប្រកួត​ មិន​បាន​ទាំង​ពីរ​ក៏​មាន​ម្នាក់​ក្នុង​ចំណោម​លោក​​ទៅ​​ដែរ។ ពោល​គឺ​ទៅ​លើក​ទឹក​ចិត្ត​​មិន​ថា​ការ​ប្រកួត​នៅ​តាម​ខេត្ត​ឬ​នៅ​ទីលាន Cambodian Airway របស់​បឹង​កេត។

៤-​គោលដៅ​សិក្សា​៖ សៀង ចន្ធា កំណត់​មុខ​ជំនាញ គ្រប់​គ្រង ដើម្បី​រៀន​បន្ត​។ ​យុវជន​រូប​នេះ​បាន​ប្រលង​ជាប់​ទុតិយភូមិ​ (បាក់ឌុប ) ២០១៩ ប៉ុន្តែ​មិនទាន់​បាន​ចូលរៀន​បន្ត​ឡើយ ដោយ​សារ​ស្ថាន​ភាព កូវីដ ។

៥- Idol របស់ ចន្ធា ៖ ខ្សែ​ប្រយុទ្ធ​ដែល​មាន​ជំនាញ​ទាត់​ជើង​ស្ដាំ​រូប​​នេះ​បាន​ចាត់​ទុក Messi ជា​និមិត្តរូប (Idol ) ​បើ​ទោះ​មិន​មាន​ជំនាញ​ទាត់​ជើង​ឆ្វេង​ដូច​ Messi ក៏​ដោយ​។ ចន្ធា បាន​ព្យាយាម​ហាត់​ទាត់​ជើង​ឆ្វេង​រាល់​ថ្ងៃ ដើម្បី​ចង់​វិវឌ្ឍន៍​ខ្លួន​ឲ្យ​មាន​ជំនាញ​ទាំង​ជើង​ឆ្វេង និង​ជើង​ស្ដាំ។

៦- ទាត់​ចូល​ស្វាយរៀង​​ជា​​គ្រាប់​ដំបូង​ដែល​ប្រើ​ជើង​ឆ្វេង​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​៖ ចន្ធា បាន​រៀបរាប់​ទាំង​សប្បាយ​រីក​រាយ​ថា ​គ្រប់​ការ​ប្រកួត​ផ្លូវ​ការ​កន្លង​មក​​តែង​​បញ្ចប់​ទី​បាន​សម្រេច​ ដោយ​ប្រើ​ជើង​ស្ដាំ ប៉ុន្តែ​គ្រាប់​បាល់​ជាមួយ ស្វាយរៀង នោះ​ជា​គ្រាប់​បាល់​ដំបូង​របស់​គេ​ ដោយ​ការ​ប្រើ​ជើង​ឆ្វេង​។

ទស្សនា​វីដេអូ

​សៀង ចន្ធា កើត​​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០០២ មាន​ស្រុក​កំណើត​នៅ​ភូមិ​២ ឃុំ ប៉ាក់ខ្លង ស្រុក​មណ្ឌល​សីម៉ា ខេត្ត​កោះកុង។ ​គេ​មាន​បង​ប្អូន ៤ នាក់​ និង​ជា​កូន​ពៅ​ក្នុង​គ្រួសារ។ ការ​សិក្សា​របស់​គេ​នៅ​ពេល​ហាត់​នៅ​បាទី​គឺ​ចន្លោះ​ឆ្នាំ​​២០១៤-២០១៩ ​នៅ​​វិទ្យាល័យ​ សុខ អាន បាទី ខេត្ត​តាកែវ ៕ ​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​