លោក មាស ចាន់ណា និយាយអ្វីខ្លះក្រោយចាញ់ភ្នំពេញក្រោន ១-០?

  • 2020-10-12 02:48:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២០ សប្ដាហ៍ទី១៨ នៅកីឡដ្ឋាន Smart RSN កាលពីម្សិលមិញ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍ បានចាញ់ក្រោមថ្វីជើងក្រុមភ្នំពេញក្រោន ១-០។ ក្រោយចាញ់ម្ចាស់ជើងឯកលីគកំពូលកម្ពុជា៦សម័យកាល ១-០ តើលោក មាស ចាន់ណា គ្រូបង្គោលណាហ្គានិយាយអ្វីខ្លះ?

លោកគ្រូបង្វឹកកម្រិត A License បានលើកឡើងថា កូនក្រុមរបស់លោកគឺធ្វើបានល្អទាំងតង់ទី១ និងតង់ទី២ ទាស់ត្រង់ថាគ្មានសំណាងទាត់បញ្ចូលទីគូប្រកួតប៉ុណ្ណោះ។

លោក មាស ចាន់ណា ពន្យល់ថា ៖«អឺ...ចំពោះខ្ញុំ ខ្ញុំគិតថាអឺ...កីឡាករខ្ញុំលេងជាមួយភ្នំពេញក្រោនម្សិលមិញ គឺគាត់ធ្វើបានល្អ លេងបានល្អ ទាក់ទងតែអត់សំណាងតែប៉ុណ្ណឹងអ្ហេ៎ ប៉ិនអ្វីផ្សេងគាត់ធ្វើបានល្អ គាត់ប្រឹងប្រែង យើងមានឱកាសច្រើនក្នុងការទាត់បញ្ចូលទី តែយើងទាត់អត់ចូលទី តាំងពីតង់ទី១ និងតង់ទី២»។

ថ្វីបើក្រុមសិង្ហក្រហម ដាក់សម្ពាធខ្លាំងមកលើណាហ្គាវើលដ៍យ៉ាងណាក្ដី ប៉ុន្តែកូនក្រុមរបស់លោក មាស ចាន់ណា ក៏បានធ្វើវាយបកវិញ និងមានឱកាសច្រើនទាំងពីរតង់ ជាពិសេសកាសមាសមួយគ្រាប់របស់ គួច សុកុម្ភៈ ​នៅតង់ទី១ តែគេធ្វើមិនបានសម្រេច ដោយត្រូវអ្នកចាំទី សាវែង សំណាង សង្គ្រោះបាល់បាន។

ដោយឡែកនៅតង់ទី១នាទី​៣០ ក្លឹបភ្នំពេញក្រោន ត្រូវបានអាជ្ញាកណ្ដាលផ្ដល់បាល់ពិន័យ១១ម៉ែត្រ ហើយ Paulo Victor ជាអ្នករ៉ាប់រង ប៉ុន្តែគេធ្វើមិនបានសម្រេច ព្រោះស៊ូយ៉ាទី​សង្គ្រោះបាន។ ត្រង់ចំណុច​ប៉េណាល់ទីលោក មាស ចាន់ណា ហាក់មិនសប្បាយចិត្ត និងបានបង្ហើបយ៉ាងខ្លីថាអាជ្ញាកណ្ដាល​នៅមានកម្រិត។

គ្រូបង្គោលវ័យ៣៧ឆ្នាំ បានបញ្ជាក់បែបនេះ ៖«កម្រិតគាត់មិនសមមកចាប់ អឺ...គូរបៀបចឹងចឹងទេ គូដែលខ្លាំងៗ កម្រិតគាត់នៅទាបណាស់ គាត់មិនអាចមកចាប់គូរបៀបចឹងចឹងទេ»។

លោក មាស ចាន់ណា និងកីឡាករនាំលេង គួច សុកុម្ភៈ បានកាតលឿងម្នាក់មួយ ក្រោយអ្នកទាំងពីរតវ៉ាអាជ្ញាកណ្ដាល រឿងផ្ដល់បាល់ពិន័យ១១ម៉ែត្រឱ្យទៅក្លឹបបាល់ទាត់ភ្នំពេញក្រោន​។

ចប់ការប្រកួត៩០នាទីក្រុមម្ចាស់ផ្ទះ ភ្នំពេញក្រោន បានយកឈ្នះជើងឯកលីគកំពូលកម្ពុជា ៣សម័យកាលណាហ្គាវើលដ៍ ក្នុងលទ្ធផល ១-០។ មួយគ្រាប់របស់ភ្នំពេញក្រោន រកបានដោយ Paulo Victor នៅនាទី២១ ក្រោយទទួលបាល់យ៉ាងស្អាតពី Timothy៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី