Nissan បង្ហាញ SUV តូចបំផុតថ្មី ត្រៀមចេញលក់ឆ្នាំក្រោយ

  • 2020-10-23 02:14:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត SUV តូចបំផុតរបស់ Nissan ម៉ូដែល Magnite មានប្រវែងខ្លួនត្រឹម ៤ម៉ែត្រ ដែលផលិតឡើងដើម្បីលក់នៅឥណ្ឌា ឥឡូវនេះនឹងមានលក់នៅលើទីផ្សារដទៃទៀត។

រថយន្ត Nissan Magnite ស៊េរីឆ្នាំ២០២១ នេះ មានការឌីហ្សាញរូបរាងស្រស់ស្អាត និងទាក់ទាញ មើលទៅខុសប្លែកពីរថយន្តរបស់ Nissan ដទៃទៀត។

កាប៊ីនខាងក្នុងរបស់វាមានបំពាក់អេក្រង់ Touchscreen ទំហំ ៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, កុងទ័រ TFT ទំហំ ៧អ៊ីញ ខណៈ Nissan អះអាងថា វាផ្តល់កៅអីធំ និងកន្លែងទូលាយសម្រាប់អ្នកដំណើរ។

ផលិតលើគ្រោងឆ្អឹង CMF-A រថយន្ត Magnite បំពាក់ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ Turbocharged មានកម្លាំង ៩៥សេះ ដំណើរការជាមួយប្រអប់លេខអូតូ CVT។ ក្នុងនោះវាក៏នឹងមានជម្រើសម៉ាស៊ីនសាំងចំណុះ ១,០លីត្រ Naturally Aspirated កម្លាំង ៧០សេះ ដំណើរការដោយប្រអប់លេខដៃ ៥វគ្គដែរ។

ថ្វីបើមានរូបរាងតូចប៉ុន្តែ Magnite មានបាតផុតពីដី ២០៥មីល្លីម៉ែត្រ ដើម្បីអាចឆ្លងកាត់លើផ្លូវលំបាកៗ ជាមួយនឹងមុខងារជំនួយពេលឡើងចំណោត Hill Start Assist, កាមេរ៉ា ៣៦០ដឺក្រេ, មុខងារ Cruise Control និង មុខងារមួយចំនួនទៀត។

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Magnite នឹងចេញលក់នៅដើមឆ្នាំក្រោយ ហើយ Nissan ក៏មិនទាន់បានបង្ហាញពីតម្លៃលក់របស់វានៅឡើយទេ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង