តារាល្បីៗ ទៅមង្គលការប្អូនចងដៃប៉ុន្មានមិនដឹង ប៉ុន្តែរឿងដែលដឹង អ្នកឧកញ៉ា ឧបត្ថម្ភទៅតារាចម្រៀងវិញរាប់ពាន់
- 2021-01-27 04:03:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗ ទៅមង្គលការប្អូនចងដៃប៉ុន្មានមិនដឹង ប៉ុន្តែរឿងដែលដឹង អ្នកឧកញ៉ា ឧបត្ថម្ភទៅតារាចម្រៀងវិញរាប់ពាន់
ចន្លោះមិនឃើញ
តារាល្បីៗជួរមុខរបស់កម្ពុជាជាច្រើននាក់ បានបង្ហាញវត្តមានចូលរួមក្នុងកម្មវិធីមង្គលការប្អូនថ្លៃរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីចុងសប្ដាហ៍មុន។ វត្តមានពេលនោះ មិនមានព័ត៌មាន ថាពួកគេចងដៃប៉ុន្មាននោះទេ ប៉ុន្តែបែរជាមានព័ត៌មានថា ឧកញ៉ា បានឧបត្ថម្ភបកទៅវិញ ម្នាក់ៗរាប់ពាន់ដុល្លារអាមេរិកឯណោះ។
តារាៗជួរមុខរបស់កម្ពុជាទាំងនោះមាន លោក ព្រាប សុវត្ថិ តន់ ច័ន្ទសីម៉ា ខេមរៈ សិរីមន្ត និង ខេម ជាដើមបានមានវត្តមានរួមគ្នាជាមួយឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ និងអ្នកមុខអ្នកការជាច្រើនទៀត ដោយបានធ្វើឲ្យវេលានោះក្លាយជាព្រឹត្តិការណ៍ដ៏មហោឡារិក ដែលពោរពេញភាពសប្បាយអឺងកង។
កម្មវិធីធំបែបនេះ មិនមានព័ត៌មានពីចំណងដៃរបស់ភ្ញៀវកិត្តិយសដែលសុទ្ធតែលំដាប់ ត្រូវបានបញ្ចេញឡើយ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាបងថ្លៃរបស់កូនក្រមុំ បានប្រកាសឧបត្ថម្ភបកទៅតារាល្បីៗដែលមានវត្តមានក្នុងពិធីទៅវិញ ដែលម្នាក់ៗទទួលបានរាប់ពាន់ដុល្លារអាមេរិក។ ការផ្ដល់ជូននូវកាដូជាប្រាប់រាប់ពាន់នេះ បើតាមអ្នកនៅក្នុងហេតុការណ៍ និងជាមនុស្សស្និទ្ធនឹងអ្នកឧកញ៉ា បានបញ្ជាក់ថា កាដូនោះ គឺជាអំណោយដែលអ្នកឧកញ៉ាទៅក្រុមតារាចម្រៀងល្បីៗ ដែលលោករាប់អានទុកដូចបងប្អូន។
ក្រុមតារាល្បីៗដែលទទួលប្រាក់អំណោយពីអ្នកឧកញ៉ាវ័យក្មេងនោះ មានលោក ព្រាប សុវត្ថិ ទទួលបានប្រាក់ឧបត្ថម្ភពីអ្នកឧកញ៉ា ចំនួន ៦ ០០០ដុល្លារអាមេរិក។ តន់ ច័ន្ទសីម៉ា ទទួលបាន ៦ ០០០ដុល្លារអាមេរិក លោក ខេមរៈ សិរីមន្ត ទទួលបាន ៥ ០០០ដុល្លារអាមេរិក និងតារាចម្រៀងមកពីខេត្តកំពង់ឆ្នាំង ខេម ទទួលបាន ៥ ០០០ដុល្លារអាមេរិកដែរ។
ចំណុចគួរកត់សម្គាល់ អ្នកឧកញ៉ា បានធ្វើជាអំណោយដល់តារាចម្រៀងដែលលោករាប់អានទុកដូចបងប្អូននូវទឹកប្រាក់ម្នាក់ៗរាប់ពាន់ដុល្លារ គឺកើតឡើង ក្រោយពីឆ្នាំថ្មីនេះ គេឃើញ មានរឿងសិរីមន្តមង្គលជាច្រើនបានកើតឡើងបន្តគ្នានៅក្នុងសង្គមគ្រួសាររបស់អ្នកឧកញ៉ា ដែលមានប្រវត្តិជាពលករធ្វើការដូរបាយនៅប្រទេសកូរ៉េខាងត្បូងនេះ។
រឿងល្អៗ សិរីមង្គលនោះ គឺថា ដំបូងឡើយ ក្រុមគ្រួសារ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចំនួន៣ មានបងប្រុស ឡេង ប្រុស ប្អូនប្រុស ឡេង និមល និងប្អូនស្រី ឡេង បញ្ចពណ៌ រូបត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារជាឧកញ៉ាថ្មីៗ។ បន្តមកមិនយូរប៉ុន្មានឧកញ៉ា ឡេង ណាវ៉ាត្រា ខ្លួនឯង ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ដល់គោរមងារថ្មី ជា "អ្នកឧកញ៉ា" ដែរ។
ចុងក្រោយនេះ គឺប្អូនថ្លៃស្រីរបស់អ្នកឧកញ៉ា បានរៀបមង្គលការយ៉ាងមហោឡារិក ដោយមាន ឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ និងអ្នកមុខអ្នកការជាច្រើនទៀតយ៉ាងច្រើនកុះករ ក្លាយជាព្រឹត្តិការណ៍សិរីមន្តធំជាងគេ គិតត្រឹមដើមឆ្នាំ ២០២១ នេះ៕