ម្ដាយ​ធម៌​ស្រី​អូន​ ចេញ​មុខ​មក​ថា​ ខ្លួន​នឹង​ដាច់​បាយ​ស្លាប់​ បើ​នៅ​តែ​មាន​យល់ច្រឡំ

  • 2021-02-25 03:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់​អ្នកស្រី ញឹម សុខា ត្រូវ​ជា​ម្ដាយ​ធម៌​របស់​អ្នកនាង នួន សុន្ទរី ហៅ​ស្រី​អូន​សម្រស់​ធម្មជាតិ បាន​អំពាវ​នាវ​ដល់​ម្ចាស់​ផលិតកម្ម ឬ​ផលិតករ​ភាពយន្ត​ទាំង​អស់​ដែល​ធ្លាប់​ជួល​អ្នកស្រី​ថត​គួរ​ហៅ​អ្នកស្រី​ចេញ​ថត​ឡើង​វិញ បន្ទាប់​ពី​អាក់ខាន​មួយ​រយៈ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​អ្នកស្រី​កាន់​តែ​ធ្ងន់ធ្ងរ ដោយ​ម្ចាស់​ផលិតកម្ម​ទាំង​នោះ​គិត​ថា​គាត់​មាន​ជីវភាព​ធូរធារ​ទៅ​ហើយ។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​របស់​លោក អ៊ឹម ជីវ៉ា ជាមួយ​តារា​សម្ដែង​ស្រី​វ័យ​ចំណាស់ ញឹម សុខា កាល​ពី​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ អ្នកស្រី​និយាយ​ថា អ្នកស្រី​ទទួល​រង​នូវ​ពាក្យ​និន្ទា និង​យល់​ច្រឡំ​ជា​ច្រើន​ ក្រោយ​ពី​បាន​ក្លាយ​ជា​ម្ដាយ​ធម៌​របស់​អ្នកនាង ស្រីអូន ដោយ​អ្នក​ខ្លះ​និយាយ​ថា​អ្នក​ស្រី​ត្រូវ​បាន​កូន​ធម៌​ផ្ដល់​លុយ​ចិញ្ចឹម​ប្រចាំ​ខែ​យ៉ាង​ក្រាស់ក្រែល ថែម​ទាំង​ទិញ​ឡាន និង​ផ្ទះ​ទាំង​ល្វែង​ឲ្យ​ទៀត ប៉ុន្តែ​អ្វី​ដែល​មហាជន​និយាយ​តៗគ្នា​នេះ​គឺ​ខុស​ពី​ការពិត​ជាក់​ស្ដែង​ទាំង​ស្រុង ហើយ​វា​បាន​ធ្វើ​ឲ្យ​អ្នកស្រី​កាន់​តែ​លំបាក​ថែម​ទៀត។

អ្នកស្រី ញឹម សុខា បញ្ជាក់​ថា ទំនាក់ទំនង​កន្លង​មក​ជាមួយ​កូន​ធម៌ អ្នក​ស្រី​ទទួល​បាន​ប្រាក់​ចំនួន​២​លាន​រៀល​ដើម្បី​សង់​ថ្លៃ​បន្ទប់​ជួល​គេ ហើយ​កូន​ធម៌​ក៏​បាន​ជួល​បន្ទប់​ស្នាក់នៅ​ម្ដុំ​ស្ទឹង​មានជ័យ​តម្លៃ​៨០​ដុល្លារ​ក្នុង​១ ឲ្យ​អ្នក​ស្រី​ស្នាក់​នៅ​បាន​២​ខែ ក្រោយ​មក​ទៀត​គឺ​អ្នកស្រី​ពុំ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​អ្វី​ទៀត​ឡើយ។

អ្នកស្រី ញឹម សុខា៖"បាន​ជួយ​ប៉ុណ្ណេះ! ខ្ញុំ​អរគុណ​ណាស់ ហើយ​អាណិត​កូន​ណាស់...ព្រោះ​ឃើញ​រវល់​ការងារ​រក​ពេល​ហូប​បាយ​ស្ទើរ​តែ​មិន​បាន ហើយ​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​កូន​មាន​បន្ទុក​បន្ថែម​លើ​ខ្ញុំ​ដែរ តែ​ខ្ញុំ​ចង់​ឲ្យ​ផលិតកម្ម​ហៅ​ខ្ញុំ​ទៅ​ថត​វិញ​ផង ​ព្រោះ​ខ្ញុំ​ស្ទើរ​ដាច់​បាយ​ហើយ​បើ​អត់​មាន​ចំណូល​ខ្លួន​ឯង"។

អ្នក​ស្រី​សង្កត់ធ្ងន់​ថា អ្នក​ស្រិ​ចេញ​មុខ​មក​នេះ មិន​ចង់​ឲ្យ​ទោស​អ្នកណា​ទេ ពិសេស​កូន​ធម៌តែ​ម្ដង ពោល​គឺ​មាន​តែ​អគុណ​ និង​ដឹង​គុណ ដែល​បាន​ជួយ​មួយ​រយៈ​កាល​កន្លង​មក។ ប៉ុន្តែ​អ្នក​ស្រី​ថា គ្រាន់​តែ​ចង់​លាង​ជម្រះ​ការ​យល់​ច្រឡំ ដែល​ថា អ្នក​ស្រីបាន​កូន​ធម៌​ជា​អ្នក​មាន​ហើយ ជីវិត​រស់​នៅ​សុខស្រួលហើយ មិន​ត្រូវ​ការ​ថត​សម្ដែង​ទៀត​នោះ​ទេ។

ចំណុច​ចុងក្រោយ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​ស្រី​លំបាក ព្រោះ​ថា មិន​មាន​ផលិតករ​ ឬ​អ្នក​ដឹកនាំ​ភាពយន្ត​ណា ហៅ​អ្នក​ស្រី​ថត​សម្ដែង​បន្ត​ទៀត ជា​ហេតុធ្វើ​ឲ្យ​បាត់​ចំណូល​ស្ទើរ​ទាំង​ស្រុង។ ដូច្នេះ​ហើយ គ្រា​នេះ អ្នក​ស្រី​សូម​អំពាវ​នាវ​ឲ្យ​ផលិតករ អ្នក​ដឹកនាំ​រឿង​នានា ហៅ​អ្នក​វិញផង ព្រោះ​នេះ​ជា​កាតព្វកិច្ច​អ្នក​ស្រី​ និង​មិន​ឲ្យ​បន្ទុ​ក​លើ​កូន​ធម៌​ឡើយ។

ជុំវិញ​ការ​លើក​ឡើង​របស់​អ្នកស្រី ញឹម សុខា ដែល​ជា​ម្ដាយ​ធម៌​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ជា​សិល្ប​ការិនី​វ័យ​ចំណាស់​មាន​ជីវភាព​ខ្វះ​ខាត ត្រូវ​បាន​អ្នកនាង នួន សុន្ទរី ហៅ​ស្រី​អូន ទទួល​ធ្វើ​ជា​ម្ដាយ​ធម៌​កាល​ពី​ពេល​ថ្មី​ៗ​នេះ Sabay មិន​ទាន់​អាច​ទាក់ទង​អ្នកនាង នួន សុន្ទរី ដើម្បី​សូម​ការ​ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង​នេះ​បាន​នៅ​ឡើយ​ទេ ​គិត​មក​ដល់​ថ្ងៃទី២៥ ខែ​កុម្ភៈ នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

អត្ថបទពេញនិយម