ក្រុមហ៊ុន Microsoft ប្រឹងបង្កើនប្រជាប្រិយភាពកម្មវិធី Teams ជាមួយមុខងារថ្មី

  • 2021-03-03 10:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Teams គឺជាកម្មវិធីដែលអាចឱ្យអ្នកប្រើប្រាស់ធ្វើការប្រជុំតាមរយៈវីដេអូពីចម្ងាយដែលគេហៅថា Video Conferencing ប៉ុន្តែកម្មវិធីនេះមិនសូវជាមានប្រជាប្រិយភាពបើយើងប្រៀបធៀបទៅកម្មវិធី Zoom ឬកម្មវិធី Meet របស់ក្រុមហ៊ុន Google។ ដូច្នេះហើយបានជាក្នុងពេលថ្មីៗនេះក្រុមហ៊ុន Microsoft បានបន្ថែមមុខងារមួយចំនួនទៀតដើម្បីទាក់ទាញអ្នកប្រើប្រាស់។

មុខងារថ្មីទាំងនោះមានដូចជា Teams Connect ដែលអាចឱ្យអ្នកប្រើប្រាស់ចែករំលែកឯកសារជាមួយក្រុមហ៊ុនដទៃទៀតដើម្បីធ្វើកិច្ចការណាមួយ។ ប្រសិនបើលោកអ្នកចង់ឱ្យមានអ្នកចូលរួមការបង្ហាញឱ្យបានច្រើននោះ លោកអ្នកអាចប្រើមុខងារ View-only ដែលមុខងារនេះអាចឱ្យមានអ្នកចូលរួមរហូតដល់ទៅមួយម៉ឺននាក់។ ប៉ុន្តែមុខងារដែលលេចធ្លោជាងគេនោះគឺមុខងារ PowerPoint Live ដែលអាចឱ្យអ្នកបង្ហាញនិងអ្នកចូលរួមអាចគ្រប់គ្រងទៅលើ Slide ដែលពួកគេចង់បង្ហាញឬមើល។ នេះមានន័យថាអ្នកចូលរួមអាចចុចមើល Slide មុនៗបានប្រសិនបើពួកគេកត់ត្រាពុំទាន់ ឬមើលទៅមុខទៀតប្រសិនបើពួកគេចង់មើលព័ត៌មានមុនអ្នកបង្ហាញនោះ។

ក្រៅពីមុខងារទាំងនោះក្រុមហ៊ុនក៏បានបង្ហាញនូវឧបករណ៍ Intelligent Speakers ដែលអាចសរសេររបាយការណ៍ និងធ្វើការកំណត់សំឡេងអ្នកចូលរួមនៅក្នុងកិច្ចប្រជុំបានរហូតដល់ទៅ ១០នាក់ ដើម្បីប្រើក្នុងការបញ្ចូលឈ្មោះអ្នកចូលរួមទៅក្នុងរបាយការណ៍។ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា Intelligent Speakers នឹងត្រូវបានដាក់ឱ្យប្រើសាកល្បងជាលក្ខណៈឯកជននៅចុងឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់អំពីតម្លៃរបស់វានៅឡើយទេ៕

ប្រភព៖ Anti Cyber Crime Department

អត្ថបទពេញនិយម