អ៊ុំ សេរីរ័ត្ន បង្ហាញសារសោកសៅ តើគេឈប់ពីបាល់ទាត់មែនឬក៏យ៉ាងណា?
- 2021-03-15 03:32:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុំ សេរីរ័ត្ន បង្ហាញសារសោកសៅ តើគេឈប់ពីបាល់ទាត់មែនឬក៏យ៉ាងណា?
ចន្លោះមិនឃើញ
ថ្មីៗនេះសារសោកសៅរបស់ អ៊ុំ សេរីរ័ត្ន ត្រូវបានចែករំលែកយ៉ាងច្រើនលើបណ្ដាញសង្គម ចំណែកអ្នកគាំទ្រមួយចំនួនបានលើកជាចម្ងល់ថា តើអតីតអ្នកចាំទីឆ្នើមជម្រើសជាតិកម្ពុជារូបនេះ ពិតជាឈប់ពីបាល់ទាត់មែនឬយ៉ាងណា?
ដើម្បីស្រាយចម្ងល់មួយនេះ Sabay បានសាកសួរទៅកាន់សេរីរ័ត្ន។ សេរីរ័ត្នបានឱ្យដឹងថា គេសុំផ្អាកពីបាល់ទាត់មួយរយៈសិន ព្រោះតែរបួសជង្គង់រ៉ាំរ៉ៃព្យាបាលមិនជាសះស្បើយ។
អ្នកចាំទីដៃស្អិតធ្លាប់សង្គ្រោះបាល់ពិន័យ១១ម៉ែត្រ របស់ខ្សែប្រយុទ្ធជប៉ុន Shinji Okazaki ឆ្នាំ២០១៥ ក្នុងព្រឹត្តិការណ៍ជម្រុះ FIFA World Cup Russia 2018 ជុំទី២ប្រចាំតំបន់អាស៊ី បានរៀបរាប់ទាំងអារម្មណ៍តូចចិត្តថា ៖«រឿងជើងព្យាបាលនៅខ្មែរគេថាអត់ធានាថា ជាលេងកើតទេ ហើយឥឡូវបញ្ហាកូវីដទៅព្យាបាលនៅក្រៅអត់កើត អ៊ីចឹងសម្រេចចិត្តបញ្ចប់វាសិន»។
អ៊ុំ សេរីរ័ត្ន ចាប់ផ្ដើមមានបញ្ហារបួសសរសៃ MCL នៅឆ្នាំ២០១៨ ហើយក៏បានចេញទៅព្យាបាលនៅប្រទេសវៀតណាម ដោយត្រូវសម្រាករយៈពេលជាង១០ខែ។ បន្ទាប់ពីរបួសជាសះស្បើយ សេរីរ័ត្នបានចូលលេងឡើងវិញនៅចុងឆ្នាំ២០១៩។ លុះលីគកំពូលកម្ពុជាដំណើរការនៅឆ្នាំ២០២០ គេលេងបានតែបីប្រកួតបុណ្ណោះ ក៏របួសសរសៃ MCL ផ្សេងទៀត តែមិនអាចទៅព្យាបាលនៅក្រៅប្រទេសបានទេ ដោយសារការផ្ទុះនៃជំងឺកូវីដ-១៩។ វិបត្តិនេះធ្វើឱ្យគេសម្រេចព្យាបាលនៅក្នុងប្រទេស។
កីឡាកររបស់ក្លឹប Tiffy Army បញ្ជាក់ថា៖ «ពេលដែលខ្ញុំប្រកួតជាមួយវិសាខាហ្នឹងគឺនៅឆ្នាំ២០១៩ ប្រកួតចុងក្រោយហើយ ហើយបន្ទាប់ពីហ្នឹងមកជើងខ្ញុំវាប្រសើរហើយ។ ដល់ពេលចូលឆ្នាំ២០២០ហ្នឹង គឺខ្ញុំលេងជាមួយអាស៊ីអឺរ៉ុប ព្រះខ័នរាជស្វាយរៀង និងវិសាខា លេងបានបីប្រកួតជុំទី១ ដល់ពេលហើយកូវីដមកក៏សម្រាក។ ពេលគេសម្រាកកូវីដហ្នឹង គឺបញ្ហាសាច់ដុំខ្ញុំ ចាប់ផ្ដើមស្រកទៅវិញ ហើយណាមួយគេអត់ឱ្យប្រមូលផ្ដុំ បញ្ហាសាច់ដុំខ្ញុំអត់សូវបានហាត់វាស្រក ដល់ពេលចូលមកវិញ ខ្ញុំខំប្រឹងទាត់បាល់ទៅវាធ្វើឱ្យប៉ះពាល់សរសៃផ្សេងមួយទៀត»។
ប្អូនបង្កើតរបស់អ្នកចាំទី អ៊ុំ វិចិត្រ បានបន្ថែមទៀតថា បើសិនស្ថានភាពកូវីដ-១៩ មានភាពល្អប្រសើរ ហើយច្រកព្រំដែនបើក គេនឹងទៅព្យាបាលនៅវៀតណាមម្ដងទៀត។ បើព្យាបាលជាគេនឹងបន្តអាជីពបាល់ទាត់ តែបើមិនជាទេគេនឹងបញ្ចប់ត្រឹមហ្នឹងតែម្ដង ដោយរកការងារផ្សេងដូចជាធ្វើគ្រូបង្វឹកជាដើម។ បច្ចុប្បន្ន សេរីរ័ត្ន ថារូបគេបានត្រឹមតែរត់តិចតូច ដើម្បីទទួលបានសុខភាពល្អតែប៉ុណ្ណោះ៕