មាស ចាន់ណា៖ យើងនឹងអាចស្រួលជាមួយអគ្គិសនី ដោយសារយើងមានស៊ូ យ៉ាទី និង Macio

  • 2021-04-06 05:15:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះក្រុមរបស់លោក មាស ចាន់ណា នឹងទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ដើម្បីប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជាសប្ដាហ៍ទី៥ រដូវកាលឆ្នាំ២០២១។

ពីរប្រកួតកន្លងមក ម្ចាស់ជើងឯកលីគ៣សម័យកាលឈ្នះបឹងកេត ១-០ និងចាញ់ព្រះខ័នរាជស្វាយរៀង ៣-១ មាន៣ពិន្ទុឈរនៅលេខរៀងទី៥ បណ្ដោះ​អាសន្ន​។ ចំណែកអគ្គិសនីកម្ពុជា ឈ្នះ១និងចាញ់១មាន៣ពិន្ទុ ឈរលេខរៀងទី៦។

យ៉ាងណាក្នុងជំនួបទល់ក្រុមលោក មាស សំអឿន គ្រូបង្គោលណាហ្គាវើលដ៍​ខាងលើចាត់ទុកថា នឹងគ្មានការលំបាកខ្លាំងទេ បើកូនក្រុមស្ដាប់តាមការណែនាំរបស់លោក។ ម្យ៉ាងខ្សែប្រយុទ្ធ Marcio Maques និង ស៊ូ យ៉ាទី ក៏បានចូលហាត់ និងអាចលេងបានវិញហើយក្នុងប្រកួតនេះ។

គ្រូបង្វឹកកម្រិត A License បានពន្យល់ថា ៖«បើសិនជាគាត់(កូនក្រុម)រៀបចំបានល្អ គាត់ប្រមូលអារម្មណ៍បានល្អ ក្នុងការធ្វើក្នុងការរៀបចំរបស់ខ្ញុំ ខ្ញុំគិតថាគាត់​នឹងអាចទទួលបានលទ្ធផលល្អ ក៏ប៉ុន្តែបើសិនគាត់ប្រមូលអារម្មណ៍អត់ល្អទេ ជាពិសេសការប្រឹងប្រែងគាត់អត់ចប់ចុងចប់ដើម គឺខ្ញុំគិតថាពិបាកជាមួយអគ្គិសនី​វិញ តែអ្វីយើងរំពឹងទុកខ្ញុំគិតថា យើងនឹងអាចស្រួលជាមួយអគ្គិសនី ដោយសារយើងមានស៊ូ យ៉ាទី និង Macio មកវិញ»។

ទោះបីជាយ៉ាងណា បន្ទាប់មានជំនឿចិត្តខ្ពស់ក្នុងការប្រកួត គ្រូបង្វឹកដែលវិវឌ្ឍខ្លួនពីកីឡាករ មើលឃើញកីឡាករអគ្គិសនី២រូប ដែលលេចធ្លោនិងគ្រោះថ្នាក់សម្រាប់ក្រុមគឺ ខ្សែការពារ ឈឿង វីស៊ីនុ និងខ្សែប្រយុទ្ធវ័យ១៩ឆ្នាំ សារ ទី ដែលកំពុងឡើងជើង។

គ្រូបង្គោលជំនាញក្បួនការពារ មាស ចាន់ណា មិនអាចឈរបញ្ជានិងដឹកនាំក្រុមណាហ្គាវើលដ៍លើទីលានបានទេ ដោយសារលោកជាប់បម្រាម២ប្រកួត ទាល់តែប្រកួតក្រោយទើបមានសិទ្ធិចូលទីលានវិញ៕

អត្ថបទ៖ អ៊ុំ សុភក្តិ