បឹងកេត​ចាញ់​២​ប្រកួត​លោក ភា សុភ័ក្ត្រា ថាក្រុម​នាគខៀវខ្វះកីឡាករដ៏​សំខាន់​នៅ​តំបន់​នេះ

  • 2021-04-13 04:39:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមការពារតំណែងជើងឯកបឹងកេត ធ្វើមិនបានល្អទេក្នុងពីរប្រកួតកន្លងមក ដោយពួកគេចាញ់ទាំងពីរប្រកួតក្នុងរដូវកាលនេះ។

ទាក់ទងនឹងបរាជ័យនេះ លោក ភា សុភ័ក្ត្រា អ្នកមានបទពិសោធក្រាស់ក្រែលលើវិស័យបាល់ទាត់ និងជាអតីតគ្រូបង្គោលក្លឹបបាល់ទាត់ TIFFY ARMY បានបង្ហាញទស្សនៈថា បឹងកេតមានតំបន់ប្រយុទ្ធល្អគ្រាប់គ្រាន់ហើយ នៅឡើយតែខ្សែបម្រើប្រយុទ្ធមុតស្រួច ខណៈកីឡាកររបស់ពួកគេបច្ចុប្បន្នចែកបាល់លក្ខណៈធម្មតា និងមិនសូវជាស៊ីចង្វាក់ជាមួយ សៀង ចន្ធា និងម៉ាត់ នូរុណ។

អតីតគ្រូបង្វឹកទទួលបានសញ្ញាប័ត្រកម្រិត A License ពី AFC បានពន្យល់បែបនេះ ៖«មួយរយៈនេះខ្ញុំឃើញដឺមីបឹងកេត គាត់អត់សូវមានបាល់ដែលប៉ះគ្រោះថ្នាក់ គេថាបាល់ប៉ះសាមញ្ញពេក តំបន់បម្រើគេថា Simple Pass ចឹងបឹងកេតគួរតែរកអ្នកដែលជា Key Pass ឬក៏ Key Player ដើម្បីឱ្យ​ម៉ាត់ នូរុណ ដើម្បីឱ្យ​សៀងចន្ធាហ្នឹង គាត់មានឱកាសចលនា ព្រោះអ្នកល្បឿនគេមិនសូវបោះចំមនុស្សទេ អ្នកល្បឿនភាគច្រើនគេបោះទៅ Space»។

លោកបានបន្ថែមថា សៀង ចន្ធា ជាខ្សែប្រយុទ្ធដែលមានល្បឿនលឿន ដូច្នេះត្រូវការអ្នកប៉ះរហ័ស និងយល់ចិត្តបំផុត ថាតើពេលណាត្រូវប៉ះឱ្យ​ចំគេ និងពេលណាត្រូវប៉ះទៅលើផ្ទៃដី (Space) ដើម្បីឱ្យ​គេចំណេញពេលវេលាក្នុងការធ្វើ​ចលនា​ប្រយុទ្ធ។

ពីរប្រកួតចាញ់ណាហ្គាវើលដ៍ ១-០ និងភ្នំពេញក្រោន ២-១ ក្នុង​ទឹក​ដី​របស់​ខ្លួន​កន្លងទៅ បឹងកេតប្រើខ្សែបម្រើបរទេសសញ្ជាតិជប៉ុន Mizuno Hikaru និង Kenta និង Gopane។

ចំពោះខ្សែបម្រើ Mizuno និង Kenta លោក ភា សុភ័ក្ត្រា យល់ឃើញថា ៖«បើសិនជាបឹងកេត គាត់រក Key Player កន្លែងផ្សាភ្ជាប់តំបន់ប្រយុទ្ធហ្នឹង ខ្ញុំគិតថាបឹងកេតគ្រប់គ្រាន់ហើយរាល់ថ្ងៃហ្នឹង ត្រូវការតែមួយទីតាំងហ្នឹងទៀតទេ។ ទីមួយ Mizuno គាត់ការពារ គាត់អ្នកចែកសាមញ្ញ។ ទីពីរ Kenta គាត់មិនដើរតួរជា Penetrate Pass ទេ (ប៉ះចុះ) គាត់ទម្លាប់គាត់គឺទាញសិន តែគាត់មានចំណុច ការទម្លាក់មកជួយការពារលឿន»។

លោកបាន​បង្ហាញ​ទៀត​ថា ៖«បើបឹងកេតមាន Key Player សម្រាប់ Attacking Mid-fielder មួយទៀត ខ្ញុំគិតថាល្អដោយសារមានចន្ធា មានម៉ាត់នូរុណអី សុទ្ធតែអ្នកដែលចូលចិត្ត (បាល់លឿន) អឺនិយាយរួមពួកគាត់ អាចវាយបកក៏បាន Penetrate pass ក៏បាន។ Kenta គុណភាពគាត់ បើគាត់នៅខាងលើអត់អីទេ តែបើយកគាត់ដាក់បម្រើពីរជាមួយ Mizuno របៀបថាគាត់ត្រូវការចាយកម្លាំងចាយអីច្រើនណាស់ ហើយគុណភាពគាត់ខ្ញុំមើលការចែកការអីហ្នឹង គាត់ត្រូវការទប់ត្រូវការទាញត្រូវការអី មានន័យថាអ្វីដែលគេចង់លេងលឿនទៅមុខ រៀងដំអក់បន្តិចហើយ»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី