ពិធីដ៏សំខាន់ «អនាគតនៃរថយន្តអគ្គិសនីអាមេរិច ២០៣០» នៅសេតវិមាន បែរជាគ្មានឈ្មោះ Tesla
- 2021-08-06 07:07:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិធីដ៏សំខាន់ «អនាគតនៃរថយន្តអគ្គិសនីអាមេរិច ២០៣០» នៅសេតវិមាន បែរជាគ្មានឈ្មោះ Tesla
ចន្លោះមិនឃើញ
សេតវិមានសហរដ្ឋអាមេរិច រៀបចំកិច្ចប្រជុំកំពូលមួយនៅ ថ្ងៃព្រហស្បតិ៍ ស្ដីពីអនាគតនៃរថយន្តអគ្គិសនី និងការកាត់បន្ថយប្រើប្រាស់ប្រេងសាំងក្នុងគម្រោងឆ្នាំ២០៣០ ដោយគម្រោងលក់ឡានអគ្គិសនីឱ្យបាន ៥០%។ ប៉ុន្ដែកិច្ចប្រជុំដ៏សំខាន់នេះ បែរជាអវត្តមាន Tesla ដែលជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីធំបំផុតរបស់ប្រទេសនេះទៅវិញ។
ឆ្លើយតបនឹងសារព័ត៌មាន ក៏ដូចជាមហាជនជាច្រើនឆ្ងល់ពីបញ្ហានេះ Elon Musk បានបង្ហោះសារលើ Twitter ថា “វាហាក់ជាចម្លែកពិតមែន ដែលថា Tesla មិនត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ”។
ពិតណាស់ វាហាក់ជាចម្លែកពិតមែន ដែល Tesla មិនត្រូវបានអញ្ជើញឱ្យចូលរួម ប៉ុន្ដែបែរជាអញ្ជើញក្រុមហ៊ុនរថយន្ត Ford, General Motors និង Stellantis ដែលសុទ្ធតែជាក្រុមហ៊ុនអាមេរិច និងជាដៃគួប្រកួតប្រជែងនឹង Tesla ដោយមានគម្រោង ផលិតឡានអគ្គិសនី ៤០-៥០% សម្រាប់សហរដ្ឋអាមេរិច នាឆ្នាំ២០៣០ ខាងមុខ។
មិនតែប៉ុណ្ណោះ គេគួរដឹងថា Tesla ជាក្រុមហ៊ុនលក់ឡានអគ្គិសច្រើនបំផុតនៅទឹកដីអាមេរិច ប្រមាណ ៧៤% នៅអំឡុង៣ឆ្នាំចុងក្រោយនេះ ប៉ុន្ដែសេតវិមានបែរជាមើលរំលង Tesla ទៅវិញ។
ចំពោះបញ្ហានេះ អ្នកនាំពាក្យសេតវិមានមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយពី Business Insider នោះទេ។
ប៉ុន្ដែគេមានការសង្ស័យថា ការដក Tesla ចេញពីបញ្ជីអញ្ជើញ ទំនងជាមកពីភាពល្អក់កករកាលពី ខែមីនា ត្បិត ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិ បានអំពាវនាវឱ្យនាយកប្រតិបត្តិ Elon Musk លុបចោលសារលើ Twitter ដែលត្រូវបានគេមើលឃើញថាជាការគំរាមកំហែងដល់សហជីពការងាររបស់ខ្លួនជាសាធារណៈ កន្លងមក៕