ទំនេរចុងសប្ដាហ៍ តោះធ្វើនំ ៥ ប្រភេទញ៉ាំលេង ស្រួលធ្វើ រូបមន្តងាយៗ

  • 2021-08-14 01:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាកថ្ងៃចុងសប្ដាហ៍ ជាពេលវេលាមួយសម្រាប់ជួបជុំក្រុមគ្រួសារ បង្កើតអនុស្សាវរីយ៍ល្អៗជាដើម ហើយកាន់តែពិសេសទៅទៀតនោះ ទម្លាប់របស់ជនជាតិខ្មែរ និយមធ្វើ នំ បង្អែម ញ៉ាំជុំគ្នាកាន់តែសប្បាយ ដើម្បីបំបាត់ភាពនឿយហត់។

នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព

យ៉ាងណាមិញបច្ចុប្បន្នមនុស្សភាគច្រើនចូលចិត្តទិញរបស់ស្រាប់យកមកញ៉ាំ ប៉ុន្តែជាមួយរូបមន្តងាយៗខាងក្រោមនេះ លោកអ្នកអាចធ្វើញ៉ាំខ្លួនឯង ព្រមទាំងអាចដាក់រសជាតិដែលខ្លួនចូលចិត្តបានទៀតផង៖

១. ចាហួយដូងស្លឹកតើយដូងខ្ចី

  • គ្រឿងផ្សំ៖ សាច់ដូងខ្ចីកោស ២០០ក្រាម, ម្សៅចាហួយកញ្ចប់ (យកមួយកញ្ចប់សម្រាប់ទឹក ៤លីត្រ), ស្លឹកតើយ, ខ្ទិះដូងដើម ៣ពែង (៦០ មីលីលីត្រ), ស្ករត្នោត ២៥០ ក្រាម, ទឹក ៣លីត្រ, និងអំបិល ១ចុងស្លាបព្រាកាហ្វេ។

  • វិធីធ្វើ៖ លោកអ្នកអាចប្រើឆ្នាំងល្មម ចាក់ខ្ទិះដូងចូល។ យកម្សៅចាយហួយចាក់ដាក់ចានមួយ រួចដួសទឹកខ្ទិះក្នុងឆ្នាំងចាក់ចូលមួយវែក កូរឱ្យសព្វល្អ រួចយកចាក់ចូលឆ្នាំង កូរតិចៗរហូតដល់ពុះ។ បន្ទាប់មកដាក់ស្ករ និងអំបិលមួយចិបចូល កូរឱ្យបាន ពីរទៅ បីនាទី ចាំពន្លត់ភ្លើង រួចចាក់ដាច់ដូងចូល កូរឱ្យសព្វ បន្ទាប់មកចាក់ចាហួយចូលទៅក្នុងថាសជាការស្រេច។

២. បាយដំណើបទុរេន

  • គ្រឿងផ្សំ៖ អង្ករដំណើប ១, ៥គីឡូក្រាម, សាច់ទុរេន ៧០០ក្រាម, ខ្ទិះដូង បីពែង, ស្ករត្នោត ២៥០ក្រាម, អំបិលមួយស្លាបព្រាកាហ្វេ។

  • វិធីធ្វើ៖ លាងអង្ករឱ្យស្អាត រួចត្រាំក្នុងទឹក ២ម៉ោង រួចស្រង់យកទៅចំហុយរយៈពេល ២០នាទី។ រួចមកធ្វើទឹកខ្ទិះវិញម្ដង ដោយយកខ្ទិះដូងមួយពែង ដាក់ក្នុងឆ្នាំង ប្រើកម្ដៅតិចល្មម រួចចាក់ស្ករសពីរស្លាបព្រាបាយ និងអំបិលមួយស្លាបព្រាកាហ្វេចូល កូរឱ្យសព្វរហូតដល់ពុះ រួចទុកវាឱ្យត្រជាក់វិញ។ យកសាច់ទុរេន មកច្របាច់ឱ្យហ្មត់សាច់ ទុកមួយឡែកសិន រួចចាក់ទឹកខ្ទិះ ២ពែងចូលឆ្នាំង ដាក់លើចង្ក្រានប្រើកម្ដៅតិចល្មម រួចចាក់ទុរេនចូលកូរឱ្យសព្វ រហូតដល់ពុះ ចាក់ស្ករចូល ថែមអំបិលមួយចិប កូរឱ្យសព្វ រួចបិទភ្លើងជាការស្រេច។

៣.ការ៉េមចេក ៖

  • គ្រឿងផ្សំ៖ ចេកទុំ ១ចំហៀងស្និត ច្របល់ឱ្យបែក, ខ្នុរទុំ ១ដុំបេះជាសរសៃ, ដូងខ្ចី ១ផ្លែកោសសាច់ជាបន្ទះៗ, សាច់មៀន ១ចាន, សណ្តែកដីលីង ១ចាន, ទឹកដោះគោ កន្លះកំប៉ុង, ខ្ទិះដូង ១ចានចង្កឹះ។

  • វិធីធ្វើ៖ យក ចេកទុំ, សាច់ខ្នុរ, សាច់ដូងកោស, សាច់មៀន និងសណ្តែកដីលីងដាក់ចូលក្នុងចានធំ។ បន្ទាប់មកយកទឹកដោះគោ និងខ្ទិះដូងដាក់ចូលកូរវាឱ្យសព្វ រួចច្រកចូលក្នុងថង់ ហើយដាក់ក្លាសេឱ្យកកជាការស្រេច។

៤. នំដំឡូងឈីស៖

  • គ្រឿងផ្សំ៖ ដំឡូងបារាំង កំទិចនំបុ័ង, ឈីស, ប័រ, អំបិល ម្រេចខ្មៅ, ពងមាន់ វ៉ាយឱ្យបែកឡើង, ទឹកប៉េងប៉ោះ, និងម៉ាយ៉ូនេសន៍។

  • វិធីធ្វើ៖ យកដំឡូងបារាំង ស្ងោរឱ្យឆ្អិន រួចដាក់អំបិលចូលបន្តិច បន្ទាប់មកសង្កត់ដំឡូងឱ្យបែក ថែមម្រេចខ្មៅ ថែមអំបិល ប័រ រួចច្របល់ឱ្យសព្វទាន់នៅក្ដៅ។ រួចកាត់ដុំឈីស ជាដុំៗ ប៉ុនស្ករផែន បន្ទាប់មកយកដំឡូងមកសូនមូលៗប៉ុននំពងអន្សង ឬនំក្រូច ឬធ្វើទៅតាមរូបរាងដែលអ្នកចូលចិត្ត ដោយគ្រាន់តែដាក់ឈីសធ្វើស្នូល បន្ទាប់មកយកទៅជ្រលក់ក្នុងពងមាន់ ហើយត្រឡប់លើកំទេចនំប៉័ង សឹមយកទៅបំពងជាការស្រេច។

៥. បង្អែម នំអ៉ី៖

  • គ្រឿងផ្សំ៖ ម្សៅដំណើប ៧០០ក្រាម, ស្លឹកតើយ ៧សន្លឹក, មៀន ១០០ក្រាម, បកសំបក យកគ្រាប់ចេញ, សាច់ដូងកោស (ដូងចាស់ល្មម) ២០០ក្រាម, ទឹក ៣លីត្រ, , អំបិលកន្លះស្លាបព្រាកាហ្វេ, ស្ករត្នោត ៤០០ក្រាម, ក្បាលខ្ទះដូង ៣ពែង, ខ្ញី ៥ចំណិត។

  • វិធីធ្វើ៖ យកស្លឹកតើយលាយជាមួយទឹក រួចកិនឱ្យហ្មត់ ដើម្បីច្រោះយកទឹក ទុកលាយជាមួយម្សៅ។ យកចានមួយចាក់ម្សៅដំណើប ២០០ក្រាម ចាក់ទឹកស្លឹកតើយចូលបន្តិច រួចលញ់ច្របាច់ឱ្យសាច់ម្សៅស្វិតល្អ។

ម្សៅដែលម្សៅនោះមក លញ់វាឱ្យមូល (ឬរូបរាងផ្សេងៗក៏បានទៅតាមចំណង់ចំណូលចិត្ត) រួចបោះចូលទឹកក្ដៅកំពុងពុះ ស្ងោរវាឱ្យឆ្អិន ពេលនំផុសឡើងលើបានន័យថាឆ្អិតហើយ រួចដួសនំចេញដាក់ចូលទឹកត្រជាក់ដើម្បីឱ្យសាច់ស្វិតរមួតល្អ។

របៀបធ្វើទឹកស្ករ៖ យកទឹកមួយពែងចូលក្នុងឆ្នាំ តូចល្មមដាំលើចង្ក្រានរួចដាក់ទឹកស្ករ អំបិល ខ្ញី និងកាត់ស្លឹកតើយកូរវាឱ្យសព្វចេញក្លិនឈ្ងុយទុកដល់ពុះ សឹមដាក់ក្បាលខ្ទិះចូល កូរឱ្យសព្វ រួចបិទភ្លើង ទុកឱ្យត្រជាក់ (ប្រសិនបើចង់ញ៉ាំក្ដៅៗ អាចញ៉ាំភ្លាមៗបាន)។

រីករាយចុងសប្ដាហ៍ ជាមួយនំធ្វើនៅផ្ទះខ្លួនឯង ទាំងអនាម័យ ឆ្ងាញ់ និងសុខភាពល្អ៕

ប្រភពព័ត៌មាន៖ ញ៉ាំ - រូបមន្តធ្វើម្ហូបពីផ្ទះបាយខ្មែរ, វិជ្ជាមុខម្ហូបស្ត្រីមេផ្ទះ

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម