ហាង​កាហ្វេ​រ៉ូបូ​តតូ​ក្យូ ផ្តល់ជូន​ឱកាស​ការងារ​ដល់ជ​ន​ពិការ​ដែល​ពិបាក​ចេញ​ក្រៅ​ផ្ទះ​ធ្វើការ

  • 2021-08-23 05:50:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ហាង​កាហ្វេ​តូ​ក្យូ​មួយ លោក​មី​ឈី​អូ អ៊ី​ម៉ៃ​បាន​ស្វាគមន៍​អតិថិជន​ម្នាក់ ប៉ុន្តែ​មិនមែន​ស្វាគមន៍​ដោយ​ផ្ទាល់​ទេ​។ លោក​ស្ថិតនៅ​ចម្ងាយ​រាប់រយ​គីឡូម៉ែត្រ ដោយ​អង្គុយ​បញ្ជា​អ្នកបម្រើ​រ៉ូបូត​មួយគ្រឿង ដែល​ជា​ផ្នែក​មួយ​នៃ​ការពិសោធន៍​ក្នុង​ការងារ​ដែល​រួមបញ្ចូល​មនុស្ស​គ្រប់​ប្រភេទ​។​ ​រ៉ូបូ​តរបស់​ហាង​កាហ្វេ Dawn មាន​គោលបំណង​លើស​ពី​ការទាក់ទាញ​ចំណាប់អារម្មណ៍​អតិថិជន​ទៅទៀត ដោយ​ផ្តល់​ឱកាស​ការងារ​ដល់​មនុស្ស​ដែល​ពិបាក​ធ្វើការ​នៅ​ក្រៅ​ផ្ទះ​។​

“​សួស្តី តើ​អ្នកសុខ​សប្បាយ​ទេ​?” រ៉ូបូត​ពណ៌​សរលោ​ងរាង​ដូច​កូនស​ត្វ​ផេន​ឃ្វី​ន​កំពុង​ហៅ​ពី​បញ្ជរ​ក្បែរ​ច្រកចូល ដោយ​ងាក​មុខ​មក​រក​អតិថិជន​ហើយ​គ្រវី​ដៃ​របស់​វា​។​

​លោក​អ៊ី​ម៉ៃ​គឺ​ស្ថិត​នៅ​ពីក្រោយ​ការបញ្ជារ៉ូ​បូតពី​ផ្ទះ​របស់​គាត់​នៅ​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា ចម្ងាយ ៨០០ គីឡូម៉ែត្រ​ពី​ក្រុង​តូ​ក្យូ ហើយ​គាត់​ជា​បុគ្គលិក​ម្នាក់​ក្នុងចំណោម​បុគ្គលិក ៥០ នាក់​ដែល​មាន​ពិការភាព​ផ្លូវកាយ​និង​ផ្លូវចិត្ត ដែល​ធ្វើការ​ជា “​អ្នកបញ្ជា​” បុគ្គលិក​រ៉ូបូ​តរបស់​ហាង Dawn​។​ ​ហាង​កាហ្វេ​នេះ​បាន​បើក​ដំណើរការ​នៅ​សង្កាត់​នី​ហុន​បា​ស៊ី ស្ថិត​នៅ​ភាគ​កណ្តាល​ទីក្រុង​តូ​ក្យូ​កាលពី​ខែ​មិថុនា ហើយ​ជួល​បុគ្គលិក​នៅ​ទូទាំង​ប្រទេស​ជប៉ុន​និង​នៅ​ក្រៅប្រទេស​ព្រមទាំង​បុគ្គលិក​មួយចំនួន​ដែល​ធ្វើការ​នៅនឹងកន្លែង​ផងដែរ​។​

​ដើមឡើយ​ហាង​នេះ​គ្រោង​នឹង​បើក​កាលពី​ឆ្នាំមុន​ដើម្បី​ស្របពេល​ជាមួយនឹង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ប៉ុន្តែ​ការបើក​ត្រូវបាន​ពន្យារពេល​ដោយសារ​ជំងឺ​រាតត្បាត​ដូច​ព្រឹត្តិការណ៍​ប៉ា​រ៉ា​ឡាំ​ពិ​ក​ផងដែរ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​ទី​២៤​សីហា​។​ ​រ៉ូបូត​ខ្នាត​ល្អិត​ប្រហែល ២០ គ្រឿង​ដែល​មាន​ភ្នែក​រាង​ដូច​គ្រាប់​អាល់​ម៉ុន​អង្គុយ​នៅលើ​តុ​និង​ផ្នែក​ផ្សេង​ទៀត​នៃ​ហាង​កាហ្វេ ដែល​គ្មាន​ជណ្តើរ​និង​កម្រាល​ឈើ​រលោង​ធំ​ល្មម​សម្រាប់​រទេះរុញ​។​

​រ៉ូបូត ដែល​មានឈ្មោះ​ថា OriHime មាន​បំពាក់​កាមេរ៉ា ម៉ៃក្រូ​ហ្វូន និង​ឧបករណ៍​បំពង​សំឡេង​ដើម្បី​អនុញ្ញាត​ឱ្យ​ប្រតិបត្តិ​ករ​ធ្វើ​ទំនាក់ទំនង​ជាមួយ​អតិថិជន​ពី​ចម្ងាយ​។​ ​រ៉ូបូត​នៅក្បែរតុ​មួយ​បាន​សួរថា “​តើ​អ្នកត្រូវការ​កុម្ម៉ង់​អាហារ​អ្វី​ដែរ​?” ដោយ​បង្ហាញ​បញ្ជី​រាយ​មុខម្ហូប​ដូច​ជា​បឺ​ហ្គ័​រ ការី និង​សាឡា​ត់ (​មុខ​ម្ហូប​ធ្វើ​ពី​បន្លែ​សុទ្ធ​)​។​ ​នៅពេល​អតិថិជន​កំពុង​ជជែក​គ្នា​ជាមួយ​អ្នក​បញ្ជា​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​រ៉ូបូត​ខ្នាត​តូច​ពី​ចម្ងាយ រ៉ូ​បូតធំៗ​ចំនួន​បី​គ្រឿង​បាន​ធ្វើ​បំលាស់​ទី​ជុំវិញ​ហាង​ដើម្បី​លើក​ភេសជ្ជៈ​ឬ​ស្វាគមន៍​អតិថិជន​នៅ​ច្រកចូល​។​ ​ហើយ​ថែមទាំង​មាន​រ៉ូបូ​តឆុង​កាហ្វេ​ស្លៀកពាក់​ឈុត​ពណ៌​ត្នោត​នៅ​បារ​ទៀតផង ដែល​អាច​ឆុង​កាហ្វេ​ដូច​មនុស្ស​មែនទែន​យ៉ាង​អ៊ីចឹង​៕

ប្រភព៖ rasmeinews.com

អត្ថបទពេញនិយម