ល្បី​ថា​ Ozil លែង​ចង់​នៅ​ក្លឹប​តួកគី​បន្ត​ ក្រោយ​មក​លេង​ទើប​តែ​បាន​ ៨ខែ​

  • 2021-09-09 12:50:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Mesut Ozil ត្រូវ​បាន​សារព័ត៌មាន​ Diario AS ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ កីឡាករ​រូប​នេះ​ចង់​ចាកចេញ​ពី​ក្លឹប​ Fenerbahçe ដែល​ជា​ក្លឹប​មួយ​នៅ​ក្នុង​ប្រទេស​តួកគី​ ក្រោយ​មក​លេង​បាន​ ៨ខែ​ប៉ុណ្ណោះ​។

​Ozil ត្រូវ​បាន​សារព័ត៌មាន​ជា​ច្រើន​លើកឡើង​ថា​ ហាក់​បី​ដូច​ជា​មិន​សូវ​ចុះ​សម្រុង​ជា​មួយ​គ្រូ​បង្គោល​ក្លឹប​តួកគី​ខាង​លើ​នេះ។ ខ្សែ​បម្រើ​រូប​នេះ​មិន​សូវ​បាន​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ប្រកួត​លីគកំពូល​ ក៏​ដូច​ជា​ប្រកួត​ជម្រុះ​ Europa League មួយ​រយៈ​កន្លង​ទៅ​នេះ​ឡើយ​ ដោយ​គ្រូ​បង្គោល​ក្លឹប​តែង​ដាក់​​ខ្សែ​បម្រើ​អាយុ​២០ឆ្នាំ​ Muhammet Gumuskaya ឲ្យ​ចូល​លេង​ជំនួស​ Ozil រហូត​មក​។

បើ​តាម​ប្រភព​ដដែល​ខាង​លើ​ ក្រោយ​មិន​សប្បាយ​ចិត្ត​នឹង​ក្លឹប​ Ozil ចង់​ចាក​ចេញ​ និង​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​អាច​នឹង​ទៅ​លេង​ឲ្យ​​ក្លឹប​នៅ​ MLS ឬ​ជា​ពិសេស​គឺ​ក្លឹប​នៅ​ប្រទេស​កាតា​ ព្រោះ​កីឡាករ​នេះ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ជួបព្រះមហាក្សត្រ​នៃ​ប្រទេស​​​មួយ​នេះ​។

យ៉ាង​ណា​ក្ដី​លោក​ Erkut Sogut ភ្នាក់ងារ​កីឡាករ​ផ្ទាល់​របស់​ Ozil បាន​ច្រានចោល​នូវ​ការ​សន្និដ្ឋាន​របស់​សារព័ត៌មាន​ទាំង​អស់​ ដោយ​បាន​លើក​ឡើង​ថា​ខ្សែ​បម្រើ​រូប​នេះ​សប្បាយ​នៅ​លេង​ឲ្យ​ Fenerbahçe ជា​ធម្មតា ហើយ​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កាតា​កន្លង​មក​នេះ​គឺ​ទៅ​ដើម្បី​ធ្វើ​ធុរៈ​ជំនួញ​ផ្ទាល់​ខ្លួន​របស់​គេ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Ozil នៅ​មាន​កុងត្រា​ជា​មួយ​ក្លឹប​តួកគី​ខាង​លើ​រយៈ ពេល​៣ឆ្នាំ​ទៀត​ រហូត​ដល់​ឆ្នាំ​២០២៤៕​

ប្រភព៖ Mirror   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី