បើនិយាយពីម៉ូតូអូតូនិងម៉ូតូចង្កឹះលេខ មានការយល់ឃើញខុសគ្នា។ យុវវ័យភាគច្រើនពេញចិត្តម៉ូតូអូតូជាងចង្កឹះលេខ ដោយសារការប្រើប្រាស់ងាយស្រួលជាង។ ប៉ុន្តែបើនិយាយពីកម្លាំងម៉ាស៊ីននិងល្បឿនអតិបរមា ប្រាកដណាស់ដែលម៉ូតូចង្កឹះលេខអាចធ្វើបានប្រសើរ។
យ៉ាងណា បើធ្វើការប្រៀបធៀបគ្នាមានចំណុចច្រើន ដែលគួរពិចារណាលើប្រភេទម៉ូតូទាំងពីរនេះ។
Sabay ប្រៀបធៀបប៉ុន្មានចំណុចសំខាន់ ដែលអ្នករាល់គ្នាត្រូវពិចារណាឲ្យបានច្បាស់ មុនសម្រេចចិត្តថាគួរជ្រើសរើសយកមួយរវាងជម្រើសទាំងពីរ។
ភាពងាយស្រួលនៃការរៀនបើកបរ
- ម៉ូតូចង្កឹះលេខពិបាកក្នុងការរៀននិងរាងសាំញ៉ាំបន្តិច
- ម៉ូតូអូតូងាយស្រួលក្នុងការរៀន ព្រោះមានលេខស្វ័យប្រវត្តិ
កម្លាំងម៉ាស៊ីន
- ម៉ូតូចង្កឹះលេខជាមធ្យមមានកម្លាំងម៉ាស៊ីនចន្លោះពី ១៥០ សេសេទៅ ២ ០០០ សេសេ
- ម៉ូតូអូតូជាមធ្យមមានកម្លាំងម៉ាស៊ីនចន្លោះ ៥០ សេសេទៅ ២៥០ សេសេ
ល្បឿនអតិបរមា
- ប្រភេទម៉ូតូអូតូជាទូទៅអាចរត់បានល្បឿនអតិបរមាចន្លោះ ៦៤ ទៅ ១២០ គ.ម/ម៉
- ម៉ូតូប្រើចង្កឹះលេខ អាចរត់ដល់ល្បឿន ១៧៧ គ.ម/ម៉ (ប៉ុន្តែត្រូវគោរពច្បាប់នៃល្បឿនកំណត់ក្នុងការបើកបរ)
ការសន្សំសំចៃសាំង
- ភាគច្រើននៃម៉ូតូចង្កឹះលេខ ក្នុងមួយលីត្រអាចជិះបានប្រហែល ៣០ ទៅ ៤០ គ.ម/លីត្រ
- ម៉ូតូអូតូជួយសន្សំសំចៃសាំងជាង ដោយខ្លះម៉ាស៊ីនច្រើនប្រើប៊ិច FI ស៊ីសាំងតិច អាចជិះបានដល់ជាង ៦០គ.ម/លីត្រ
ទំហំធុងសាំង
- ម៉ូតូចង្កឹះលេខមានធុងសាំងធំជាង អាចផ្ទុកបានច្រើនធ្វើដំណើរផ្លូវឆ្ងាយងាយស្រួល
- ម៉ូតូអូតូមានធុងសាំងតូច សាកសមក្នុងការធ្វើដំណើរក្នុងក្រុងបានយ៉ាងល្អ
តម្លៃ (ទីផ្សារកម្ពុជា)
- ជាមធ្យមម៉ូតូចង្កឹះលេខពីធន់កណ្ដាលដល់ធន់ខ្ពស់ (ថ្មី) តម្លៃចន្លោះពីជាង ១ ៥០០ដុល្លារដល់ ៥ ០០០ ដុល្លារ ឬអាចខ្ពស់ជាងនោះ។
- ម៉ូតូអូតូពេញនិយមក្នុងទីផ្សារកម្ពុជា ដូចជាគេនិយមហៅកូនទាមានក្រោម ១ ពាន់ដុល្លារក៏អាចទិញបាន ឬលើសពីនោះដល់ក្បែរ ៤ពាន់ដុល្លារជាងក៏មាន។
សមត្ថភាពផ្ទុកឥវ៉ាន់
- ម៉ូតូចង្កឹះលេខមានឃ្លុបទុកឥវ៉ាន់តូចនៅខាងក្រោមកែប
- ម៉ូតូអូតូមានឃ្លុបទុកឥវ៉ាន់ធំនៅខាងក្រោមកែប
ការថែទាំ
- អាចនិយាយថាម៉ូតូចង្កឹះលេខធន់កណ្ដាល ដូចជាអាសង់ (ហុងដាឌ្រីម) មិនសូវចំណាយថ្លៃថែទាំប៉ុន្មានទេក្នុងមួយខែៗ ដោយជាញឹកញយត្រឹមតែប្ដូរប្រេងម៉ាស៊ីន រឹតហ្រ្វាំងនិងច្រវាក់តែប៉ុណ្ណឹងឯង
- ចំពោះម៉ូតូអូតូ ត្រូវចំណាយលុយច្រើនជាងលើការថែរក្សា ក្រៅពីប្តូរប្រេងម៉ាស៊ីន ទៀតសោតត្រូវប្តូរប្រេងហ្រ្វាំង, ប្រេងកាឡេ, គោះសំអាតសំបុក Air ដែលចំណុចទាំងនេះសុទ្ធចាំបាច់ក្នុងការថែទាំ
សុវត្ថិភាពក្នុងការបើកបរ
- ម៉ូតូទាំងពីរប្រភេទ សុទ្ធសឹងតែទាមទារការសិក្សានិងចំណេះដឹងខ្ពស់ នៃច្បាប់ចរាចរណ៍ជៀសវាងមានបញ្ហាលើដងវិថី។ នាឆ្នាំ ២០១៣ របាយការណ៍មួយនៅសហរដ្ឋអាមេរិកបានបង្ហាញទាំងម៉ូតូចង្កឹះលេខនិងអូតូ បូកបញ្ចូលគ្នាមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨៨,០០០ ដង។
-
សរុបជារួមប្រសិនបើអ្នកគ្រាន់តែទិញសម្រាប់ធ្វើដំណើរក្នុងក្រុងជាធម្មតាឬសិស្សនិស្សិត ជម្រើសល្អគួរទិញម៉ូតូអូតូប្រសើរជាង ស្របពេលក្រៅពីងាយស្រួលបើកបរ ទៀតសោតក៏ជួយសន្សំសំចៃសាំងបន្តិចដែរ ថ្វីបើការចំណាយលើការថែទាំខ្ពស់បន្តិចក្តី។ ផ្ទុយទៅវិញប្រសិនបើអ្នកទិញសម្រាប់បើកបរផ្លូវឆ្ងាយ និងមិនសូវខ្វល់ខ្វាយលើការថែទាំច្រើន ជម្រើសនៃម៉ូតូចង្កឹះលេខគឺល្អបំផុត។
ខណៈតម្លៃបើនិយាយជារួមម៉ូតូចង្កឹះលេខស៊េរីក្រោយ ធូរថ្លៃជាង ស៊េរីម៉ូតូអូតូ ប៉ុន្តែបើលក់ចេញទៅវិញអ្នកត្រូវចាំថាម៉ូតូអូតូក៏ត្រូវខាតជាងរាងខ្ពស់បន្តិចដែរ៕