បើក​បរ​ខុស​ច្រើន​ដង​អស់​១២​ពិន្ទុ​ត្រូវ​រៀន​និងប្រឡង​យក​បណ្ណ​សារ​ថ្មី​ ពេល App ក្រសួងប្រកាសចេញ

  • 2021-10-04 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើក​បរ​ ​ឬ Driver’s License Point Deduction Mobile App ​កំពុង​ស្ថិត​​ក្នុង​ដំណាក់កាល​ត្រួត​ពិនិត្យ​ ​និង​ធ្វើ​បទ​បង្ហាញ​ដើម្បី​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

ទេស​រដ្ឋ​មន្ត្រី​ ​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន

លោក ស៊ុន ចាន់ថុល ​ទេស​រដ្ឋ​មន្ត្រី​ ​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ធ្លាប់លើកឡើងថា៖ **«​គំនិតផ្តួចផ្តើមនេះធ្វើឡើងដើម្បីដើម្បីទប់ស្កាត់ និងកាត់បន្ថយអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បណ្តាលមកពីអ្នកបើកបរយានយន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។»**

​កម្មវិធី​នេះមានសមត្ថភាព​អាច​ចាប់​យក​រូបភាព​យានយន្តបើកបរល្មើសនឹងច្បាប់ ដោយការស្កេនលើបណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញា ជាដើម។​

រូបភាពកម្មវិធី ផ្នែកខាងមុខ
រូបភាពកម្មវិធី ផ្នែកខាងក្នុង
លំហូរឬលំនាំដែលនឹងមាននៅក្នុងកម្មវិធី

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងរួចរាល់ហើយ កំណត់ឱ្យគ្រប់បណ្ណបើកបរត្រូវមានពិន្ទុសរុប ១២ ពិន្ទុ។ ចំនួនពិន្ទុ នឹងត្រូវកាត់បន្ថយទៅលើ ស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ គិតចាប់ពី ១ ដល់៦ពិន្ទុ។

ក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបររបស់លោកអ្នកត្រូវទុកជាមោឃៈហើយ។ បើអ្នកបើកបរចង់បានបណ្ណបើកបរថ្មី ដូចនេះត្រូវរៀននិងប្រឡងយកបណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច ៦ ខែដោយគិតចាប់ពីថ្ងៃដែលបណ្ណបើកបរនោះត្រូវទុកជាមោឃៈ។

​-មាត្រាទី ៤៣ និង៤៤ ​នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​

​គ្រប់​បណ្ណបើកបរ​​ត្រូវ​មាន​បណ្ណ​ពិន្ទុ​ដែល​មាន​ពិន្ទុ​សរុប​ចំនួន១២ពិន្ទុ។ ក្នុង​ករណី​​ប្រព្រឹត្ត​បទល្មើស​ម្ដង​ការកាត់​ពិន្ទុ​មិន​ត្រូវ​ឲ្យ​លើស​ពី ​៨ ពិន្ទុ​ឡើយ។​ ​ចំនួន​ពិន្ទុ​ត្រូវ​កាត់​បន្ថយ​នៅ​ពេល​ប្រព្រឹត្តបទល្មើស​ចរាចរណ៍​ដែល​មាន​ដូច​ខាងក្រោម៖​

​ក)-ត្រូវ​កាត់បន្ថយ១ពិន្ទុ​ករណី

-​មិន​ពាក់ខ្សែក្រវ៉ាត់​ ​ឬមួក​សុវត្ថិភាព​

-ប្រើ​ភ្លើង​ហ្វា​នៅ​ពេល​ជួប​យាន​មក​ពី​ទិញ​ផ្ទុយ​

-បើកបរ​ជាន់​តាម​ខ្សែ​គំនូស​បង្ហូត​កណ្ដាល​ទ្រូង​ផ្លូវ​

-​បើកបរ​លើស​ល្បឿន​កំណត់​ចាប់​ពី​១-១៩គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​

-​បើក​បរ​នៅ​ពេល​យប់​ដោយ​គ្មាន​ភ្លើង​គ្រប់គ្រាន់​តាម​ប្រភេទ​យាន​យន្ត​

-​ផ្ទុក​មនុស្ស​លើស​កំណត់​

​ខ)-ត្រូវ​កាត់​បន្ថយ​២ពិន្ទុ​

-បើក​បរ​លើស​ល្បឿន​កំណត់​ចាប់​ពី​២០-២៩ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

-បើកបរ​បង្កើន​លឿន​នៅ​ពេល​គេ​កំពុង​ជែង​ខ្លួន

-បត់​ឆ្វេង​ ​ស្ដាំ​ មិន​បាន​ត្រឹមត្រូវ​

-បត់ត្រឡប់ក្រោយនៅកន្លែងហាមឃាត់

-មិនគោរពលក្ខខណ្ឌនៃបណ្ណបើកបរ

-បត់ឆ្វេង ស្ដាំ ឬឈប់មិនបានឲ្យសញ្ញាជាដំណឹង ជាដើម។

សូមអានបន្តនៅខាងក្រោម ឬ ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី

ចំពោះកាលបរិច្ឆេទ​ ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​ខាង​លើ​នេះ​អាចនឹងបង្ហាញនៅចុងឆ្នាំនេះឬឆ្នាំក្រោយ សូម​រង់ចាំ​បន្តិច​សិន​៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម